មុនឲ្យលុយមិត្តភក្ដិខ្ចី ត្រូវគិតឲ្យច្បាស់ពី៥ចំណុចនេះ ប្រយ័ត្ននាំទុក្ខដាក់ខ្លួន

  • 2017-11-23 04:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ទៅ​ខ្ចី​លុយ​គេ និង​រឿង​ឲ្យ​គេ​ខ្ចី​លុយ គឺ​សុទ្ធ​តែ​គ្មាន​អ្នក​ណា​ចង់​ធ្វើ​ដូច​គ្នា។ ប៉ុន្តែ​ការ​រាប់​គ្នា​ គឺ​ជៀស​មិន​ផុត​ករណី​ពីរ​យ៉ាង​នេះ ហើយ​កន្លង​មក​តែង​ឃើញ​ជារឿយ​ៗ​នៅ​លើ​បណ្ដាញ​សង្គម​ឈ្លោះ​គ្នា​បែក​ផ្សែង​រឿង​ខ្ចី​លុយ​អត់​ព្រម​សង។ ដូច្នេះ​សូម​មក​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​ទៀត​ថា រឿង​ឲ្យ​គេ​ខ្ចី​លុយ​នេះ មាន​ហានិភ័យ​អ្វី​ខ្លះ? ដើម្បី​គ្រាន់​បាន​ជា​គំនិត​ពិចារណា​មុន​ដកលុយ​ចេញ​ពី​ហោប៉ៅ​ឲ្យ​នរណា​ម្នាក់​ខ្ចី។

១. ប្រឈម​ហានិភ័យ​រឿង​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន

តាម​បទពិសោធន៍​របស់​កញ្ញា​រមនា បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ ធ្លាប់​មាន​បញ្ហា​ដោយសារ​ឲ្យ​លុយ​គេ​ខ្ចី​លើក​ឡើង​ថា បើ​មាន​ប្រាក់​ខែ​ល្មមៗ​ត្រឹម​តែ​ចិញ្ចឹម​ខ្លួន​ឯង​មួយ​រស់ៗ​ទេ មិន​គួរ​ឲ្យ​អ្នក​ណា​ខ្ចី​លុយ​ឡើយ ទោះ​ម្នាក់​នោះ​ស្និទ្ធស្នាល​ប៉ុណ្ណាក៏​ដោយ។ កញ្ញា​បន្ត​ថា ហេតុផល​ដ៏​សំខាន់​នោះ គឺ​ថា​ប្រសិន​បើ​កូន​បំណុល​ក្រឡេចក្រឡុច​ម្ដង​សង​ថ្ងៃ​នេះ​ម្ដង​សង​ថ្ងៃ​នោះ មិន​គោរព​ទៅ​តាម​ការ​សន្យា​ដូច​កាល​ពេល​ខ្ចី​ប្រាកដ​ជា​វីវរ​រឿង​ខ្លួន​ឯង​ហើយ។

ដូច្នេះ​ទោះ​ចង់​មិន​ចង់​យើង​ខ្លួន​ឯង​នឹង​ទៅ​ខ្ចី​លុយ​គេ​បន្ត​ ដើម្បី​រង់ចាំ​ថ្ងៃ​បើក​ប្រាក់​ខែ។ ហេតុនេះ​ហើយ​ត្រូវ​វិភាគ​មើល​លុយ​របស់​ខ្លួន​ឯង​សិន​ មុន​នឹង​ដក​ឲ្យ​អ្នក​ណា​ខ្ចី ប្រយ័ត្ន​វេទនា​ខ្លួន។ ​

២. បាត់បង់​លុយ

រមនា​បន្ត​មួយ​ចំណុច​ទៀត​ថា​ អ្នក​ណា​ក៏​អាច​ដឹង​ពី​បញ្ហា​នេះ​ដែរ គឺ​ឱ្យ​លុយ​គេ​ខ្ចី​ហើយ​ខ្លាច​គេ​មិន​សង ជា​ពិសេស​អ្នក​ឲ្យ​គេ​ខ្ចី​ច្រើន​វាល់​លាន​។ នេះ​គឺ​ជា​ហានិភ័យ​​​ងាយ​នឹង​ជួប​ប្រទះ​បំផុត​សម្រាប់​អ្នកឲ្យ​លុយ​គេ​ខ្ចី នៅ​​​​​​​​​​​​​ពេល​ដែល​កូន​បំណុល​មិន​សង​គឺ​ពិបាក​រក​ប្រព័ន្ធ​ច្បាប់​ក្នុង​ការ​ដោះ​ស្រាយ​បំផុត។

មានន័យ​ថា​​ការ​ផ្ដល់​កម្ចី​នេះ​មិន​មែន​ស្ថិត​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ ឬ​ប្រព័ន្ធ​ធនាគារ​ឡើយ គ្មាន​អាជ្ញាធរ​ដឹង​ឮ មិន​បាន​ពាក់​ព័ន្ធ​ក្នុង​ប្រព័ន្ធ​ច្បាប់​នៃ​ការ​ផ្ដល់​កម្ចី​ក្នុង​វិស័យ​ធនាគារ។ ដូចនេះ​ទោះ​បី​ម្ចាស់​បំណុល​ ចង់​ទាមទារ​លុយ​ទាំង​នោះ​មក​វិញ​គឺ​នឹង​ប្រឈម​មុខ​ហានិភ័យ ប្រសិន​បើ​កូន​បំណុល​នោះ​មិន​សង​។

