ទី​ក្រុង​ពេញ​និយម​ទាំង១០ អាច​មាន​គ្រោះ​ថ្នាក់​សម្រាប់​អ្នក​ទេសចរ

  • 2017-11-17 08:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ អ្នក​អាច​នឹង​ត្រូវ​គេ​លួច​កាបូប ឬ​ពុល​ចំណី​អាហារ​បាន​គ្រប់​ទី​កន្លែង​នៅ​ពេល​ដែល​អ្នក​ចេញ​ទៅ​ដើរ​លេង​ក្រៅ​ប្រទេស ប៉ុន្តែ​មាន​កន្លែង​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ជាង​កន្លែង​ធម្មតា។

ខាង​ក្រោម​នេះ​គឺ​ជា​ទី​ក្រុង​ទាំង ១០ ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ បើ​មិន​ដូច្នោះ​ទេ​អ្នក​នឹង​អាច​មាន​គ្រោះ​ថ្នាក់​ជា​មិន​ខាន ៖

១. ទី​ក្រុង បាសេឡូណា ប្រទេស​អេស្ប៉ាញ

ទី​ក្រុង​បាសេឡូណា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទី​ក្រុង​ដែល​សម្បូរ​ទៅ​ដោយ​ចោរ​លូក​ហោប៉ៅ​ច្រើន​បំផុត​ផុត​បន្ទាប់​ពី​ទី​ក្រុង: រ៉ូម(អ៊ីតាលី) Prague(ឆេក) និង ប៉ារីស(បារាំង) ។ ចោរ​លួច​ភាគ​ច្រើន​គឺ​នៅ​តាម​ដង​ផ្លូវ La Rambla ទី​ក្រុង​បាសេឡូណា។ ក្រៅ​ពី​នេះ​ពួក​គេ​ក៏​អាច​លួច​លុយ​ឬ​វត្ថុ​មាន​តម្លៃ​របស់​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ និង​សូម្បី​តែ​បន្ទប់​សណ្ឋាគារ​របស់​អ្នក​បាន​ផង​ដែរ។

២. ទីក្រុង Cairo ប្រទេស​អេហ្ស៊ីប

ទីក្រុង Cairo ជា​ទី​ក្រុង​មួយ​ដែល​មាន​គ្រោះថ្នាក់​បំផុត តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ស្ត្រី​ត្រូវ​បាន​រំលោភ​បំពាន​ផ្លូវ​ភេទ​ជា​ច្រើន​ករណី។ ចំណែក​ឯ​ស្ថាន​ការណ៍​នយោបាយ​ក្នុង​ប្រទេស​នេះ​ក៏​មិន​មាន​ស្ថិរភាព​ដែរ ហើយ​អាច​កើត​មាន​ហិង្សា​ជា​ញឹកញាប់។ ជា​ចុង​ក្រោយ ទី​ក្រុង​នេះ​សម្បូរ​ការ​បោក​ប្រាស់ ឧទាហរណ៍​ដូចជា​គេ​ប្រាប់​អ្នក​ថា​ការ​ជិះ​អូដ្ឋ​មាន​តម្លៃ ៥ដុល្លារ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ចុះ​ពី​អូដ្ឋ​គេ​ទារ​អ្នក ៥០ដុល្លារ។

៣. ទីក្រុង ប៉ាតាយ៉ា ប្រទេស​ថៃ

ទីក្រុង​ប៉ាតាយ៉ា​ត្រូវ​បាន​ទទួល​ស្គាល់​ថា​សម្បូរ​អាហារ​តាម​ផ្លូវ ប៉ុន្តែ​អ្នក​មិន​បាន​ដឹង​ទេ​ថា​អាហារ​ទាំង​នោះ​គ្មាន​អនាម័យ​និង​អាច​ធ្វើ​អោយ​អ្នក​ពុល​អាហារ​ភាគ​ច្រើន​ជា​គ្រឿង​សមុទ្រ និង​សូម្បី​តែ​សាច់​ជា​ដើម។ អ្នក​នៅ​ក្នុង​តំបន់​បរិភោគ​អាហារ​ទាំងអស់​ជាមួយ​គ្រឿង​ទេស​ជា​ច្រើន​ដើម្បី​សម្លាប់​មេរោគ ដូច្នេះ​ដើម្បី​មាន​សុវត្ថិភាព​អ្នក​គួរ​តែ​បរិភោគ​ឲ្យ​ដូច​អ្នក​ក្នុង​តំបន់។

៤. ទី​ក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង

ទី​ក្រុង Johannesburg ជា​ទី​ក្រុង​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​រើស​អើង។ ប្រសិន​បើ​អ្នក​ជា​ជនជាតិ​ស្បែក​ស អ្នក​គួរ​តែ​រក​តាក់ស៊ី​សម្រាប់​អ្នក​ស្បែក​ស​ជិះ បើ​មិន​ដូច្នោះ​ទេ មនុស្ស​គ្រប់​គ្នា​នឹង​សម្លឹង​មើល​មក​អ្នក ដោយ​សារ​នៅ​ទី​នេះ​មិន​សូវ​មាន​អ្នក​ដើរ​ទេ ដូច​បង្ហាញ​ក្នុង​រូបភាព​ស្រាប់។

