​យុទ្ធនាការ​"ភ្នំពេញ​ស្អាត​"នឹង​បន្តធ្វើ​រៀង​រាល់​ឆ្នាំ​ រហូត​ដល់​ទីក្រុង​លែ​ង​មាន​សំរាម​ធ្លាក់​ដល់ដី

  • 2017-11-27 02:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«​​ភ្នំពេញស្អាត​» ដែលជា​យុទ្ធនា​ការអប់រំផ្នែក​បរិស្ថាន​ទីក្រុងស្អាត​និងជា​សកម្មភាពបន្ថែម​លើយន្តការ​ដែល​រាជ​រដ្ឋាភិបាល​មាន​ស្រាប់​បាន​ប្រារព្ធ​ទិវាស្អាត​នៅថ្ងៃ​ទី២៦​ ខែវិច្ឆិកា​ ​ឆ្នាំ២០១៧​ ​នៅ​ពហុកីឡដ្ឋាន​ជាតិអូឡាំពិក​បានប្រមូលផ្តុំប្រជាពលរដ្ឋ និងស្ថាប័នរដ្ឋ និងឯកជន​ ​ក៏ដូចជា​សមាគម​ក្នុងស្រុក​ និង​អន្តរជាតិ​ ​រួមទាំង​គ្រឹះស្ថាន​អប់រំ ​ឲ្យ​កាន់តែ​សកម្មខ្លាំង​ឡើងក្នុង​ការចូល​រួម​សំអាត​ទីក្រុង​។

​ក្នុងនាមយុទ្ធនាការ​ «ភ្នំពេញស្អាត» ​ស្ថាប័នរដ្ឋ-ឯកជន​ សមាគម ​និងអង្គការ​មិនមែនរដ្ឋា​ភិបាល បាន​​ចូលរួម​ជ្រោមជ្រែង​ការផ្សព្វផ្សាយ​ និង​បញ្ជ្រាប​ការអប់រំឲ្យ​បានទូលំទូលាយ​ ស្តីពីការទុកដាក់​សំរាមឲ្យ​បានត្រឹមត្រូវ​ ដោយ​ផ្តោត​លើពាក្យ​ស្លោក​មួយឃ្លា​ក្រោម​អត្ថន័យ​ថា៖«សំរាមមិនថ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»​។

ជាមួយ​គ្នានេះ​ លោក ជី សីលា ​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Sabay Group ​បាន​បញ្ជាក់​ថា៖ «ភ្នំពេញស្អាតទទួលបានចំណាប់អារម្មណ៍ដ៏វិជ្ជមានពីគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ​ក្រុមហ៊ុន​ឯកជន​ អង្គការជាតិ​និង អន្តរជាតិ​ព្រមទាំង​ក្រសួងនានា​។ ​យុទ្ធនាការ​ស្អាតនេះ ជាវេទិកា​មួយដែល​ផ្តល់ឱកាស​ឲ្យយើងគ្រប់គ្នា​បានរួបរួមកម្លាំង​ជាធ្លុងមួយ​ដើម្បីចែករំលែក​ចំណេះដឹង​ ​បទពិសោធន៍​ ​យុទ្ធសាស្ត្រ​ក្នុងការការ​ពារ​បរិស្ថាន សោភ័ណ​ភាព​ និងសុខុមាល​ភាព​របស់យើង​ប្រកប​ដោយនិរន្តរភាព​។»

លោកបាន​បន្ត​ថា៖ «​ក្រុមការងារ​យើងខ្ញុំមាន​មោទនភាព​ដែល​យុទ្ធនាការ​នេះ បានជួយ​រំលែកបន្ទុក​មួយក្នុងសង្គម​របស់យើង ​និងបង្កើន​សហប្រតិបត្តិការ​អោយកាន់តែស្អិត​រមួត​រវាងរាជ​រដ្ឋាភិបាល​ វិស័យ​ឯកជន​ សមាគម​ គ្រឹះ​ស្ថានអប់រំ​ ​អង្គការ​ ​ក៏ដូចជា​ក្រុមយុវជន ដើម្បី​រួមចំណែក​ដល់ការ​អភិវឌ្ឍ​ប្រទេសកម្ពុជា​ទៅថ្ងៃអនាគត​»។

