Tencent ​របស់​​​មហា​សេដ្ឋី​​លេខ ២​ ត្រកូល Ma ​ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​បំផុត​នៅ​អាស៊ី​

  • 2017-11-21 11:37:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អ៊ីនធើណិត​យក្ស​របស់​ចិន​ Tencent ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​បំផុត​របស់​អាស៊ី​ខណៈ​ភាគហ៊ុន​របស់​ខ្លួន​បាន​បញ្ចប់​ការ​ជួញ​ដូរ​នៅ​ចំណុច​ខ្ពស់​លើ​ផ្សារ​ហ៊ុន​ហុងកុង​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ​។

ក្រុមហ៊ុន​អ៊ីនធើណិត​យក្ស​របស់​ចិន​ Tencent

ភាគហ៊ុន​របស់​ Tencent ​បាន​បញ្ចប់​ការ​ជួញដូរ​នៅ​ខ្ទង់​ ៥៣,៧៦ ​ដុល្លារ​ក្នុង​មួយ​ភាគហ៊ុន​ដែល​តម្លៃ​ទីផ្សារ​ឈាន​ដល់​ ៥០១,៧ ​ប៊ីលាន​ដុល្លារ​ ធ្វើ​ឱ្យ​ Tencent ​ក្លាយ​ជា​ក្រុមហ៊ុន​ស្ថិត​នៅ​លំដាប់​ទី​ ៦​ ក្នុង​តម្លៃ​ទីផ្សារ​ពិភព​លោក​។ ទន្ទឹម​គ្នា​នេះ​ដែរ​ Tencent ​គឺ​ជា​ក្រុមហ៊ុន​អាស៊ី​ដំបូង​គេ​ដែល​មាន​តម្លៃ​ទីផ្សារ​លើស​ ៥០០ ​ប៊ីលាន​ដុល្លារ​។

កាល​ពី​ប៉ុន្មាន​ខែ​មុន​ Ma Huateng ​បាន​កាន់​កាប់​តំណែង​មហា​សេដ្ឋី​លេខ​ ១ ​នៅ​ចិន​តែ​ត្រូវ​បាន​ស្ថានិក​ក្រុមហ៊ុន​ Alibaba ​មាន​ត្រកូល​ Ma ​ដូចគ្នា​គឺ​ Jack Ma ​ដណ្តើម​យក​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ​។

កាល​ពី​ថ្ងៃ​ទី​ ១៥ ​វិច្ឆិកា​ក្រុមហ៊ុន​ Tencent បាន​ប្រកាស​ថា​លទ្ធផល​រួម​របស់​ខ្លួន​ដែល​មិន​ទាន់​ត្រួត​ពិនិត្យ​សម្រាប់​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​ ២០១៧ ​រួម​ជា​មួយ​នឹង​ប្រាក់​ចំណូល​សុរប​ចំនួន​ ៩,៨២៥ ​ប៊ីលាន​ដុល្លារ​ដែល​កើន​ឡើង​ ៦១% ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ ។

Ma Huateng ​និយាយ​ថា​ ក្រុមហ៊ុន​បាន​នៅ​ចំណុច​ខ្ពស់​ដោយ​សារ​តែ​អាជីវកម្ម​ហ្គេម​ឌីជីថល​ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​អនឡាញ​ និង​សេវាកម្ម​ពាក់ព័ន្ធ​ការ​ចំណាយ​នានា​។

សេដ្ឋី​ Ma Huateng

​តម្លៃ​ទីផ្សារ​ថ្មី​នឹង​នាំ​ឲ្យ​ Tencent ​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីៗ​ដូចជា​ក្រុមហ៊ុន​ Apple, Alphabet, Microsoft, Amazon ​និង​ក្រុមហ៊ុន​ Facebook ​ដែល​តម្លៃ​ទីផ្សារ​របស់​ពួកគេ​សុទ្ធ​តែ​លើស​ ៥០០ ​ប៊ីលាន​ដុល្លារ​៕

រូប​តំណាង Tencent

ប្រភព៖ Chinadaily ប្រែ​សម្រួល​៖​ សិរីបុទ្រ