៣. បាត់បង់​ឱកាស​ប្រើប្រាស់​លុយ

ដោយ​ឡែក​បើ​តាម​ការ​លើក​ឡើង​ពី វិសិដ្ឋ និស្សិត​រៀននៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​ និយាយ​ថា អ្នក​ដែល​ឲ្យ​លុយ​គេ​ខ្ចី​ច្រើន​ៗ​ខ្ទង់​ពាន់​ដុល្លារ ឬ​មិន​ដល់​ពាន់​ក៏​ដោយ នឹង​បាត់បង់​ថ្លៃ​ឱកាស​នៃ​ការ​ប្រើប្រាស់​លុយ។ មាន​ន័យ​ថា ​ប្រសិន​បើ​មាន​ឱកាស​ល្អ​ណា​មួយ​កើត​ឡើង ហើយ​ចាំ​បាច់​ត្រូវ​មាន​លុយ​នោះ​ដើម្បី​ប្រើការ ដូចជា​ការ​រក​ស៊ី ឬ​ត្រូវ​ការ​លុយ​ជា​បន្ទាន់​​ក្នុង​ករណី​ណា​មួយ​ នោះ​នឹង​ត្រូវ​បាត់​បង់​ឱកាស​ក្នុង​ការ​ប្រើ​លុយ​របស់​ខ្លួន​ឯង ដោយសារ​ត្រូវ​កប់​ចោល​ក្នុង​ដៃ​កូន​បំណុល​។ 

៤. អាច​បង្រៀន​មនុស្ស​ចេះប្រែប្រួល​អត្តចរិត

រឿង​លុយ​សំខាន់​បំផុត​សម្រាប់​មនុស្ស​ម្នាក់​ៗ ព្រោះ​សម័យ​នេះ​ស្អី​ក៏​ត្រូវ​ការ​លុយ​ដែរ។ ចុះ​បើ​ឲ្យ​លុយ​គេ​ខ្ចី​ ហើយ​គេ​មិន​សង​នោះ​នឹង​បង្រៀន​ឲ្យ​យើង​ពី​មនុស្ស​សុភាព​ស្លូត​ៗសោះ ស្រាប់​តែ​ចេះ​និយាយ​ពាក្យ​សម្ដី​មិន​សមរម្យ​ដើម្បី​ទារ​លុយ​គេ។

ចំណុច​នេះ​អាច​ថា ហ៊ាន​បង្ហោះ​ជេរ​អ្នក​ជំពាក់​លុយ​តាម​ហ្វេស​ប៊ុក និយាយ​ពាក្យ​ធ្ងន់​ៗ​ទៅ​កាន់​អ្នក​ជំពាក់​លុយ និង​អាច​ឈាន​ដល់​ការ​ឈ្លោះ​ប្រកែក​គ្នា​ទៀត​ផង។ ដូច្នេះ​ហើយ​បើ​អាច​ជៀស​បាន​ក៏​ល្អ សុខ​ចិត្ត​ឲ្យ​គេ​ថា​ចិត្ត​អាក្រក់​ចុះ តែ​រស់​នៅ​ស្ងប់​សុខ​ល្អ​ជាង។ នេះ​បើ​តាម​ការ​លើក​បន្ថែម​ទៀត​របស់​ វិសិដ្ឋ។

៥. អាច​បាត់បង់​មិត្តភាព

មក​ជួប​ជាមូយ​កញ្ញា ធាវី ទើប​ប្រឡង​ជាប់​នៅ​ធនាគារជាតិ​ថ្មី​ប្រាប់​ថា ត្រូវ​ចាំ​ថា មនុស្ស​កើត​ចិត្ត​មួម៉ៅ​ក្ដៅ​ក្រហាយ​បំផុត ពេល​ដែល​អស់​លុយ​ចាយ ហើយ​អ្នក​ជំពាក់​លុយ​ក៏​មិន​ព្រម​សង​ទៀត។ ដូច្នេះ​មិន​ថា​អ្នក​ណា​ក៏​ពិបាក​ទប់​អារម្មណ៍​ដែរ មាន​តែ​ដាច់​ចិត្ត​ទៅ​ទារ​មិន​ថា អ្នក​នោះ​ធ្លាប់​ស្និទ្ធស្នាល​ប៉ុណ្ណា​ក៏​ដោយ​ ធ្វើ​ម៉េច​ឲ្យ​តែ​បាន​លុយ​មក​វិញ​។

ចំណែក​ម្ខាង​ទៀត​ទោះ​ខ្លួន​ជំពាក់​លុយ​គេ​ក៏​ដោយ តែ​បើ​មាន​អ្នក​ទៅ​ជេរ​បញ្ចោរ​រឿង​អី​មិន​ខឹង។ លទ្ធផល​ចុង​ក្រោយ​គឺ​ឈ្លោះ​គ្នា​បែក​ផ្សែង​ ហើយ​ជួនកាល​លុយ​នោះ​ក៏​មិន​បាន​មក​វិញ ចំណែក​ឯ​មិត្តភាព​ក៏​បាត់បង់៕ ​​

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