ម៉ោង​ទទួល​ទាន​អាហារ​ល្អ​បំផុត សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់

  • 2017-11-22 07:35:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចង់​ស្គម​ទាំង​អស់​សុទ្ធ​តែ​ព្យាយាម​ទទួល​ទាន​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ជៀស​វាង​ការ​ទទួល​ទាន​អាហារ​ខុស​ដែល​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​កាន់​តែ​ខ្លាំង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​អាហារ​ឲ្យ​ត្រូវ​តាម​ពេលវេលា​គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​សម្រក​ទម្ងន់។

ពេល​វេលា​ដែល​ល្អ​បំផុត​សម្រាប់​អាហារ​ពេល​ព្រឹក​គឺ​នៅ​ម៉ោង ៧:១១​នាទី ។ ការ​ស្រាវ​ជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​អាហារ Forza Supplement ដោយ​បាន​សាក​សួរ​អ្នក​សម្រក​ទម្ងន់ ១០០០នាក់​បាន​ឲ្យ​ដឹង​ថា ៧៦% នៃ​អ្នក​ទាំង​នោះ​បាន​និយាយ​ថា អាហារ​ពេល​ព្រឹក​គឺ​ជា​អាហារ​ដែល​សំខាន់​បំផុត​ប្រចាំ​ថ្ងៃ ហើយ​ការ​ទទួល​ឲ្យ​បាន​រាល់​ថ្ងៃ​អាច​ជួយ​កាត់​បន្ថយ​កាឡូរី​បាន​ច្រើន​ផង​ដែរ។

ចំណែក​អាហារ​ពេល​ថ្ងៃ​វិញ ពេលវេលា​ល្អ​បំផុត​សម្រាប់​អ្នក​នោះ​គឺ​នៅ​ម៉ោង ១២:៣៨​នាទី។ ៣ ភាគ ៤ នៃ​អ្នក​ដែល​ត្រូវ​បាន​សាក​សួរ​បាន​និយាយ​ថា ពួក​គេ​ទទួល​បាន​ផល​ប្រយោជន៍​ជា​ច្រើន​ពី​ការ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​បន្តិច​បន្តួច ប៉ុន្តែ​អ្នក​មិន​ត្រូវ​រំលង​អាហារ​ថ្ងៃ​ត្រង់​នោះ​ទេ។

រី​ឯ​អាហារ​ពេល​ល្ងាច​វិញ​អ្នក​គួរ​តែ​ទទួល​ទាន​នៅ​ម៉ោង ៦:១៤​នាទី ប្រសិន​បើ​អ្នក​ចង់​សម្រក​ទម្ងន់​លឿន។ អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ឲ្យ​បាន​ឆាប់ ដោយ​សារ​តែ​រាង​កាយ​របស់​អ្នក​នឹង​មិន​សូវ​មាន​សកម្ម​ភាព​ទេ​នៅ​ពេល​ល្ងាច ដែល​វា​ធ្វើ​ឲ្យ​កើន​ឡើង​កាឡូរី​បន្ថែម​ដែល​អាច​បង្ក​ទៅ​ជា​ខ្លាញ់។

អ្នក​កំពុង​សម្រក​ទម្ងន់​ភាគ​ច្រើន​និយាយ​ថា អ្នក​មិន​គួរ​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​ច្រើន​ជាង​អាហារ​ពេល​ល្ងាច​នោះ​ទេ​។ អ្នក​ដែល​ត្រូវ​បាន​សាក​សួរ ៦​នាក់​ក្នុង​ចំណោម ១០​នាក់​បាន​ឲ្យ​ដឹង​ថា ការ​មិន​ទទួល​ទាន​អាហារ​នៅ​ពេល​ណា​មួយ​ក្នុង​ចំណោម​អាហារ​ទាំង ៣ ពេល អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​ស្រក​ទម្ងន់​បំផុត។

ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ការ​ទទួល​ទាន​អាហារ​នៅ​ម៉ោង ៦ល្ងាច ដល់​ម៉ោង​១០​យប់​គឺ​អាក្រក់​បំផុត​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់។ ៥៦% នៃ​អ្នក​ដែល​ត្រូវ​បាន​សួរ​និយាយ​ថា​ពួក​គេ​ចូល​ចិត្ត​ទទួល​ទាន​អាហារ​នៅ​ម៉ោង​នេះ​ដោយ​សារ​តែ​ពួក​គេ​អង្គុយ​ញ៉ាំ​ចំណី​នៅ​មុខ​ទូរទស្សន៍។

នាយក​គ្រប់​គ្រង​ក្រុមហ៊ុន Forza Supplement លោក Lee Smith បាន​និយាយ​ថា​គន្លឹះ​ដើម្បី​សម្រក​ទម្ងន់​មិន​ស្ថិត​លើ​បរិមាណ​នៃ​អាហារ​ដែល​ពួក​គេ​បរិភោគ​នោះ​ទេ ប៉ុន្តែ​វា​ស្ថិត​លើ​ពេល​វេលា​ដែល​ពួក​គេ​បរិភោគ និង​មិន​ត្រូវ​រំលង​អាហារ​ក្នុង​ពេល​ណា​មួយ​នោះ​ទេ។ លោក​បាន​បន្ថែម​ថា អាហារ​ពេល​ព្រឹក​គឺ​សំខាន់​បំផុត​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់ ហើយ​ការ​មិន​ញ៉ាំ​វា ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ឃ្លាន​និង​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​អាហារ​កាន់​តែ​ច្រើន​នៅ​ពេល​បន្ទាប់។

សរុប​មក គន្លឹះ​សំខាន់​បំផុត​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ គឺ​ការ​ញ៉ាំ​អាហារ​ឲ្យ​ត្រូវ​តាម​ពេល​វេលា ការ​មិន​រំលង​ការ​ញ៉ាំ​អាហារ​ក្នុង​ពេល​ណា​មួយ និង​ការ​ញ៉ាំ​អាហារ​ដែល​មាន​កាឡូរី​មិន​លើស​ពី ៤០០ ទៅ ៦០០៕

ចុចអានអត្ថបទ៖

ប្រភព៖ Dailymail   ប្រែសម្រួល៖ សុភារ័ត្ន