អតីត​គ្រូ Liverpool ថា Pogba លេង​ល្អ​មិន​ទាន់​ដល់​កម្រិត Gerrard នៅ​ឡើយ​ទេ

  • 2017-11-20 13:17:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់​ការ​ក្លឹប Liverpool លោក Rafa Benitez ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ​ក្លឹប Newcastle កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​និយាយ​ថា ខ្សែ​បម្រើ​ Paul Pogba លេង​មិន​ទាន់​ល្អ​ដល់​កម្រិត វីរបុរស​ក្លឹប​ហង្ស​ក្រហម Steven Gerrard នៅ​ឡើយ​ទេ។

ពេល​ដែល​សួរ​ទាក់​ទង​នឹង​ Pogba និង​ Gerrard លោក Benitez បាន​ឆ្លើយ​ទៅ​អ្នក​សារព័ត៌មាន​វិញ​ថា៖ "ពួក​គេ​ជា​ប្រភេទ​កីឡាករ​ខុស​គ្នា។ Stevie (ឈ្មោះ​ហៅ​ក្រៅ​របស់ Gerrard) ជា​កំពូល​កីឡាករ​មួយ​រូប​ដែល​លេង​បាន​យ៉ាង​ល្អ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ គេ​បាន​បន្ត​រក្សា​ទម្រង់​លេង​ដ៏​ល្អ​របស់​គេ​បាន​រយៈ​ពេល​យ៉ាង​ជា​ច្រើន​ឆ្នាំ និង​តែង​តែ​នាំ​មក​នូវ​ភាព​ខុស​ប្លែក​គ្រប់​ការ​ប្រកួត ទោះ​ជា​គេ​គ្មាន​ ឬ​មាន​សាច់​បាល់​លេង​ក៏​ដោយ"។ អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​បន្ត​ទៀត​ថា ៖ "ចំណែក Pogba វិញ​គឺ​ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប​ ប៉ុន្តែ​គេ​ត្រូវ​តែ​បន្ត​រក្សា​ទម្រង់​លេង​ល្អ​ឲ្យ​បាន​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ដើម្បី​ឈាន​ដល់​កម្រិត​របស់ Stevie"។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​ជា​របួស​សរសៃ​ពួរ​វិញ ខ្សែ​បម្រើ Pogba បាន​ត្រលប់​មក​ជួយ​ក្រុម​វិញ​ក្នុង​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​ស៊ុត​ចូល​មួយ​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចូល​មួយ​គ្រាប់ ក្នុង​ការ​ប្រកួត​ដែល​បិសាច​ក្រហម Manchester United ឈ្នះ Newcastle ក្នុង​លទ្ធផល​ ៤ ទល់​នឹង ១៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី