Toshiba ​កំពុង​ពិភាក្សា​លក់​អាជីវកម្ម​កុំព្យូទ័រ​ទៅ​ឱ្យ​ Asus

  • 2017-11-17 13:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ជប៉ុន​ Toshiba Corp ​បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​តៃវ៉ាន់​ Asustek Computer Inc ​ដើម្បី​លក់​អាជីវកម្ម​កុំព្យូទ័រ​របស់​ខ្លួន​ ។ នេះ​បើ​យោង​តាម​កាសែត​ជប៉ុន​ Nikkei ​រាយការណ៍​ឱ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ ។

 

ការ​លក់​អាជីវកម្ម​កុំព្យូទ័រ​ PC ​នេះ​គឺ​ជា​ផ្នែក​នៃ​ផែនការ​ស្ដារ​មុខ​មាត់​ឡើង​វិញ​ដ៏​ធំ​មួយ​របស់​ Toshiba ​ខណៈ​ខ្លួន​បាន​ព្យាយាម​បំពេញ​រាល់​ការ​ខាតបង់​លុយ​ទ្រង់ទ្រាយ​ធំ​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​រោងចក្រ​នុយក្លេអ៊ែរ​នៅ​អាមេរិក​ ។ បច្ចុប្បន្ន​ Asus ​គឺ​ជា​ក្រុមហ៊ុន​តូច​មួយ​ប្រតិបត្តិការ​លក់​ PC ​លើ​ទីផ្សារ​ដោយ​សង្ឃឹម​ថា​នឹង​ចាប់​ដៃ​ជាមួយ​ Toshiba ​ដែល​មាន​ទីផ្សារ​រឹងមាំ​ក្នុង​ទឹក​ដី​អាមេរិក​និង​អឺរ៉ុប​ស្រាប់​ដូច្នេះ​ងាយ​ស្រួល​ពង្រីក​ខ្លួន​ ។ ដោយឡែក​ក្រុមហ៊ុន​ចិន​ Lenovo Group ក៏​បាន​ចាប់​ចិត្ត​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ដែរ​តែ​ការ​ពិភាក្សា​ដូច​ជា​មិន​អំណោយ​ផល​សោះ​ ។

ក្រុមហ៊ុន​ Toshiba​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​កាល​ពី​ខែ​កញ្ញា​ដើម្បី​លក់​អាជីវកម្ម​អង្គ​ចងចាំ​ម៉េម៉ូរី​ទៅ​ឱ្យ​ក្រុមហ៊ុន​សម្ព័ន្ធ​ជប៉ុន​-​អាមេរិក​-​កូរ៉េ​ខាងត្បូង​ ហើយ​កាល​ពី​ថ្ងៃ​អង្គារ​ថ្មីៗ​នេះ​ Toshiba​បាន​ប្រកាស​លក់​អាជីវកម្ម​ទូរទស្សន៍​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ Hisense Electric ។

គួរ​រំឭក​ថា​ អាជីវកម្ម​ PC ​របស់​ Toshiba ​បាន​ធ្លាក់​ចុះ​ប្រមាណ​ ៥០០ ​លាន​យ៉េន​លើ​ការ​លក់​តម្លៃ​ ១៩១,៨ ​លាន​យ៉េន​ក្នុង​ឆ្នាំ​នេះ​ដែល​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី​៣១​មិនា​ ។ ការ​ខាតបង់​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​រហូត​ដល់​ ៥ ​ប៊ីលាន​យ៉េន​សម្រាប់​ឆ្នាំ​សារពើ​ពន្ធ​ ២០១៧ ​ព្រោះ​ការ​លក់​បន្ត​ដាំ​ក្បាល​ចុះ​ ។

ក្រុមហ៊ុន​ Toshiba ​បាន​លក់​ PC ​ចំនួន​ ១,៨ លាន​គ្រឿង​រៀងរាល់​ឆ្នាំ ​ដោយ​មាន​ចំណែក​ទីផ្សារ​ជា​សកល​ត្រឹម​តែ​ ១% ​តែ​ប៉ុណ្ណោះ​ខណៈ​អតិថិជន​បាន​ប្ដូរ​ទៅ​ប្រើ​ផលិតផល​របស់​ក្រុមហ៊ុន​ HP ​និង​ Lenovo ​វិញ​ម្តង​ ។ ទន្ទឹម​គ្នា​នេះ​ដែរ​ដៃគូ​ផលិត​ក្នុង​ស្រុក​ដូចជា​ក្រុមហ៊ុន​ NEC ​និង​ Fujitsu ​សុទ្ធ​តែ​បាន​លក់​អាជីវកម្ម​របស់​ពួក​គេ​ទៅ​ឱ្យ​ Lenovo ៕

ប្រភព៖ Asia.Nikkei   ប្រែសម្រួល៖ សិ​រី​បុ​ទ្រ

អត្ថបទពេញនិយម