កូនភ្លោះក្បាលជាប់គ្នា គ្រោងវះកាត់បំបែក ទោះមានហានិភ័យ អាចដល់ថ្នាក់ស្លាប់ទាំង២

  • 2017-11-22 02:56:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ភ្លោះ​មាន​ក្បាល​ជាប់​គ្នា ត្រូវ​បាន​ធ្វើ​តេស្ត​ដើម្បី​ចាប់ផ្ដើម​ដំណើរការ​វះកាត់​បំបែក​ចេញ​ពី​គ្នា ទោះ​បី​ជា​មាន​ហានិភ័យ​ខ្លាំង រហូត​អាច​ស្លាប់ ក្នុង​អំឡុង​ពេល​នៃ​ការ​វះកាត់​ក៏​ដោយ។

កុមារី​ភ្លោះ​ដ៏​កម្សត់​ទាំង​២​នាក់​នេះ មាន​ឈ្មោះ​ថា Joy និង Joyce Magsino អាយុ​១០ឆ្នាំ មក​ពី​ប្រទេស​ហ្វីលីពីន មាន​ក្បាល​ជាប់​គ្នា​បែប​នេះ​ពី​កំណើត ខណៈ​ក្រុម​គ្រួសារ​របស់​ពួកគេ បាន​ត្រៀមខ្លួន​ទទួល​យក​ហានិភ័យ នៃ​ការ​បាត់បង់​កូន​ម្នាក់ ឬ​ទាំង​២នាក់។

ទោះ​បី​ជា​យ៉ាង​ណា ពួកគេ​ត្រូវ​ការ​លុយ ជិត​១០ម៉ឺន​ដុល្លារ ដើម្បី​បង់ថ្លៃ​វះកាត់​ផ្លាស់ប្ដូរ​ជីវិត​ពួកគេ ប៉ុន្តែ​លោក Patrick Magsino អាយុ​៣០ឆ្នាំ ដែល​ជា​ឪពុក រក​ប្រាក់​បាន​ត្រឹម ៨ដុល្លារ​ក្នុង​មួយ​ថ្ងៃ និង​ម្ដាយ​ឈ្មោះ Jomarie ជា​ជន​អន្តោប្រវេសន៍​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស មិន​លទ្ធភាព​រក​ប្រាក់​ច្រើន​បែប​នេះ ដោយ​ខ្លួន​ឯង​ឡើយ។

ឪពុកម្ដាយ​របស់​កុមារី​ទាំង២ បាន​ប្រាប់​ថា នៅ​ពេល Joy និង Joyce Magsino កើត​មក សប្បុរសធម៌​មួយ​ក្នុង​តំបន់ បាន​ផ្ដល់​ការ​បង់​ថ្លៃ​ព្យាបាល​សម្រាប់​កុមារី​ទាំង​២ ប៉ុន្តែ​បាន​បញ្ឈប់​ជំនួយ នៅ​ក្នុង​ឆ្នាំ២០១៤ នៅ​ពេល​ដឹង​ថា ការ​វះកាត់​អាច​សម្លាប់​ពួកគេ​បាន។

ឥឡូវ​នេះ​រូបថត​ថ្មី នៃ​កូនភ្លោះ​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ឃើញ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ នៅ​រាជធានី​ម៉ានីល នៅ​ពេល​ពួកគេ​ធ្វើ​តេស្ត ដើម្បី​រៀបចំ​ការ​វះកាត់​បំបែក​គ្នា។ យ៉ាងណាមិញ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ឡើយ​ថា តើ​ឪពុកម្ដាយ​ខាង​លើ អាច​រក​ប្រាក់​ពី​ណា​បាន ដើម្បី​បង់ថ្លៃ​វះកាត់​នេះ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង