Dortmund ត្រូវ​ការ​ឈ្នះ​ Spurs នៅ​យប់​នេះ​ តែ​សង្ឃឹម​តិច​សម្រាប់​វគ្គ​១៦​ក្រុម​

  • 2017-11-21 07:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ UEFA Champions League ប្រកួត​ទី​៥​វគ្គ​ជម្រុះ​ក្នុង​ពូល​នឹង​វិល​​មក​វិញ​នៅ​យប់​នេះ ​ខណៈ​ក្រុម​មួយ​ចំនួន​បាន​កក់​កៅអី​វគ្គ​១៦​ក្រុម​ ខ្លះ​ទៀត​ប្រឹង​ប្រជែង​យក​កៅអី​ និង​មាន​មួយ​ចំនួន​​គ្រាន់​តែ​លេង​ដើម្បី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​ពោល​គឺ​បាន​ធ្លាក់​រួច​ទៅ​ហើយ។

ក្រុម​ក្នុង​ពូល​ H ដែល​ប្រជុំ​ដោយ​ក្រុម​ខ្លាំង​ៗ​មាន Tottenham Hotspur បាន​កក់​កៅអី​ទៅ​វគ្គ​១៦​ក្រុម​​ ត្រូវ​ប៉ះ​ជាមួយ​ Dortmund ហើយ​លេខ​២​ Real Madrid ត្រូវ​ប៉ះ​ APOEL Nicosia ដើម្បី​ធានា​កៅអី​នៅ​វគ្គ​បន្ត។ ពូល​នេះ​ Dortmund ត្រូវ​ការ​ឈ្នះ​ Spursដាច់​ខាត​​ តែ​បើ​សិន​ Real Madrid ឈ្នះ​ APOEL ដែរ​នោះ​មាន​ន័យ​ថា​ពួកគេ​អស់​ឱកាស​ហើយ។

លទ្ធភាព​ដែល​ក្រុម​ជើង​ខ្លាំង​អាល្លឺម៉ង់​អាច​ទៅ​វគ្គ​១៦​ក្រុម​បាន​ដរាប​ណា​ ក្រុម​នេះ​ត្រូវ​ឈ្នះ​២​ប្រកួត​ដែល​នៅ​សល់​ហើយ​ Real Madrid ចាញ់​ទាំង​ពីរ​ប្រកួត​។

ចំពោះ​ពូល​ E ក្រុម​ Liverpool កំពុង​ឈរ​លេខ​១ក្នុង​តារាង​តែ​ដាច់​ពិន្ទុ​គ្នា​មិន​ឆ្ងាយ​ទេ។​ បើ​ Liverpool ឈ្នះ​ពួកគេ​នឹង​បាន​សំបុត្រ​យន្តហោះ​ទៅ​វគ្គ​បន្ត​ ហើយ​ Sevilla និង​ Spartak Moscow ត្រូវ​ចាំ​អ៊ុត​ប្រកួត​ចុងក្រោយ។​ ប្រកួត​យប់​នេះ​គឺ Spartak Moscow ប៉ះ​ Maribor ហើយ​ Sevilla ប៉ះ​ Liverpool។

ពូល​ F ក្រុម​ Manchester City ជាប់​រួច​ទៅ​ហើយ​សម្រាប់​ការ​លេង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ ស្រប​ពេល​ Shakhtar Donetsk មាន​ភាគរយ​ខ្ពស់​ជាង​ SSC Napoli សម្រាប់​តំណែង​លេខ​២។ ប្រកួត​យប់​នេះ​គឺ Manchester City ប៉ះ​ Feyenoord ហើយ​ SSC Napoli ប៉ះ​ Shakhtar Donetsk។

គូ​ចុងក្រោយ​គឺ​ពូល​ G ក្រុម​ Besiktas មាន​សង្ឃឹម​ខ្ពស់​ជាង​គេ​ទៅ​វគ្គ​បន្ត​ ខណៈ FC Porto និង​ RasenBallsport Leipzig ក៏​មិន​ទាន់​អស់​ឱកាស​ដណ្ដើម​លេខ​១​ដែរ។ ប្រកួត​យប់​នេះ​គឺ Besiktas ប៉ះ​ FC Porto​, Monaco ប៉ះ​ RasenBallsport Leipzig៕

អត្ថបទ៖ វីរ៉ុត