៥. ទីក្រុង Naples ប្រទេស​អ៊ីតាលី

ទីក្រុង Naples ជា​ទីក្រុង​សម្បូរ​ចោរ​លូក​ហោប៉ៅ​ និង​ចោរ​ឆក់ ដែល​អាច​កើត​ឡើង​គ្រប់​ទី​កន្លែង​ក្នុង​ទីក្រុង។ លើស​ពី​នេះ​ទៀត អ្នក​នៅ​ក្នុង​តំបន់​ក៏​មាន​ល្បិច​ច្រើន​ផង​ដែរ ពួក​គេ​ធ្វើ​ជា​ជូត​សម្អាត​ឡាន​របស់​អ្នក បន្ទាប់​មក​ក៏​ទារ​លុយ​ពី​អ្នក។

៦. ទីក្រុង Tijuana ប្រទេស​ម៉ិកស៊ីកូ

ទី​ក្រុង Tijuana ស្ថិត​នៅ​លើ​ព្រំ​ប្រទល់​រវាង​ប្រទេស​ម៉ិកស៊ីកូ​និង​អាមេរិក​ដែល​ធ្វើ​អោយ​ប្រជាជន​អាមេរិក​ពេញ​និយម​មក​ទី​នេះ​សម្រាក​ថ្ងៃ​ចុង​សប្ដាហ៍។ ប៉ុន្តែ​វា​មិន​មែន​មាន​តែ​អ្នក​ទេសចរ​ដែល​មក​លេង​នោះ​ទេ ជន​ល្មើស​ជា​ច្រើន​ក៏​បាន​មក​ពី​សហរដ្ឋអាមេរិក​ហើយ​វា​ជា​ចំណុច​ឆ្លង​កាត់​សម្រាប់​អ្នក​លក់​គ្រឿង​ញៀន​ផង​ដែរ។

៧. ទីក្រុង Mumbai ប្រទេស​ឥណ្ឌា

អ្នក​ទេសចរ​ដែល​មក​លេង Mumbai ភាគ​ច្រើន​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​ក្រុម​អ្នក​សុំ​ទាន។ ហើយ​មាន​អ្នក​ខ្លះ​ទៀត​បន្លំ​ខ្លួន​ជា Yogis (អ្នក​ត្រាស់​ដឹង) ដើម្បី​លួច​លុយ​ពី​អ្នក​ទេសចរ។ ប្រទេស​ឥណ្ឌា​ក៏​ល្បី​ល្បាញ​ផង​ដែរ​ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​ស្ត្រី។ លើស​ពី​នេះ​ទៀត តំបន់​នេះ​គឺ​ជា​តំបន់​ក្ដៅ​និង​កខ្វក់ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺ និង​ពុល​ចំណី​អាហារ​បាន​យ៉ាង​ងាយ។

៨. ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល

សង្កាត់ Santa Teresa ក្នុង​ទី​ក្រុង Rio de Janeiro ជា​តំបន់​ដែល​គ្រោះ​ថ្នាក់​បំផុត​មួយ ដែល​អ្នក​មិន​គួរ​សម្ញែង​កាមេរ៉ា និង​ទូរសព្ទ​នោះ​ទេ ព្រោះ​ចោរ​ខ្លះ​នៅ​ទី​នេះ​អាច​នឹង​មាន​កាំបិត។ ជា​ការ​ពិត​ណាស់​អ្នក​មិន​គួរ​ដើរ​តែ​ឯង​នៅ​ពេល​យប់​ទេ តែ​ប្រសិន​បើ​អ្នក​ចង់​ទៅ​តំបន់​អ្នក​ក្រី​ក្រ​រស់​នៅ អ្នក​គួរ​តែ​មាន​អ្នក​នាំ​ផ្លូវ​ទៅ​ជាមួយ។

៩. ទីក្រុង ប៉ារីស ប្រទេស​បារាំង

ប៉ារីស​មិន​មែន​ជា​ទីក្រុង​មាន​សុវត្ថិភាព​ដូច​ការ​គិត​របស់​អ្នក​នោះ​ទេ ដោយ​សារ​តែ​ទី​នេះ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ចោរ​លូក​ហោប៉ៅ ក្រុម​អ្នក​សុំ​ទាន និង​អ្នក​លក់​ដូរ​បោក​ប្រាស់​តាម​ផ្លូវ​ដែល​បង្ខំ​ឲ្យ​អ្នក​ទិញ​របស់​មិន​ត្រូវ​ការ។ ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត​នោះ​គឺ​អ្នក​មិន​ត្រូវ​និយាយ​រក​ពួក​គេ​ទេ។

១០. ទីក្រុង ឌូបៃ ប្រទេស​អារ៉ាប់រួម

ទោះ​បី​ជា ឌូបៃ ជា​ទី​ក្រុង​ដែល​ទំនើប​ជាង​ទីក្រុង​មូស្លីម​ផ្សេង តែ​អ្នក​គួរ​តែ​ចាំ​ថា​នៅ​ទី​នោះ​មាន​របៀប​ស្លៀក​ពាក់​សម្រាប់​ស្ត្រី។ ដើម្បី​ជៀស​វាង​ការ​សម្លឹង​មើល​មក​អ្នក ឬ​ក៏​អាច​ឈាន​ដល់​ការ​បំពាន​ផ្លូវ​ភេទ អ្នក​គួរ​តែ​ស្លៀកពាក់​ឲ្យ​ជិត​ៗ​ខ្លួន។ ក្រៅ​ពី​នេះ អ្នក​អាច​លំហែ​កាយ​បាន​ក្នុង​ទីធ្លា​សណ្ឋាគារ ដូចនេះ​អ្នក​នឹង​មាន​សុវត្ថិភាព៕

ប្រភព៖ Brightside   ប្រែសម្រួល៖ សុភារ័ត្ន