តូតា ចូល​ហ៊ុន​បើក​ហាង​ថ្មី​ជា​មួយ​បុរស​ដែល​សង្ស័យ​ជា​គូស្នេហ៍​​​

  • 2017-11-22 04:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​មិញ​នេះ គឺ​ថ្ងៃ​ពិសេស​ដែល​តារា​សម្ដែង​រូប​ស្រស់ តូតា បាន​ឡើង​ងារ​ជា​ថៅកែ​ស្រី​លើ​​ជំនួញ​លក់​គ្រឿង​សមុទ្រ បោះ​ដុំ និង​រាយ​របស់​ខ្លួន។

ហាង​ថ្មី​នេះ​មាន​ ឈ្មោះ​ថា "ផែ​សមុទ្រ" ដែល​ ម៉ាក់ សែន​សូនីតា បាន​ឲ្យ​ដឹង​ថា ​វា​ជា​ផ្សារ​លក់​​គ្រឿង​សមុទ្រ​ផង និង​ជា​ភោជនីយដ្ឋាន​អាហារ​សមុទ្រ​ស្រស់ៗ​ ដែល​យក​មក​ពី​សមុទ្រ​កម្ពុជា។ នាង ប្រាប់​ថា បើ​គិត​ត្រួសៗ ហាង​នេះ​នាង​​ចំណាយ​ទុន​ផ្ទាល់​ខ្លួន​ប្រមាណ​៥​ទៅ ៦​ម៉ឺន​ដុល្លារ​អាមេរិក។​​

"ផែ​សមុទ្រ" ដែល​មាន​ទីតាំង​នៅ​ខណ្ឌទួលគោក ត្រូវ​បាន​គេ​ដឹង​ថា ជា​ហាង​ ឬ​ផ្សារ​គ្រឿង​សមុទ្រ​មួយ​ដែល តារា​ស្រី​បបូរ​មាត់​មាន​មន្ត​ស្នេហ៍​បង្កើត​ឡើង​ដោយ​សហការ​ជា​មួយ​ ផលិតករ​រឿង​ "ចន្ទ្រា" លោក ប៉ុល វិបូ​​ ដែល​ធ្លាប់​ផ្ទុះ​ព័ត៌មាន​មាន​ស្នេហ៍​លួច​លាក់​នា​ពេល​កន្លង​មក។​

លោក ប៉ុល វិបូ និង​ តូតា

ជា​មួយ​គ្នា​នោះ លោក ប៉ុល វិបូ​​ បាន​បក​ស្រាយ​ថា ហាង​នេះ​លោក​មាន​ចំណែក​ទុន​តិចតួច​ប៉ុណ្ណោះ ផ្ទុយ​ទៅ​ កញ្ញា​ ម៉ាក់ សែន​សូនីតា ទៅ​វិញ​ទេ​ដែល​ជា​ថៅកែ​ស្រី។ លោក​បន្ថែម​ថា គោល​បំណង​នៃ​ការ​បើក​ហាង​នេះ ព្រោះ​​​ចង់​ឲ្យ​មាន​កន្លែង​ផ្គត់​ផ្គង់​គ្រឿង​សមុទ្រ​ស្រស់ៗ​តាម​តំបន់​នៅ​រាជធានី​ភ្នំពេញ គម្រោង​របស់​លោក គឺ​នឹង​បើក​សាខា​ផ្សេង​ទៀត​នៅ​គ្រប់​ខណ្ឌ​ទាំង​អស់​​។ ​

ផលិតករ​បន្ថែម​ថា៖ "ដោយ​ឃើញ​ថា​ កញ្ញា ម៉ាក់ សែន​សូនីតា គាត់​មាន​គាត់​មាន​ជំនួញ​លក់​គ្រឿង​សមុទ្រ​តាម Online និង​ទទួល​បាន​ការ​គាំទ្រ​ ទើប​យើង​មាន​សម្រច​ចិត្ត​កន្លែង​បោះ​ដុំ​គ្រឿង​សមុទ្រ ដោយ​លក់​ក្នុង​តម្លៃ​ដើម តែ​បើ​អតិថិជន​ចង់​ឲ្យ​ចម្អិន​ យើង​នឹង​ចម្អិន​ជូន​ដោយ​គិត​សេវា​ទៅ​តាម​នោះ"។

ងាក​មក​កាន់​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​ខ្លួន និង​ស្រី​ស្អាត​ញញឹម​ស្រស់​នេះ​វិញ លោក​ ប៉ុល វិបូ បញ្ជាក់​ថា លោក​ទទួល​ស្គាល់​ថា​កន្លង​មក លោក​ និង តូតា​ ពិត​ជា​មាន​ភាព​ស្និទ្ធ​រវាង​គ្នា​មែន​ ថែម​ទាំង​ពេល​នេះ ​ឈាន​​ដល់​ការ​មាន​អាជីវកម្ម​រួម​គ្នា​ទៀត​ ដែល​នេះ​ហាក់​មើល​ទៅ​មិន​ធម្មតា​ តែ​លោក​សុំ​មិន​បញ្ជាក់​​ថា​នេះ​ជា​ស្នេហា​ ឬ​យ៉ាង​ណា​ឡើយ ត្បិត​កុំ​មាន​រឿងរ៉ាវ​វែង​ឆ្ងាយ​តទៅ​មុខ​ទៀត។

សម្រាប់​ការ​ចាប់​ដៃ​គ្នា​ធ្វើ​ជា​គូ​អនាគត ផលិតករ​ខាង​លើ រៀប​រាប់​ថា ការ​ពិត តូតា គឺ​ជា​ក្មេង​ស្រី​ពូកែ​​ម្នាក់ ដែល​​មាន​ទាំង​សមត្ថភាព និង​រូប​សម្រស់។ ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ស្ងើច​សរសើរ​លើ​រូប​នាង​នោះ ​ក្នុង​វ័យ​នេះ តូតា ដែល​ទទួល​បាន​ការ​គាំទ្រ និង​មមាញឹក​លើ​អាជីព​ផ្ទាល់​ខ្លួន​​ហើយ​ អាច​គ្រប់គ្រង​អាជីវកម្ម​បាន​យ៉ាង​ល្អ​ទៀត។ សរុប​មក នាង​គឺ​ជា​នារី​ម្នាក់​ដែល​សម​យមក​ធ្វើ​ជា​គូ​អនាគត​ តែ​រឿង​អនាគត​នេះ​ មិន​អាចសម្រេច​តែលោក​ម្នាក់​​ទេ គឺ​ត្រូវ​មើល​លើ​ចិត្ត​របស់​នាង​ដែរ។ ចំណែក​ឯ​ភាគី តូតា សុំ​មិន​បញ្ជាក់​អ្វី​ឡើយ​ជុំ​វិញ​រឿង​រ៉ាវ​ស្នេហា​នេះ៕

ទិដ្ឋភាពសម្ពោធហាងល្ងាចមិញ៖

អត្ថបទ៖ សុខណា