មេធាវី នី មុន្នីនាថ រំពឹង​កូន​ក្ដី​របស់​ខ្លួន​ឈ្នះ​ក្តី​លើ​​បណ្ដឹង​ឆបោក

  • 2017-11-20 05:08:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក រ៉ូ ប៊ីនណៃ មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា នី មុនីនាថ លើ​បណ្ដឹង​ឆបោក​ពី​សំណាក់​អតីត​គូ​ដណ្ដឹង​លោក អ៊ឹង សូឡាង រំពឹង​កូន​ក្ដី​របស់​លោក នឹង​ឈ្នះ​ក្ដី ហើយ​ទទួល​បាន​យុត្តិធម៌ ដែល​តុលាការ​គ្រោង​កោះ​ហៅ​ចូល​បំភ្លឺ ថ្ងៃទី ២២ ខែ​ វិច្ឆិកា ខាងមុខ។

លោក​មេធាវី​អះអាង​ដូច្នេះ ដោយសារ​លោក​មាន​ភស្តុតាង​គ្រប់គ្រាន់ អាច​បញ្ជាក់​បាន​ថា​កូន​ក្ដី​ខ្លួន មិន​បាន​ឆបោក​ដូច​ការចោទប្រកាន់ ពី​សំណាក់​អតីត​គូដណ្ដឹង​លោក អ៊ឹង សូឡាង នោះ​ទេ។ មេធាវី​រូប​នេះ​អះ​អាង​ថា កូន​ក្ដី​របស់​លោក​មាន​តែ​រង​ភាព​អាម៉ាស់ និង​ក្លាយ​ជា​មេម៉ាយ​ឥត​ខាន់​ស្លា​ទៅ​វិញ ចំពោះ​បណ្ដឹង​នេះ ព្រោះ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​កេរ្តិ៍​ឈ្មោះ​នៅ​ក្នុង​សង្គម។

តារាសម្តែង នី មុន្នីនាថ និងគូដណ្តឹង កាលនៅត្រូវគ្នា

ចំពោះ​ពាក្យ​បណ្ដឹង​ពី​សំណាក់​លោក អ៊ឹង សូឡាង ដែល​ប្ដឹង​ទាមទារ​សំណង​ពី​កូន​ក្ដី​របស់​លោក​រហូត​ដល់ ១២ម៉ឺន​ដុល្លារ​នោះ គឺ​ជា​រឿង​មួយ​មិន​អាច​ទៅ​រួច។

យ៉ាង​ណា​លោក មេធាវី រ៉ូ ប៊ីនណៃ ទទួល​ស្គាល់​ថា រយៈ ៤ឆ្នាំ​ក្នុង​នាម​ជា​គូ​ដណ្ដឹង​ពិត​ជា​មាន​ផ្ដល់​ឱ្យ​គ្នា​តិច​តួច​រឿង​លុយ​កាក់​នេះ តែ​មិន​ដល់​ថ្នាក់​ជាង ១២ម៉ឺន​ដុល្លារ​ដូច​ការ​ចោទ និង​ដាក់​ពាក្យ​ប្ដឹង​ឡើយ។ មេធាវី​រូប​នេះ ជឿជាក់​លើ​តុលាការ​ថា នឹង​ផ្ដល់​ភាព​យុត្តិធម៌​ជូន​កូន​ក្ដី​របស់​ខ្លួន ហើយ​ប្រសិន​បើ​តុលាការ​សម្រេច​ឱ្យ​កូន​ក្ដី​លោក​ឈ្នះ​ពិត​មែន លោក​នឹង​ប្ដឹង​បក​ទៅ​កាន់​អតីត​គូ​ដណ្ដឹង​វិញ ពី​បទ​ធ្វើ​ឱ្យ​ប៉ះ​ពាល់ និង​ខូច​កេរ្តិ៍​ឈ្មោះ​កូន​ក្ដី​របស់​ខ្លួន។

ដីកាកោះហៅ នី មុន្នីនាថ ទៅសាលាដំបូងរាជធានីភ្នំពេញ

តារាស្រី​កញ្ញា នី មុនីនាថ ត្រូវ​បាន​ចៅ​ក្រម​ឈ្មោះ អ៊ុក សុវណ្ណារិទ្ធ ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី ២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លើ​ករណី​បណ្តឹង​អតីត​គូ​ដណ្តឹង​លោក អ៊ឹង សូឡាង។

លោក អ៊ឹង សូឡាង ​បាន​ប្តឹង​ទាមទារ​សំណង​សរុប​មាន​ចំនួន ១២ម៉ឺនដុល្លារ ពី​កញ្ញា នី មុនីនាថ។ ដោយ​ក្នុង​នោះ​លោក​បាន​ទាមទារ​ឲ្យ នី មុនីនាថ សង​ប្រាក់​ចំនួន ៧ម៉ឺនដុល្លារ និង​សំណង​ជំងឺ​ចិត្ត​ចំនួន ៥ម៉ឺនដុល្លារ៕

អត្ថបទៈ ចរិយា

អត្ថបទពេញនិយម