សម្រុក​ទៅ​ទទួល​ជំនួយ​មាន​តម្លៃ ១៦​ដុល្លារ ជាន់​គ្នា​ស្លាប់ ១៥​នាក់នៅ​ម៉ារ៉ុក ​

  • 2017-11-20 02:39:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១៥​បាន​ស្លាប់​ និង​១០​នាក់​បាន​រង​របួស​ដោយ​សារ​ហេតុការណ៍​ជាន់​គ្នា​ក្នុង​ភូមិ​មួយ​នៅ​ប្រទេស ម៉ារ៉ុក កាល​ពី​ថ្ងៃ​អាទិត្យ ដោយសារ​សម្រុក​ទៅ​ទទួល​ជំនួយ​អាហារ​ដែល​មាន​តម្លៃ ១៦​ដុល្លារ។

តាម​អាជ្ញាធរ​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ទីក្រុង Sidi Boulalam ក្នុង​ខេត្ត Essaouira ខណៈ​ពេល​ដែល​អ្នក​ស្រុក​ទៅ​ទទួល​ជំនួយ​អាហារ​ពី​មូលនិធិ​សប្បុរសធម៌​ឯកជន​ក្នុង​ស្រុក។ គេហទំព័រ​ព័ត៌មាន​ក្នុង​ស្រុក​គួរ​ឲ្យ​ទុក​ចិត្ត Alyaoum24.com ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​មនុស្ស​ទាំង​នោះ​កំពុង​ប្រញាប់​ប្រញាល់​ទៅ​ទទួល​ជំនួយ​អាហារ​ដែល​មាន​តម្លៃ ១៦​ដុល្លារ​ក្នុង​ម្នាក់។

ព្រះ​មហាក្សត្រ Mohammad VI បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ទាំង​អស់​ជួយ​ជន​រង​គ្រោះ និង​គ្រួសារ​របស់​ពួក​គេ ហើយ​ព្រះ​អង្គ​ធានា​រ៉ាប់​រង​លើ​ការ​ចំណាយ​ទាំង​អស់​សម្រាប់​ការ​ព្យាបាល និង​ពិធី​បុណ្យ​សព​របស់​ជន​រង​គ្រោះ។

នាយក​សុខភាព​ប្រចាំ​តំបន់ លោក Khalid Zenjari បាន​ប្រាប់​កាសែត The Associated ថា​អ្នក​រង​របួស ៦​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីក្រុង​នៃ Essaouira ចម្ងាយ​ប្រហែល ៦០​គីឡូម៉ែត្រ និង ៤​នាក់​ទៀត​ត្រូវ​បាន​ព្យាបាល​ក្នុង​តំបន់​។

ថ្មី​ៗ​នេះ​គ្រោះ​រាំង​ស្ងួត​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​កសិកម្ម​របស់​ប្រទេស ម៉ារ៉ុក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​នៃ​ម្ហូប​អាហារ​កើន​ឡើង​ខ្ពស់ និង​ធ្វើ​អោយ​ប្រជាជន​ក្នុង​តំបន់​ដាច់ស្រយាល​ទាំង​នោះ​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់៕

ប្រភព៖ ABC News   ប្រែសម្រួល៖ សុភារ័ត្ន

អត្ថបទពេញនិយម