​​​រយៈពេលជាង​បីសប្តាហ៍ "យុទ្ធនាការ​ភ្នំពេញស្អាត​" ​បានបញ្ច​ប់ ​ដោយបាន​ការបញ្រ្ជាប​ការ​អប់រំ ដល់​ប្រជា​ពលរដ្ឋ​តាមរយៈ​ការចុះ​អប់​រំផ្ទាល់​ដោយក្រុម​យុវជន​សុឆន្ទៈ​ស្អាត​ និង​តាម​ប្រព័ន្ធផ្សព្វផ្សាយ​ដូចជា​ ការសែត​ ​ទូរទស្សន៍​ ​វិទ្យុ​ ​និងប្រព័ន្ធ​បណ្តាញ​សង្គម​ហើយ​មានកម្មវិធី​មួយចំនួន​ទៀតដែល​មានការចូលរួម​យ៉ាងសកម្មពី​សមាគម​ក្នុងស្រុក​ ​និង​អន្តរជាតិ​ ក៏ដូចជា​ក្រុមហ៊ុន​ឯកជន​​ផងដែរ។ ​សកម្មភាព​របស់ពួកគាត់​រួមមានការ​សំអាតក្រុមហ៊ុន​ ​និងទីធ្លា​ជុំវិញ​ក្រុមហ៊ុន​របស់គាត់​ ​ក៏ដូចជា​បង្កើត​នូវគោលការណ៍​​ ឬបទបញ្ជា​ផ្ធៃក្នុង​ដោយ​ផ្តោតលើ​គោលគំនិត​នៃ​យុទ្ធនាការ​ស្អាត​។​

ជាចុង​ក្រោយ​ ​លោក ឃុត ដារ៉ា ​អនុរដ្ឋ​លេខាធិការ​នៃក្រសួង​បរិស្ថាន​ បានថ្លែង​ថា ការ​បូក​សរុប​ជាលទ្ធផល​រួមនៃយុទ្ធនាការ​រយៈពេលជិត​មួយខែមកនេះ​ គឺទទួល​បាន​ភាពវិជ្ជមាន​ដ៏ប្រសើរ​តាមរយៈ​ការរំលឹក​ស្មារតី​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​សំអាត​បរិស្ថាន​ជុំវិញខ្លួន​។ ​លោក​បាន​គូស​បញ្ជាក់​ថា ​ក្រសួងនឹង​បន្តគាំទ្រ​និង​ប្ដេជ្ញា​ជ្រោមជ្រែង​​យុទ្ធនាការ​នេះ​ទៀត​ជារៀង​រាល់ឆ្នាំ​។

​គួររំលឹក​ថា ​កម្មវិធី​ភ្នំពេញស្អាត​ត្រូវបាន​បង្កើតឡើង​ដោយ​ ​សហស្ថាបនិក​ចំនួន​ ​០៦រូប​ ដែល​មកពីស្ថាប័ន​ផ្សេងៗគ្នា រួមមាន​ ឯកឧត្តម ​ហ៊ុន ម៉ានី​ ប្រធាន​សហភាពសហព័ន្ធ​យុវជន​កម្ពុជា​ លោក ជី សីលា អគ្គនាយ​ប្រតិបត្តិ​ក្រុមហ៊ុន​ Sabay Group ​លោកស្រី ជា សុផល្លា ​ប្រធាន​សភាយុវ​ពាណិជ្ជ​ករអន្តរជាតិ​កម្ពុជា​ និង​អគ្គនាយ​ប្រតិបត្តិក្រុមហ៊ុន​ Emerald Plus ​លោកស្រី​ ហេង​ ​ធីតា នាយក​ផ្នែកសេវាកម្មហិរញ្ញ​វត្ថុបុគ្គល​នៃធនាគារ​ ​CIMB Cambodia PLC ​លោក ​ហៃ ​ភិរម្យ នាយកផ្នែក​យុទ្ធសាស្រ្ត​ជំនួញប្រចាំប្រទេស​ក្នុងតំបន់​មេគង្គនៃ​ក្រុមហ៊ុន​ Bosch និងលោក​ស្រី ទេព កុលាប ​នាយិកា​សកលវិទ្យាល័យ​អន្តរជាតិ​ភ្នំពេញ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី