​ការ​ប្រកួត​​ការ៉ាតេដូ​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧ ​មាន​សន្ទុះ​ខ្លាំង​ជាង​ឆ្នាំ​​ណា​ៗ​ទាំង​អស់

  • 2017-11-27 04:04:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រោយ​បញ្ចប់​ការ​ប្រកួត​​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧ ​របស់​ខេមរៈ​សហព័ន្ធ​កីឡា​ការ៉ាតេដូ​កម្ពុជា​កាល​ពី​ម្សិល​មិញ​ លោក ​សាយ នូរ៉ា អនុ​ប្រធាន​​សហព័ន្ធ​កីឡា​​មួយ​​នេះ​បាន​​អះអាង​ថា ​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧ មាន​សន្ទុះ​ខ្លាំង​ជាង​ឆ្នាំ​ណា​ទាំង​អស់​តាំង​ពី​បង្កើត​សហព័ន្ធ​មួយ​នេះ​ឡើង​មក។

ឯក​ឧត្ដម សាយ នូរ៉ា (ស្ដាំទី១)

ឯក​ឧត្ដម សាយ នូរ៉ា ​បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​កីឡា​ការ៉ាតេដូ​កម្ពុជា​បង្កើត​ឡើង​ក្រោយ​​ឆ្នាំ​១៩៧៩ ​ដោយ​តាំង​ពី​បង្កើត​ឡើង​មក​មិន​​ធ្លាប់​មាន​សន្ទុះ​នៃ​ការ​ចូល​រួម​​ខ្ពស់​ដូច​ឆ្នាំ​នេះ​ឡើយ។ ​​ការ​កើន​ឡើង​នៃ​សន្ទុះ​នេះ​ក្រោយ​មាន​ការ​ចូល​ដឹក​នាំ​​​​ពី​សំណាក់​​ឯក​ឧត្ដម អូន​ ព័ន្ធ​មុន្នី​រ័ត្ន រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​​​​​ ដោយ​ចូល​ដឹក​នាំ​ក្នុង​អាណត្តិ​​ទី​៨ ​ជា​ប្រធាន​ខេមរៈ​សហព័ន្ធ​កីឡា​ការ៉ាតេដូ​កម្ពុជា​។

​ចំណុច​ពិសេស​នៃ​ការ​មក​ដល់​របស់​ប្រធាន​សហព័ន្ធ​ថ្មី​រូប​នេះ​គឺ​បាន​ផ្ដល់​ទីតាំង​ដ៏​ល្អ​ អាច​ប្រើ​ការ​បាន​គ្រប់​បែប​យ៉ាង​​ទាំង​ការ​ប្រកួត​ និង​​ទីតាំង​សម្រាប់​ហ្វឹកហាត់ ដែល​អាច​ជា​ទំនុក​ចិត្ត​មួយ​ដល់​កីឡាករ​-កីឡា​ការិនី​​កម្ពុជា។

​ជា​មួយ​គ្នា​នោះ​ឯក​ឧត្ដម អូន​ ព័ន្ធ​មុន្នី​រ័ត្ន បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ដែរ​ថា ក្នុង​​រយៈ​ពេល​ជាង​ ៥ ​ឆ្នាំ​ទៀត ​ពោល​គឺ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ កម្ពុជា​ត្រូវ​តែ​មាន​កីឡាករ​ចូល​រួម​ឲ្យ​បាន​ច្រើន​នាក់។ ពិសេស​ការ៉ាតេ​ បើ​អាច​មាន​ដល់ ១០០ នាក់​កាន់​តែ​ប្រសើរ ដើម្បី​ទទួល​បាន​ឱកាស​កាន់​តែ​ខ្ពស់​ក្នុង​ការ​ប្រជែង​យក​មេដាយ​ជូន​ជាតិ​។

ឯក​ឧត្ដម អូន​ ព័ន្ធ​មុន្នី​រ័ត្ន

​ព្រឹត្តិការណ៍​​​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧ របស់​ខេមរៈ​សហព័ន្ធ​កីឡា​ការ៉ាតេដូ​កម្ពុជា​មាន ៣២ ក្លឹប​-​សមាគម​ចូល​រួម​ក្នុង​នោះ​មាន​​កីឡាករ​-​កីឡា​ការិនី​ ១៥៦ នាក់៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​