Hazard បង្ហើប​ពី​មូល​ហេតុ Salah មិន​ជោគ​ជ័យ​នៅ Chelsea

  • 2017-11-24 13:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard ក្នុង​ថ្ងៃ​នេះ​បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​ Mohamad Salah មិន​មាន​ឱកាស​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ខ្លួន ពេល​លេង​ឲ្យ Chelsea ជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​មិន​មាន​ភាព​ជោគជ័យ​នៅ​ទីនោះ។

ខ្សែ​ប្រយុទ្ធ​បែលហ្ស៊ិក​ Hazard បាន​និយាយ​ថា៖ "គេ​គឺ​ជា​កីឡាករ​មួយ​ដ៏​ល្អ ល្អ ល្អ​ខ្លាំង​​មែន​ទែន។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ គេ​មិន​មាន​ឱកាស​គ្រប់គ្រាន់​កាល​ពី​ពេល​នៅ​លេង​ឲ្យ Chelsea។ ខ្ញុំ​មិន​ដឹង​ច្បាស់​ទេ តើ​នេះ​បណ្ដាល​មក​ពី​គ្រូ​បង្វឹក ឬ​ក៏​បណ្ដាល​មក​ពី​កីឡាករ​ផ្សេង​ឯទៀត"។ កីឡាករ​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "គេ​មាន​សមត្ថភាព​ខ្ពស់​ណាស់ ប៉ុន្តែ​នៅ​ពេល​ហ្នឹង ខ្ញុំ​ចាំ​បាន​ថា Chelsea មាន​ខ្ញុំ, Willian ហើយ Oscar។ ដូច្នេះ​សម្រាប់​រូប​គេ វា​មិន​មាន​ភាព​ងាយ​ស្រួល​ទេ"។

ខ្សែ​ប្រយុទ្ធ Mohamad Salah បាន​ចាក​ចេញ​ពី​ក្លឹប​ស្វីស Basel មក​ចូល​រួម​ជាមួយ Chelsea កាល​ពី​ឆ្នាំ ២០១៤ ប៉ុន្តែ​លេង​ឲ្យ​ក្លឹប​បាន​តែ ១៩​លើក ប៉ុណ្ណោះ​នៅ​ទី​នោះ មុន​ពេល​ត្រូវ​បាន​ក្លឹប​អ៊ីតាលី Fiorentina ខ្ចី​ជើង កាល​ពី​ដើម​ឆ្នាំ ២០១៥។

ចប់​ពី Fiorentina ទៅ កីឡាករ​អេហ្ស៊ីប​រូប​នេះ​បាន​បន្ត​លេង​នៅ​អ៊ីតាលី​មួយ​រដូវ​កាល​ទៀត​ ដោយ​ចូល​រួម​ជាមួយ​ក្លឹប AS Roma ក្នុង​ឋានៈ​ជា​កីឡាករ​ខ្ចី​ជើង មុន​ពេល​ត្រូវ​បាន​ក្លឹប​មួយ​នេះ​ទិញ​ផ្ដាច់​ពី​ Chelsea តែ​ម្ដង​កាល​ពី​ខែ​សីហា ឆ្នាំ២០១៦។ ​ជិត​មួយ​ឆ្នាំ​ក្រោយ​មក Salah បាន​ចាក​ចេញ​ពី​អ៊ីតាលី មក​លេង​ឲ្យ Liverpool ហើយ​បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ឲ្យ​ក្លឹប​ហង្ស​ក្រហម ដោយ​ស៊ុត​ចូល​បាន ៩ គ្រាប់​ហើយ​នៅ​ក្នុង​លីគ​កំពូល​អង់គ្លេស​ គិត​មក​ទល់​ពេល​នេះ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី