ច្បាប់​ន័រវែស​ផាក​តាម​ទ្រព្យ ធ្វើ​ឲ្យ​មហាសេដ្ឋី​អស់ ៣​ម៉ឺន​ដុល្លារ ព្រោះ​បើក​បរ​ពេល​ស្រវឹង

  • 2017-11-18 03:46:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​វ័យ​ក្មេង​បំផុត​លំដាប់​ទី២ លើ​លោក បាន​រង​ការ​ផាក​ពិន័យ​ប្រមាណ ៣​ម៉ឺន​ដុល្លារ ដោយ​សារ​តែ​បើក​បរ​បន្ទាប់​ពី​ទទួល​ទាន​គ្រឿង​ស្រវឹង។ ការ​ផាក​ពិន័យ​ច្រើន​បែប​នេះ គឺ​ដោយ​សារ​ច្បាប់​ប្រទេស​ន័រវែស ផាក​ពិន័យ​តាម​ទំហំ​ទ្រព្យ​សម្បត្តិ។

មហាសេដ្ឋី​វ័យ ២២​ឆ្នាំ Katharina Andresen អាច​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ១,២៣​ប៊ីលាន​ដុល្លារ ដែល​ទទួល​បាន​ពី​ឪពុក។ តាម​ច្បាប់​ប្រទេស​ន័រវែស ដែល​ផាក​ពិន័យ​តាម​ទំហំ​ទ្រព្យ​សម្បត្តិ Katharina Andresen អាច​នឹង​ត្រូវ​ផាក​ជិត ៥​លាន​ដុល្លារ​ឯ​ណោះ។ ប៉ុន្តែ​ដោយសារ​ទ្រព្យ​សម្បត្តិ​របស់​នាង ជា​ភាគហ៊ុន​ដែល​ចែក​ពី​ឪពុក ហើយ​នាង​មិន​មាន​ចំណូល​ច្បាស់​លាស់ ទើប​អាជ្ញាធរ​សម្រេច​ទម្លាក់​នៅ​ត្រឹម​ប្រមាណ ៣​ម៉ឺន​ដុល្លារ។

នាង Katharina Andresen បាន​ទទួល​ទាន​ជាតិ​អាល់កុល ៣​ដង​លើស​ច្បាប់​កំណត់។ ក្រៅ​ពី​ការ​ផាក​ពិន័យ មហាសេដ្ឋី​វ័យ​ក្មេង​រូប​នេះ ត្រូវ​បាន​ហាមឃាត់ មិន​ឲ្យ​បើកបរ​រយៈ​ពេល ១៣​ខែ និង​ទោស​ជាប់​ពន្ធនាគារ ៣​សប្ដាហ៍ តែ​តុលាការ​សម្រេច​អនុញ្ញាត​ឲ្យ​ព្យួរ​ទោស។ នាង Katharina ផ្ទាល់ ក៏​បាន​ទទួល​ស្គាល់​នូវ​កំហុស​នេះ​ដែរ។

កាល​ពី​ឆ្នាំ​២០០៥ ស្ត្រី​ន័រវែស​ម្នាក់ ក៏​បាន​រង​ការ​ផាក​ពិន័យ​ជាង ៥​ម៉ឺន​ដុល្លារ ដោយសារ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​អនុវត្ត​ការ​ផាក​ពិន័យ​តាម​ទ្រព្យ​សម្បត្តិ​នេះ​ដែរ ហើយ​នោះ​ជា​ការ​ផាក​ពិន័យ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​នៅ​ន័រវែស៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ គង់ វិសាល