ស្រីៗ​ចង់​ធ្វើ​ស្ថាបត្យករ ត្រូវ​ត្រៀម​ចិត្ត​ខ្លាំង​បំផុត​ត្រង់​ចំណុច​នេះ បើ​ចង់​ជោគជ័យ

  • 2017-11-20 09:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ធ្វើ​ការ​ផ្នែក​ស្ថាបត្យកម្ម (Architecture) អ្នក​ត្រូវ​ត្រៀម​ឆ្លង​កាត់​ការ​លត់ដំ​លំបាកៗ​ជា​ច្រើន។ បើ​ជា​ស្រី​ទៀត អ្នក​ត្រូវ​ត្រៀម​ចិត្ត​ត្រៀម​កាយ​មួយ​ទ្វេ​ជា​ពីរ​ឯណោះ បើ​ចង់​ជោគជ័យ​លើ​វិស័យ​ដែល​សម្បូរ​សុទ្ធ​តែ​មនុស្ស​ប្រុស មួយ​នេះ។

ការងារ​ប្រភេទ​នេះ មាន​ការ​លំបាក​ច្រើន ជា​ពិសេស​សម្រាប់​ស្រីៗ​តែ​ម្ដង។ ប៉ុន្តែ បើ​ស្រីៗ​មាន​ដុង ឬ​ស្រឡាញ់​ខាង​ស្ថាបត្យកម្ម ហើយ​ចង់​ជោគជ័យ គេ​ត្រូវ​ត្រៀម​ចិត្ត​ខ្លាំង​បំផុត គឺ​សម្រស់។ នេះ​បើ​យោង​តាម​កញ្ញា កែវ បូរ៉ា ស្ថាបត្យករ​វ័យ​ក្មេង​របស់ Phnom Penh City Center ដែល​បាន​លើក​ឡើង​ក្នុង​កម្មវិធី​ចែក​រំលែក​បទ​ពិសោធ Small Talk ក្រោម​ប្រធាន​បទ «ស្ត្រី​នៅ​ក្នុង​វិស័យ​ស្ថាបត្យកម្ម» កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​សាលា​បច្ចេកទេស ដុនបូស្កូ។

ស្ថាបត្យករ​វ័យ ៣០ ឆ្នាំ​រូប​នេះ និយាយ​ថា៖ "ការងារ​នេះ មិន​ត្រឹម​តែ​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​ក្នុង Office តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឧស្សាហ៍​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ដល់​កន្លែង​ទៀត​ផង។ អ៊ីចឹង បើ​ជា​ស្ត្រី ត្រូវ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ឲ្យ​ហើយ​ទៅ​រឿង សម្រស់។ អាច​ខ្មៅ មុខ​ឡើង​ខ្លាញ់ បែក​ញើស​ស្អុះស្អាប់​ស្អុយ​ពេញ​ខ្លួន។ មុខ​ឡើង​ស្លក់ ព្រោះ​ពេល​ខ្លះ ត្រូវ​គូរ​ប្លង់​ដាច់​យប់​ក៏​មាន"។

កញ្ញា កែវ បូរ៉ា ស្ថាបត្យករ​វ័យ​ក្មេង​របស់ Phnom Penh City Center

ក្រៅ​ពី​នេះ មាន​ចំណុច ៤ ផ្សេង​ទៀត បើ​ចង់​សម្រេច​ក្ដី​សុបិន​ដ៏​លំបាក​មួយ​នេះ៖

  • មើល​គេ៖ ក្បួន​នេះ មិន​ចាំ​តែ​ថា​ការងារ​នេះ​ទេ គឺ​គ្រប់​ការងារ​ទាំង​អស់ ត្រូវ​ការ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត ដោយ​មើល​របស់​គេ​របស់​យើង បំបែក​ក្បួន បង្កើត​របស់​ខ្លួន​ឯង​ថ្មី។ ត្រូវ Update ថ្មី​ជានិច្ច។
  • ធ្វើ​ស្មូម៖ ស្ដាប់​ទៅ​ដូច​ស្មូម​ដើរ​សុំ​ទាន​គេ។ តែ​មិន​មែន​អ៊ីចឹង​ទេ យើង​ត្រូវ​យក​ទ្រឹស្ដី​មក​អនុវត្ត ដោយ​សុំ​ធ្វើការ​ស្ម័គ្រចិត្ត ឬ​ហាត់​ការ​នៅ​តាម​ក្រុមហ៊ុន បើ​ក្រុមហ៊ុន​នោះ​កាន់​តែ​ធំ កាន់​តែ​ល្អ។ ឱកាស​ទាំង​នេះ នឹង​បង្រៀន​យើង​ចំណេះ​ដឹង​ថ្មី ហើយ​បើ​ការងារ​យើង​ល្អ យើង​អាច​ធ្វើ​ការ​នៅ​ហ្នឹង​ទៀត​ផង​ក៏​មាន។
  • ស្ដេច​ទំនាក់ទំនង៖ ចង់​ខ្លាំង​ប៉ុន​មេឃ​ក៏​ដោយ បើ​អន់​ចរិត និង​ខ្សោយ​ទំនាក់ទំនង​ការងារ ដឹង​តែ​ចប់​ហើយ។ កុំ​ថា​ឡើយ ការងារ​សម្បូរ​មនុស្ស​ប្រុស​មួយ​នេះ! ហើយ​ក៏​មិន​មែន​ឲ្យ​ទៅ​ពូកែ​ទំនាក់​ទំនង​អត់​ប្រយោជន៍​វាយ​អែប​ស៊ី​អប​នោះ​ឡើយ ពោល​គឺ​ត្រូវ​ចេះ​យល់​ការងារ ចេះ​សម្រប​សម្រួល​ខ្លួន ចេះ​សុំ​ទៅ​ជួយ​គេ មិន​ចាំ​បាច់​ទាល់​តែ​គេ​មក​សុំ​ជំនួយ។ ក្លាហាន៖ ស្រីៗ​នឹង​ប្រឈម​ត្រង់​ចំណុច​នេះ​ខ្លាំង។ បើ​ខ្លួន​ឯង​គូរ​ប្លង់ ចេញ concept ហើយ ត្រូវ​ហ៊ាន​ការពារ​គំនិត​ខ្លួន​ឯង ក្នុង​អង្គប្រជុំ​ដែល​សម្បូរ​ដោយ​មនុស្ស​ប្រុស។ បើ​យើង​ច្បាស់ ពូកែ ខ្លាច​អី​នឹង​ហ៊ាន​ការពារ​គំនិត​ខ្លួន​ឯង។
កញ្ញា កែវ បូរ៉ា កំពុងពិនិត្យការដ្ឋានសំណង់

Small Talk ជា​កម្មវិធី​ចែក​រំលែក​បទ​ពិសោធ​ពាក់ព័ន្ធ​នឹង​ប្រធាន​បទ​ជា​ច្រើន​រៀង​រាល់ ៣ ខែ​ម្ដង ដល់​សិស្ស​នៅ​សាលា​បច្ចេកទេស ដុនបូស្កូ ដែល​រៀបចំ​ដោយ Phnom Penh City Center។ សម្រាប់​ព័ត៌មាន​បន្ថែម អាច​ចូល​ផេក Phnom Penh City Center ៕

អត្ថបទ៖ សុផាត