ប្រធានាធិបតី​វ័យ ៩៣​ឆ្នាំ​របស់​ហ្ស៊ីមបាវ៉េ​លាលែង​ពី​តំណែង តើ​នរណា​នឹង​ដឹក​នាំ​បន្ត?

  • 2017-11-22 02:13:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​ចាស់​វស្សា​របស់​ប្រទេស​ហ្ស៊ីមបាវ៉េ បាន​សម្រេច​ចិត្ត​លាលែង​ចេញ​ពី​តំណែង​ហើយ ក្រោយ​កាន់​អំណាច​អស់ ៣៧​ឆ្នាំ។ ចុះ​នរណា​ជា​អ្នក​ដឹក​នាំ​ប្រទេស​នេះ​បន្ត?

​រឿង​រ៉ាវ​ក្ដៅ​គគុក​នៅ​ប្រទេស​ហ្ស៊ីមបាវ៉េ បាន​កើត​ឡើង បន្ទាប់​ពី​ប្រធានាធិបតី​វ័យ ៩៣​ឆ្នាំ Robert Mugabe បាន​បណ្ដេញ​អនុ​ប្រធានាធិបតី Emmerson Mnangagwa ចេញ​ពី​តំណែង​កាល​ពី​ខែ​មុន ដោយ​ចោទ​ថា​មិន​ស្មោះ​ត្រង់​នឹង​រដ្ឋាភិបាល។ កៅអី​អនុ​ប្រធានាធិបតី​នោះ ត្រូវ​លោក Robert Mugabe ត្រៀម​ផ្ទេរ​ទៅ​ឲ្យ​ភរិយា​ផ្ទាល់​របស់​លោក ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំង។

លោក Robert Mugabe

អំឡុង​ពេល​ជាមួយ​គ្នា​នោះ ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច​នៅ​ប្រទេស​ហ្ស៊ីមបាវ៉េ កំពុង​ធ្លាក់​ដុនដាប​យ៉ាង​​ខ្លាំង។ យោធា​ដែល​​ដឹក​នាំ​ដោយ អគ្គ​មេ​បញ្ជាការ Constantino Chiwenga បាន​បញ្ជា​ឲ្យ​ទាហាន​ទាំង​អស់​បិទ​ផ្លូវ​ចូល​ទៅ​កាន់​អគារ​រដ្ឋាភិបាល និង​​គ្រប់​គ្រង​ទូរទស្សន៍​រដ្ឋ ដោយ​អះ​អាង​ថា​រៀប​ចំ​សណ្ដាប់​ធ្នាប់​ប្រទេស​ឡើង​វិញ និង​រុះ​រើ​អ្នក​បង្ក​វិបត្តិ​ដល់​ប្រទេស​ រហូត​ដាក់​សម្ពាធ​ប្រធានាធិបតី​ឲ្យ​ចុះ​ចេញ​ពី​តំណែង។

បើ​តាម​សារព័ត៌មាន​នានា បាន​ចុះ​ផ្សាយ​ថា ចំពោះ​អ្នក​ដឹក​នាំ​ប្រទេស​បន្ត គឺ​ប្រាកដ​ជា​លោក Emmerson Mnangagwa ដែល​ជា​អនុ​ប្រធានាធិបតី​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​កាល​ពី​ខែ​មុន ហើយ​សព្វ​ថ្ងៃ​លោក​មាន​អាយុ ៧៣​ឆ្នាំ៕ ​​​​

លោក Emmerson Mnangagwa

រឿង​រ៉ាវ​មួយ​ចំនួន ដែល​ទាក់​ទង​នឹង​លោក Mnangagwa៖

  • លោក Mnangagwa បាន​កាន់​តំណែង​ជា​អនុ​ប្រធានាធិបតី​ប្រទេស​ហ្ស៊ីមបាវ៉េ ចាប់​ពី​ឆ្នាំ​២០១៤ មក រហូត​ត្រូវ​បណ្ដេញ​ចេញ​កាល​ពី​មួយ​ខែ​មុន
  • លោក Mugabe បាន​ប្រើ​មូលហេតុ​ក្នុង​ការ​បណ្ដេញ​លោក Mnangagwa ចេញ​ពី​តំណែង ដោយ​ចោទ​ថា "មិន​ស្មោះ​ត្រង់​នឹង​រដ្ឋាភិបាល"។ គម្រោង​របស់​លោក Mugabe គឺ​ចង់​តែង​តាំង​ភរិយា Grace Mugabe ជា​អនុ​ប្រធានាធិបតី។
  • លោក Mnangagwa បាន​ចាក​ចេញ​ពី​ប្រទេស ប៉ុន្តែ​ប្ដេជ្ញា​ត្រលប់​ទៅ​វិញ បន្ទាប់​ពី​សកម្មភាព​បះបោរ​ប្រឆាំង​ប្រធានាធិបតី បាន​កក្រើក​ឡើង​​
  • គណបក្ស​កាន់អំណាច ZANU-PF បាន​តែង​តាំង​លោក Mnangagwa ជា​ប្រធាន ក្រោយ​ពេល​បណ្ដេញ​លោក Mugabe ចេញ​ពី​តំណែង
  • លោក Mnangagwa អាច​នឹង​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ការ​កាន់​តំណែង​នេះ គឺ​ជំនួស​អាណត្តិ​ប្រធានាធិបតី Mugabe រហូត​ដល់​ការ​បោះ​ឆ្នោត​​ជា​ថ្មី​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៨។

ចុចអានអត្ថបទ៖

ប្រភព៖ ABC.net   ប្រែ​សម្រួល៖ គង់ វិសាល