Willian សារភាព​ថា Chelsea ពិបាករក្សា​ពាន PL រដូវ​កាល​នេះ

  • 2017-11-17 14:01:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស្លាប Willian ក្នុង​ថ្ងៃ​នេះ​បាន​និយាយ​ថា ក្លឹប​តោ​ខៀវ​មាន​ការ​លំបាក​ក្នុង​ការពារ​តំណែង​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​ក្នុង​រដូវ​កាល​នេះ។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បាន​ថ្លែង​ប្រាប់ Football Focus របស់​ BBC ថា៖ "វា​ពិត​ជា​លំបាក​ណាស់ ក្នុង​ការ​លេង​ក្នុង​ឋានៈ​ជា​ជើង​ឯក​កាល​ពី​រដូវ​កាល​មុន។ វា​ជា​រឿង​ពិបាក​ណាស់​ក្នុង​ការ​ការពារ​តំណែង​មួយ​នេះ នៅ​ពេល​ដែល​គ្រប់​ក្រុម​ទាំង​អស់​សុទ្ធ​តែ​ចង់​ឈ្នះ Chelsea"។ ខ្សែ​ស្លាប​រត់​លឿន​រូប​នេះ បាន​បន្ត​ទៀត​ថា៖ "អ្វី​ជា​រឿង​លំបាក​មួយ​ទៀត​នោះ គឺ​ថា ក្លឹប Manchester City កំពុង​តែ​លេង​បាន​ល្អ​ខ្លាំង​ណាស់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ខ្ញុំ​គិត​ថា យើង​នៅ​តែ​ខំ​ប្រឹង​ប្រែង​រហូត​ដល់​ទី​បញ្ចប់​អ៊ីចឹង​ដើម្បី​ឈ្នះ​ពាន​មួយ​នេះ"។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​រដូវ​កាល​មុន ​លោក Antonio Conte បាន​ជួយ​ឲ្យ​ក្លឹប​តោ​ខៀវ Chelsea លើក​ពាន​លីគ​កំពូល​អង់គ្លេស ក្នុង​រដូវ​កាល​ដំបូង​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា ក្នុង​រដូវ​កាល​ថ្មី​នេះ Chelsea បាន​ចាញ់​បី​លើក​រួច​បាត់​ទៅ​ហើយ ក្នុង​ការ​ប្រកួត ១១​លើក​ដំបូង​របស់​ខ្លួន​ក្នុង​លីគ ធ្វើ​ឲ្យ​ក្លឹប​មួយ​នេះ​នា​ពេល​បច្ចុប្បន្ន​ឈរ​លេខ ៤ មាន​ ២២ ពិន្ទុ ពោល​គឺ​៩ ពិន្ទុ​ពី​ក្រោយ Manchester City ដែល​កំពុង​ឈរ​កំពូល​តារាង៕

ប្រភព៖ Mirror   ប្រែសម្រួល៖ ហ៊ីម រស្មី