ផ្ទុះព័ត៌មានជាថ្មី! ម្ចាស់​គម្រោងអគារ៤២ជាន់ ចេញមុខបញ្ជាក់ថ្ងៃបញ្ចប់ការសាងសង់

  • 2017-11-22 05:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​គម្រោង​សាងសង់​អគារ ៤២​ជាន់ ​នៅ​សណ្ឋាគារ Raffles កាល​ពី​ព្រឹក​មិញ​នេះ លោក Kim Tea Yeon ​ម្ចាស់​គម្រោង​អគារនេះ​បាន​អះអាង​ថា​ ខ្លួន​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុង​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

លោក Kim Tea Yeon ដដែល​បន្ត​ទៀត​ថា ក្រុមហ៊ុន YON WOO CAMBODIA Co.,LTD នឹង​បន្ថែម​ទុន ៤០​លាន​ដុល្លារ​លើ​គម្រោង​មួយ​នេះ ដោយ​កាល​ពី​មុន​ធ្លាប់​បាន​បោះទុន​ចំនួន​១០០​លាន​ដុល្លារ រួច​មក​ហើយ។ ដោយ​បច្ចុប្បន្ន​នេះ​អគារ​ដែល​ជាប់​គាំង​រាប់​ឆ្នាំ​មក​ហើយ​នេះ បាន​សាងសង់​រួច​រាល់​ចំនួន ៣១​ជាន់​ហើយ។

លោក​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ខែសីហា ឆ្នាំ​២០១៨​រូបរាង​អគារ​ទាំង​មូល​នឹង​សាងសង់​បញ្ចប់​តែ​ម្ដង។ ប៉ុន្តែ​ទម្រាំ​រៀបចំ​ដំណើរការ​រួច​រាល់​ត្រូវ​រង់​ចាំ​រហូត​ដល់​ចុង​ឆ្នាំ​២០១៩​ទើប​បើក​ដំណើរការ​ជា​ផ្លូវ​ការ។

សូម​ជម្រាប​ជូន​ថា អគារ Gold Tower 42ជាន់ ដែលជា​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន YON WOO CAMBODIA Co.,LTD ធ្លាប់​បាន​សរសេរ​លិខិត​ទៅ​កាន់​ក្រសួង​ដែនដី​​ម្ដង​រួច​ហើយ​កាល​ពី​ឆ្នាំ​២០១៦ ​ថា​ខ្លួន​នឹង​​ចាប់ផ្ដើម​បន្ត​សាងសង់​អគារ​ ៤២ ជាន់​​ឡើង​វិញ ហើយ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ២០១៨។ ប៉ុន្តែ​គម្រោង​សាងសង់​បន្ត​នោះ​ហាក់​នៅ​ស្ងាត់​ឈឹង​មិន​មាន​សកម្មភាព​សាងសង់​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី ២២ ខែ​វិច្ចិកា ឆ្នាំ២០១៧​នេះ ម្ចាស់​គម្រោង​អគារ​៤២​ជាន់​នេះ បាន​សន្យា​ច្បាស់​ៗ​ម្ដង​ទៀត​ថា​នឹង​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

អគារ Gold Tower 42 ដែល​ស្ថិតនៅ​ចំណុចប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ព្រះ​នរោត្តម​សីហនុ បាន​ផ្អាក​ការសាងសង់​លើកដំបូង​ក្នុង​ឆ្នាំ ២០០៨ និង​បាន​ចាប់​ផ្តើម​ឡើងវិញ​ក្នុង​ឆ្នាំ ២០១០ ហើយ​បាន​ផ្អាក​ការសាងសង់​លើក​ទី ២ នៅ​ឆ្នាំ ២០១១។ គម្រោង​អគារ​នេះដែរ បាន​វិនិយោគ​នូវ​ទំហំ​ប្រាក់​ប្រមាណ ២៤០លាន​ដុល្លារ​អាមេរិក៕

រាយការណ៍ដោយ៖ ស៊ិន សាវេត

អត្ថបទពេញនិយម