OnePlus 5T ផ្ដួល​ស្មាតហ្វូន​តម្លៃ​ថ្លៃៗ​​ ងាយ​ដូច​បកចេក

  • 2017-11-24 02:10:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារ​ដ៏​ពិសេស​មួយ​លើ​ OnePlus 5T នោះ​គឺ​ Dash Charge ដែល​អាច​សាក​បញ្ចូល​ថាមពល​បាន​លឿន​ជា​ទីបំផុត​ លឿន​ជាង​មុខងារ​ Fast Charge ​លើ​ស្មាតហ្វូន​ថ្លៃៗ​ដទៃ​ទៀត។

OnePlus បាន​សម្រេច​ចិត្ត​បង្អួត​មុខងារ​នេះ​តាម​រយៈ​វីដេអូ​ពាណិជ្ជកម្ម​ថ្មី បង្ហាញ​ពី​​ការ​ប្រៀប​ធៀប​សមត្ថភាព​សាក​បញ្ចូល​ថ្ម​របស់​ OnePlus 5T, iPhone 8 Plus, Galaxy S8+ និង Pixel 2 XL ក្នុង​ពេល​ ៣០ នាទី​សាក​បញ្ចូល​ថ្ម​បាន​ប៉ុន្មាន​ភាគ​រយ។

OnePlus 5T អាច​សាក​បញ្ចូល​ថ្ម​បាន​ពី ២% ឡើង​ដល់​ ៥៧% ក្នុង​ពេល​កន្លះ​ម៉ោង សាក​ដោយ​​មិន​ឲ្យ​អេក្រង់​រលត់​ពន្លឺ។ ចំណែក​តាម​ការ​ធ្វើ​តេស្ត​របស់​ក្រុម​ការងារ​ GSM Arena វិញ​ គេ​អាច​បញ្ចូល​ថ្ម​ OnePlus 5T បាន​ដល់​ ៦៧% ក្នុង​រយៈពេល​កន្លះ​ម៉ោង​ដូច​គ្នា សាក​ដោយ​​ដាក់​អេក្រង់​ឲ្យ​រលត់។ ទស្សនា​វីដេអូ​ខាង​ក្រោម ​​ដើម្បី​ដឹង​ពី​ភាគ​រយ​ថ្ម​​ដែល​ស្មាតហ្វូន​ដទៃ​ទទួល​បាន ៖​

​បើ​គិត​ឲ្យ​ស្មើ​ភាព​ទៅ​ កត្តា​ទំហំ​ថ្ម​ក៏​ជា​ចំណែក​មួយ​ដែរ​ ពី​សមត្ថភាព​សាក​បញ្ចូល​ថ្ម។ Galaxy S8+ មាន​ថ្ម​ទំហំ​ ៣៥០០ mAh, Pixel 2 XL ថ្ម​ទំហំ​ ៣៥២០ mAh, iPhone 8 Plus ថ្ម​ ២៦៩១ mAh និង OnePlus 5T ថ្ម​ ៣៣០០ mAh។ តែ​យ៉ាងណា​បច្ចេកវិទ្យា​​ Dash Charge លើ​ OnePlus 5T នៅ​តែ​ជា​ចំណុច​សំខាន់​ជាង​គេ​​លើ​ការ​សាក​ថ្ម​នេះ៕ ​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង