រក​ឃើញ​ប្រាសាទ​កសាងសម័យ​អង្គរ និង​មុន​អង្គរ​ចំនួន ២ នៅ​ខេត្ត​រតនៈ​គិរី

  • 2017-11-20 13:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ទំព័រ​ Facebook ផ្លូវ​ការ​របស់​ក្រសួង​បរិស្ថាន ដែល​ទើប​តែ​បាន​ចុះ​ផ្សាយ​អម្បាញ់មិញ​នេះ បាន​ឲ្យ​ដឹង​ថា ប្រាសាទ​បុរាណ​ចំនួន ២ កសាង​ក្នុង​សម័យ​អង្គរ និង​មុន​អង្គរ ត្រូវ​បាន​​រក​ឃើញ​នៅ​ខេត្ត​រតនៈ​គិរី។

ក្នុង​ចំណោម​ប្រាសាទ​ទាំង​ពីរ​នេះ មួយ​មាន​ឈ្មោះ ប្រាសាទ​អូរ​ព្រះ និង​មួយ​ទៀត​មាន​ឈ្មោះ​ ប្រាសាទ​យ៉ាក​ណាំង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឧទ្យាន​ជាតិ​អូរយ៉ាដាវ និង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនៈ​គិរី។

បើ​តាម​លោក លឹម​ វណ្ណច័ន្ទ អនុ​ប្រធាន​ការិយាល័យ​ព័ត៌មាន អប់រំ ផ្សព្វផ្សាយ​នៃ​ក្រសួង​បរិស្ថាន ដែល​ជា​អ្នក​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ បាន​ឲ្យ​ដឹង​ថា ប្រាសាទ​អូរ​ព្រះ​ទំនង​ជា​បាន​កសាង​ឡើង​ក្នុង សតវត្ស​ទី ១០-១១ នៃ​គ.​ស ហើយ​មាន​ខឿន​ជា​ថ្ម​បាយ​ក្រៀម និង​បំណែក​ឥដ្ឋ ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​កើត ស្ថិត​នៅ​ខាង​លិច​ទន្លេ​ស្រែ​ពក ប្រមាណ ៤០០​ម៉ែត្រ។

លោក​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា៖ "យើង​ប្រទះ​ឃើញ​បំណែក​ជើង​ទម្រ​រូប​២ បាក់​បែក។ ជើង​ទម្រ​រូប​មួយ​មាន​រន្ធ​២ បែក​សង​ខាង​សម្រាប់​ដាក់​រូប​ចម្លាក់​ទេវ​ណា​មួយ។ យើង​ក៏​បាន​ប្រទះ​ឃើញ​បំណែក​ក្រឡ​ផ្នែក​ខាង​ក្រោម ដែល​ជា​ប្រភេទ​កុលាលភាជន៍​រឹង ខ្មែរ​សម័យ​អង្គរ។ តែ​ក្រឡ​នេះ​ធ្លាយ​គូទ បើ​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​ជនជាតិ​ភាគតិច​នៅ​តំបន់​នោះ ពី​ដើម​មក​ពាង​ដាក់​ស្រា​ជា​វត្ថុ​មាន​តម្លៃ​សម្រាប់​ពួក​គាត់ គេ​ដូរ​ជាមួយ​គោ ក្របី ពេល​ដែល​ក្នុង​គ្រួសារ​មាន​អ្នក​ស្លាប់ គេ​យក​សព​ទៅ​បញ្ចុះ ដោយ​ដាក់​ពាង រួច​ចោះ​គូទ​អោយ​ធ្លាយ ដាក់​កប់​នៅ​ខាង​លើ​ក្បាល និង​មាន​ដាំ​ដើម​រកា​មួយ​ដើម"។

ចំណែក​ឯ​ប្រាសាទ​យ៉ាក​ណាំង​ វិញ គឺ​ត្រូវ​បាន​កសាង​ឡើង​អំពី​ឥដ្ឋ បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​ទំនង​ជា​សាង​សង់​ក្នុង​សម័យ​មុន​អង្គរ​ ឬ​ដើម​សម័យ​អង្គរ។ ប្រាសាទ​នេះ​រង​ការ​បែក​បាក់ ដោយ​បាន​បាក់​បែក​ត្រឹម​មេ​ទ្វារ ខណៈ​ផ្នែក​ខាង​លិច​បាក់​ទាំង​ស្រុង ហើយ​ផ្នែក​កណ្ដាល​មាន​ការ​ជីក​គាស់​កកាយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ដដែល៕

ប្រភព៖ facebook   អត្ថបទ ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម