Pep ជាប់​ឈ្មោះ​ជា​​អ្នក​ចាត់​ការ PL ​ល្អ​បំផុត​ប្រចាំ​ខែ​តុលា

  • 2017-11-17 12:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ ​គណនី​ Twitter ផ្លូវ​ការ​របស់​លីគ​កំពូល​អង់គ្លេស​បាន​ប្រកាស​ថា អ្នក​ចាត់​ការ​ក្លឹប Manchester City លោក Pep Guardiola បាន​ជាប់​ឈ្មោះ​ជា​អ្នក​ចាត់​ការ​ល្អ​បំផុត​ក្នុង​លីគ​ប្រចាំ​ខែ​តុលា​កន្លង​ទៅ​នេះ។

  នេះ​ជា​លើក​ទី ៣​ហើយ​ ដែល​លោក​ Pep បាន​ឈ្នះ​រង្វាន់​មួយ​នេះ តាំង​ពី​មក​ដឹកនាំ​ក្លឹប Manchester City កាល​ពី​រដូវ​កាល​មុន ដោយ​ក្នុង​នោះ​លើក​ទី ១ លោក​បាន​ឈ្នះ​កាល​ពី​ខែ​កុម្ភៈ និង​មួយ​ទៀត​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​នេះ។     ក្នុង​ខែ​តុលា​កន្លង​ទៅ​នេះ អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​ដឹកនាំ​ក្លឹប​យក្ស​ផ្ទៃ​មេឃ​អង់គ្លេស​មួយ​នេះ​ឲ្យ​ឈ្នះ​ទាំង ៣​ប្រកួត​ដែល​ខ្លួន​លេង និង​ស៊ុត​ចូល​សរុប ១៣​គ្រាប់។ លទ្ធផល​ទាំង​នេះ​ជួយ​បង្កើន​ការ​នាំ​មុខ​របស់ Manchester City នៅ​ក្នុង​តារាង​លីគ ដោយ​សព្វ​ថ្ងៃ​ក្លឹប​មួយ​នេះ កំពុង​ឈរ​លេខ ១ មាន ៣១ ពិន្ទុ ពោល​គឺ ៨​ពិន្ទុ​លើ​ក្លឹប Manchester United ដែល​ឈរ​ចំណាត់​ថ្នាក់​បន្ទាប់។ ក្នុង​ចំណោម ៣​ប្រកួត​ដែល​លេង​ក្នុង​ខែ​តុលា Manchester City សុទ្ធ​តែ​ស៊ុត​ចូល​យ៉ាង​តិច​ចំនួន ៣គ្រាប់ ដោយ​ក្នុង​នោះ បំបាក់ Stoke ៧ ទល់ ២, ឈ្នះ Burnley ៣-០ និង​ទទួល​ជ័យជំនះ​លើ West Brom ក្នុង​លទ្ធផល​ ៣ទល់​នឹង ២។   សូម​បញ្ជាក់​ផង​ដែរ​ថា ក្លឹប Manchester City បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​តាំង​ពី​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​មក ដោយ​មិន​ទាន់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ​ទេ ក្នុង​លីគ​កំពូល​អង់គ្លេស ក្នុង​នោះ​ឈ្នះ​រហូត​ដល់​ទៅ ១០​ដង និង​ស្មើ​តែ​មួយ​ដង​ប៉ុណ្ណោះ​នៅ​ក្នុង​លីគ។ មិន​ត្រឹម​តែ​មាន​ទម្រង់​លេង​ល្អ​នៅ​អង់គ្លេស​នោះ​ទេ ក្លឹប​មួយ​នេះ​បាន​ពាំនាំ​យក​ទម្រង់​ខ្លាំង​នេះ​ទៅ UCL ថែម​ទៀត​ ដោយ​លេង​ឈ្នះ​ទាំង ៤​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​មួយ​នេះ ហើយ​កំពុង​ឈរ​លេខ ១​ក្នុង​ពូល​របស់​ខ្លួន៕

ប្រភព៖ Twitter   ប្រែសម្រួល៖ ហ៊ីម រស្មី