អ្នក​បច្ចេក​ទេស​ត្រួត​ពិនិត្យ​រថយន្ត​ Porsche ប្រើ​សុទ្ធ​តែ​វ៉ែន​តាបច្ចេកវិទ្យា AR

  • 2017-11-21 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វាក់​ផលិតកម្ម​ក្នុង​មជ្ឈមណ្ឌល​សេវា​កម្ម​របស់​ Porsche ​នឹង​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​មួយ​កម្រិត​ទៀត​នៅ​ឆ្នាំ​ ២០១៨ ក្រោយ​ពី​ក្រុមហ៊ុន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា​ ខ្លួន​នឹង​បំពាក់​វ៉ែនតា​ប្រើ​បច្ចេកវិទ្យា​ AR (Augmented Reality) ដល់​អ្នក​ជំនាញ​បច្ចេកទេស​របស់​ខ្លួន​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ត្រួត​ពិនិត្យ​រថយន្ត​។

អ្នក​បច្ចេក​ទេស​ត្រួត​ពិនិត្យ​រថយន្ត​

វ៉ែនតា​បំពាក់​បច្ចេកវិទ្យា​ AR ​ឈ្មោះ​ថា​ Tech Live Look ​ភ្ជាប់​សហ្វវែ​ AiR Enterprise ​មាន​គុណភាព​បង្ហាញ​ខ្ពស់​ (High Resolution) កាមេរ៉ា​ autofocus ​ដែល​អាច​បង្ហាញ​ភាគ​ល្អិតៗ​បាន​យ៉ាង​ងាយ​ស្រួល​បំផុត​ដូចជា​សរសៃរ​នៅ​លើ​ខ្ចៅ​ជា​ដើម​។

វ៉ែនតា​ Tech Live Look ​ក៏​មាន​មុខងារ​ពន្លឺ​ LED ​ដើម្បី​បំភ្លឺ​ទីតាំង​ងងឹត​ខណៈ​អ្នក​បច្ចេកទេស​កំពុង​អនុវត្ត​សេវាកម្ម​ដទៃ​ផ្សេង​ទៀត​ ។ មួយ​ក្នុង​ចំណោម​មុខងារ​ពិសេស​ជាង​គេ​របស់​ Tech Live Look ​គឺ​វីឌីអូ​ឡាយ​ផ្ទាល់​ (Video-Conference) ​អាច​ឱ្យ​ក្រុម​បច្ចេកទេស​ជជែក​តាម​វីឌីអូ​ជាមួយ​ក្រុម​ការងារ​នៅ​ឯ​ក្រុង​ Atlanta ​របស់​ Porsche ​ដើម្បី​ជួយ​កំណត់​បញ្ហា​និង​ដោះស្រាយ​ពួកវា​។

វ៉ែនតា​បំពាក់​បច្ចេកវិទ្យា​ AR

ក្រៅ​ពី​សមត្ថភាព​ខាង​លើ​វ៉ែនតា​ Tech Live Look ​អាច​រក្សាទុក​ទិន្នន័យ​សេវា​បច្ចេក​ទេស​ និង​ការ​ណែនាំ​ចូល​ក្នុង​កញ្ចក់​វ៉ែនតា​ហើយ​ព័ត៌មាន​អស់​ទាំង​នេះ​នឹង​នៅ​លើ​ផ្ទៃ​កញ្ចក់​តែ​ម្តង​។ Porsche ​និយាយ​ថា​ វា​បង្ក​ភាពងាយ​ស្រួល​ជាង​ការ​ផ្ញើសារ​ ឬ​ពន្យល់​ណែនាំ​តាម​រយៈ​ការ​ហៅ​ទូរសព្ទ​ ។

Porsche ​គ្រោង​នឹង​បញ្ចេញ​វ៉ែនតា​ Tech Live Look​ ទៅ​កាន់​ហាង​លក់​នៅ​ទ្វីប​អាមេរិក​ខាង​ជើង​ក្នុង​ឆ្នាំ​ ២០១៨ ខាងមុខ​៕

ប្រភព៖ MotorTrend   ប្រែ​សម្រួល​៖​ សិរីបុទ្រ

អត្ថបទពេញនិយម