អត់​លុយ​សង​ធនាគារ ទូរសព្ទ​ទៅ​ប៉ូលិស​ថា​មាន​គេ​បង្កៃ​គ្រាប់​បែក ​ដើម្បី​ឲ្យ​ធនាគារ​បិទ​ទ្វារ​អត់​ធ្វើការ

  • 2017-11-18 06:19:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ម្នាក់​បាន​ទូរសព្ទ​ទៅ​ប៉ូលិស​ដោយ​និយាយ​កុហក​ថា មាន​គ្រាប់បែក​បង្កប់​នៅ​សាខា​ធនាគារ HSBCក្នុង​សង្កាត់​Walthamstow ក្នុង​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស ដោយ​សង្ឃឹម​ថា​នឹង​​អាច​គេច​ពី​បំណុល​ដែល​នាង​ត្រូវ​ដល់​ថ្ងៃ​សង​ធនាគារ នូវ​ទឹក​ប្រាក់ ២០ ០០០ ផោន (ប្រហែល ២៦ ០០០ ដុល្លារ)។

ស្ត្រី​វ័យ ៥១ ឆ្នាំ ឈ្មោះ Roseane Craig បាន​ទូរសព្ទ​ទៅ​ប៉ូលិស​​ពី​ការិយាល័យ​​ធ្វើការ​របស់​នាង អំពី​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នេះ។ ​បន្ទាប់​ពី​ធ្វើ​ការ​ឆែកឆេរ​អស់​ជាង​២០​នាទី ប៉ូលិស​សន្និដ្ឋាន​ថា វា​ជា​ការ​ប្រាប់​ព័ត៌មាន​កុហក។ អ្នក​គ្រប់គ្រង​ធនាគារ​បាន​ប្រាប់​ប៉ូលិស​ថា លោក​បាន​ឲ្យ​​បុគ្គលិក​​ដាក់​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត និង សម្រាក​ពេញ​មួយ​ថ្ងៃ។

ការ​ហៅ​នេះ​ត្រូវ​បាន​ប៉ូលិស​​រក​ឃើញ​ថា​ចេញ​មក​ពី​កន្លែង​ធ្វើ​ការ​របស់ Craig ហើយ​ប៉ូលិស​បាន​ទៅ​ដល់​ទី​នោះ។ ​រាល់​សំនួរ​ទាំង​អស់​របស់​ប៉ូលិស នាង​ឆ្លើយ​ថា "គ្មាន​យោបល់"។ ហេតុការណ៍​បាន​កើត​ឡើង​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៦ ហើយ​តុលាការ​ទើប​​កាត់​ទោស​​នាង​នៅ​ឆ្នាំ​២០១៧ នេះ។ ​

Roseane Craig

មេធាវី​ការពារ​ក្តី​របស់​ Craig ឈ្មោះ Michael Smith បាន​និយាយ​ថា​តាម​រយៈ​សកម្មភាព​នេះ​ កូន​ក្ដី​របស់​គាត់​ត្រូវ​តែ​កាត់​ទោស​ភ្លាមៗ​នឹង​បញ្ជូន​ទៅ​​ពន្ធនាគារ ប៉ុន្តែ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​​ផលវិបាក​ខាង​ផ្លូវ​ចិត្ត​មិន​អាច​រក​លុយ​ភ្លាមៗ​ដើម្បី​សង​ធនាគារ ​មេធាវី​រូប​នោះ​​បាន​សុំ​ឲ្យ​ចៅក្រម​ចាត់​ទុក​ថា​វា​ជា​ករណី​ពិសេស​។

អ្នក​ស្រី​ Craig ជា​មនុស្ស​ឆ្លាត​វៃ​ម្នាក់​ បាន​បញ្ចប់​សញ្ញាប័ត្រ​ពី​សាលា ហើយ​គាត់​ដឹង​ថា ធ្វើ​បែប​នេះ​ក៏​វា​គ្មាន​ផល​ចំណេញ​អ្វី​ដែរ ព្រោះ​ថា​បើ​ធនាគារ​បិទទ្វារ​ថ្ងៃ​ ស្អែក​គេ​នៅ​​តែ​ធ្វើ​ការ​ធម្មតា អ្នក​ស្រី​នៅ​តែ​មាន​កាតព្វកិច្ច​សង​លុយ​ជំពាក់ ប៉ុន្តែ​ពេល​នោះ​អ្នក​ស្រី​គិត​មិន​ដល់​ចំណុច​នេះ​ទេ។ មេធាវី​បន្ត។

យ៉ាង​ណា​ក្តី​ តុលាការ​បាន​សម្រេច​​ចិត្ត​ដាក់​ពន្ធនាគារ​អ្នក​ស្រី​រយៈ​ពេល​៨​ខែ​ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ព្យួរ​ទោស (មាន​ទោស​ប៉ុន្តែ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ) ដោយ​យោល​លើ​សំបុត្រ​ពេទ្យ​ដែល​បញ្ជាក់​ថា​អ្នក​ស្រី​ពិត​ជា​មាន​បញ្ហា​​ផ្លូវ​ចិត្ត​មែន។ ប៉ុន្តែ​អ្នក​ស្រី​ Craig ត្រូវ​ធ្វើ​ការ​សហគមន៍​រយៈពេល​៦០​ថ្ងៃ ហើយ​បើ​​អ្នក​ស្រី​មិន​រាង​ចាល ហើយ​ប្រព្រឹត្ត​បទល្មើស​ណា​មួយ​ នោះ​តុលាការ​នឹង​បញ្ជូន​ទៅ​ពន្ធនាគារ​ភ្លាម ព្រោះ​កន្លង​មក​អ្នក​ស្រី​បាន​ប្រព្រឹត្ត​ខុស ៤៩ លើក និង ត្រូវ​បាន​កាត់​ទោស​ ១១លើក។ ប្រភព​ខាង​លើ​បន្ត៕

ប្រភព៖ Mirror   ប្រែសម្រួល៖ សុខ លាងហ៊ត