ស្ត្រី​គប់​ថង់​ស៊ុប​ទៅ​អ្នក​លក់​ល្បី​ពេញ​អ៊ីនធឺណិត​ថ្ងៃ​មុន ជាប់​ចោទ​ពី​បទ​អំពើ​ហិង្សា​ហើយ

  • 2017-11-17 13:47:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន វីដេអូ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​គប់​ថង់​ស៊ុប​ទៅ​អ្នក​លក់ បន្ទាប់​ពី​ខឹង​អ្នក​លក់​ដាក់​ស៊ុប​តិច​ពេក បាន​ល្បី​ពេញ​បណ្ដាញ​សង្គម។ ទោះ​ជា​យ៉ាង​ណា​ កាល​ពី​ពេល​ថ្មីៗ​នេះ ស្ត្រី​ដៃ​ដល់​រូប​នេះ ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​អំពើ​ហិង្សា និង​ត្រូវ​សង​ជំងឺ​ចិត្ត​ទៅ​ស្ត្រី​រង​គ្រោះ​ជា​អ្នក​លក់​ស៊ុប​ជាង ៦០០​ដុល្លារ​សហរដ្ឋអាមេរិក។

ស្ត្រី​ដៃ​ដល់​រូប​នេះ មាន​ឈ្មោះ​ថា Naruemon Wanlee បាន​យល់​ព្រម​ក្នុង​ការ​សង​ថ្លៃ​ជំងឺ​ចិត្ត​ទៅ​ស្ត្រី​ឈ្មោះ Kham Loongtah ដែល​ជា​ជន​រង​គ្រោះ បន្ទាប់​ពី​ការ​ចោល​ថង់​ស៊ុប​ក្ដៅ​នេះ បណ្ដាល​ឲ្យ Kham ដែល​ជា​អ្នក​លក់​ស៊ុប រង​របួស​រលាក​ក និង​ទ្រូង​ជា​ទម្ងន់។   តាម​ពិត​ទៅ បើ​តាម​សម្ដី Kham ដែល​ជា​ស្ត្រី​ជន​រង​គ្រោះ​ ហេតុការណ៍​មួយ​នេះ កើត​ឡើង​នៅ​ឈៀងម៉ៃ ប្រទេស​ថៃ តាំង​ពី​ថ្ងៃ​ទី ៤​ខែ​វិច្ឆិកា​មក​ម្ល៉េះ ដោយ​ពេល​នោះ​ស្ត្រី​ដៃ​ដល់ Naruemon បាន​មក​កុម្ម៉ង់​ខ្ចប់​ម្ហូប Khanom Chin Nam Ngiao (នំ​បញ្ចុក​លាយ​ជាមួយ​ស៊ុប​សាច់​ជ្រូក)។ នៅ​ពេល​ខ្ចប់​ហើយ ស្ត្រី​វ័យ​ក្មេង​ជា​ជន​ដៃ​ដល់ បាន​ស្នើ​សុំ​ឲ្យ​ដាក់​ស៊ុប​ក្នុង​ថង់​ធំ​ជាង​ហ្នឹង ហើយ​ដាក់​ទឹក​ស៊ុប​ថែម​ទៀត តែ​ Kham ថា​ហាង​របស់​ខ្លួន​មាន​ថង់​តែ​ទំហំ​ប៉ុណ្ណឹង​។ ខឹង​ពេក ស្ត្រី​ដៃ​ដល់​ក៏​បាន​ធ្វើ​សកម្មភាព​ជះ​ថង់​ស៊ុប​ក្ដៅ​ ទៅ​កាន់ Kham តែ​ម្ដង។

ស្ត្រី​ឈ្មោះ​ Kham ជា​ជន​រង​គ្រោះ បាន​ទាមទារ​ឲ្យ​មាន​ការ​បង់​ថ្លៃ​សង​ជំងឺ​ចិត្ត​ដើម្បី​រាប់​រង​ថ្លៃ​ព្យាបាល​របួស​រលាក​របស់​ខ្លួន និង​ថ្លៃ​ចំណូល​របស់​ខ្លួន​ដែល​បាន​ខាត​បង់​ជាង ១០​ថ្ងៃ​អំឡុង​ពេល​ស្នាក់​នៅ​មន្ទីរពេទ្យ។   ស្ត្រី​រង​គ្រោះ​ និង​ស្ត្រី​ដៃ​ដល់​ បាន​ជួប​គ្នា​នៅ​ប៉ុស្តិ៍​ប៉ូលិស Chang Phuek កាល​ពី​ថ្ងៃ​ពុធ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​មួយ​នេះ។ ទោះ​ជា​យ៉ាង​ណា រឿង​មិន​ទាន់​ចប់​ជា​ស្ថាពរ​ឡើយ ដោយ​ជន​ដៃ​ដល់Naruemon ត្រូវ​បាន​ ជាប់​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា។ ប៉ូលិស​កំពុង​រង់ចាំ​របាយការណ៍​ពី​គ្រូ​ពេទ្យ​ដែល​ព្យាបាល​ជន​រង​គ្រោះ មុន​នឹង​បញ្ជូន​សំណុំ​រឿង​មួយ​នេះ​ទៅ​ស្ថាប័ន​ខាង​លើ​ទៀត​ដើម្បី​ដោះ​ស្រាយ​តាម​នីតិវិធី​ច្បាប់។   ក្នុង​អំឡុង​ពេល​នៅ​ប៉ុស្តិ៍​នោះ ពេល​សួរ​ដោយ​អ្នក​សារព័ត៌មាន​អំពី​រឿង​គប់​ថង់​ស៊ុប​នោះ ជន​ដៃ​ដល់ Naruemon បាន​បដិសេធ​ក្នុង​ការ​បក​ស្រាយ​រឿង​នេះ ហើយ​បែរ​ជា​បាន​លើក​ដៃ​សំពះ រួច​និយាយ​ថា៖ "ខ្ញុំ​មិន​ធ្វើ​អ៊ីចឹង​ទៀត​ទេ"។ ចំណែក​ឯ​ជន​រង​គ្រោះ​ Kham វិញ​ក៏​បាន​សម្ដែង​ការ​លើក​លែង​ទោស​ឲ្យ​ជន​ដៃ​ដល់ ហើយ​ថា​ខ្លួន​មិន​គុំកួន​អ្វី​ទៀត​ឡើយ​ក្នុង​រឿង​នេះ៕

ទស្សនា​វីដេអូ​៖

ប្រភព៖ Coconut   ប្រែសម្រួល៖ ហ៊ីម រស្មី