ប្រយ័ត្ន​សម្ដី​ធានា ៣ យ៉ាង​នេះ សម្អាងការ​ឧស្សាហ៍​កុហក​កូន​កំលោះ​កូន​ក្រមុំ

  • 2017-11-27 08:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ធម្មតា​ទេ ដែល​អ្នក​លក់​តែង​និយាយ​ល្អ ព្រម​ទាំង​ធានា​សេវាកម្ម​របស់​ខ្លួន នៅ​ពេល​មាន​ភ្ញៀវ​ចាប់​អារម្មណ៍​ទិញ។ ជាក់​ស្ដែង បើ​អ្នក​ត្រៀម​រៀប​ការ ប្រាកដ​ជា​ឮ​សម្ដី​ផ្អែម និង​ការ​ធានា​ផ្សេងៗ នៅ​ពេល​ទៅ​ជួប​សាក​សួរ​ព័ត៌មាន​ពី​សម្អាង​ការ។ សម្អាង​ការ​មួយ​ចំនួន ផ្ដល់​សេវាកម្ម​ល្អ​មែន ឯ​មួយ​ចំនួន​ទៀត ក៏​ចេះ​តែ​ធានា​ឲ្យ​ផុត​តែ​ពី​មាត់។

Sabay សូម​លើក​យក​ពាក្យ​ធានា​ឲ្យ​ផុត​តែ​ពី​មាត់ ៣ យ៉ាង របស់​សម្អាង​ការ ដើម្បី​ជា​ការ​ប្រយ័ត្ន​ប្រយែង​សម្រាប់​អ្នក​ត្រៀម​រៀបការ។

១. «កុំ​ភ័យ រឿង​សម្លៀក​បំពាក់ បង​ធានា​រៀបចំ​ម៉ា​ស្អាត​នៅ​ថ្ងៃ​ការ»

មុន​ចរចា​ត្រូវ​តម្លៃ​គ្នា កូន​កំលោះ​កូន​ក្រមុំ ប្រាកដ​ជា​សួរ​ជីក​ឫស​ជីក​គល់​បញ្ជាក់​រឿង​ខោអាវ ទាំង​ឈុត​ប្រពៃណី និង​សម័យ។ សម្អាង​នឹង​ធានា​រៀបចំ​មិន​ឲ្យ​ខុស នៅ​ថ្ងៃ​ការ ព្រម​ទាំង​ឲ្យ​កូន​កំលោះ​កូន​ក្រមុំ​មក​ជ្រើសរើស​ម៉ូដ និង​ល មុន​ជិត​ដល់​ថ្ងៃ​រៀបការ។ ប៉ុន្តែ បញ្ហា​មួយ​ចំនួន​ដែល​អ្នក​រៀបការ​រួច បង្ហើប​ប្រាប់ Sabay គឺ​ពេល​ដល់​ថ្ងៃ​ការ សម្អាង​ការ ដាក់​ខោអាវ​មក​ត្រូវ​មែន ប៉ុន្តែ​អត់​ថ្មី​ដូច​ពេល​ទៅ​មើល ហើយ​សំពត់​សម្រាប់​ប្រើ​ក្នុង​ឈុត​ប្រពៃណី ឡើង​ទក់​ចេញ​ផ្នត់ៗ ដូច​គេ​ទើប​ស្លៀក​រួច។ ករណី​ខ្លះ យក​ខោអាវ​មក ច្រឡំ​ម៉ូដ​ទៀត។

២. «បង​ដាក់​គ្រឿង​អលង្ការ​ណា​ថ្មីៗ​ទាំង​អស់»

ពេល​មើល គឺ​មើល​គ្រឿង​អលង្ការ​ប្រាក់​អ៊ីតាលី និង​មាន​ក្រូមេ​ពណ៌​មាស​ស្អាត​ថ្មី​ឆ្អិន​ឆ្អៅ ហើយ​សម្អាង​ការ​នឹង​ប្រាប់​ថា រៀបចំ​របស់​ទាំង​នេះ​ឲ្យ​ម៉ា​ស្អាត។ ប៉ុន្តែ អ្នក​ឆ្លង​កាត់​រួច បង្ហើប​ថា បើ​អត់​ម៉ត់ចត់ follow up ជា​ប្រចាំ​ទេ សម្អាង​ការ អាច​ធ្វើ​ស៊ី​យក​គ្រឿង​អលង្ការ​ចាស់​ខុស​ពី​កាល​និយាយ​គ្នា ព្រោះ​គេ​ត្រូវ​រត់​ច្រើន​រោង ចឹង​របស់​ដាក់​មក ជួន​កាល​វល់។

៣. «ចាំ​បង​ដាក់​អ្នក Makeup ពូកែ​ឲ្យ»

មុន​ត្រូវរ៉ូវ​គ្នា​ជាមួយ​សម្អាងការ កូន​ក្រមុំ​ប្រាកដ​ជា​មើល Album រូប​គំរូ និង​សួរ​រក​អ្នក Makeup ស្អាត។ ខាង​សម្អាងការ នឹង​ណែនាំ និង​កក់​អ្នក Makeup ម្នាក់​នោះ​ឲ្យ។ ប៉ុន្តែ ដល់​ថ្ងៃ​ការ អ្នក Makeup បញ្ជូន​មក អាច​ជា​អ្នក​ផ្សេង​វិញ ដោយ​សារ​ហេតុ​ផល​ផ្សេងៗ។

អ្នក​ត្រូវ​បញ្ជាក់​រឿង Makeup ម្ដង​ទៀត មុន​ដល់​ថ្ងៃ​ការ​តែ​ម្ដង ព្រោះ​បង្ការ​ក្រែង​លោ​អ្នក Makeup ដែល​យើង​ពេញ​ចិត្ត​រវល់​ជាប់​អ្នក​ផ្សេង​វិញ ឬ​ឈឺ ដោយ​សារ​រត់​ច្រើន​រោង ក្នុង​រដូវ​ការ។

ជា​ធម្មតា រដូវ​រៀបការ សម្អាង​ការ​ត្រូវ​រត់​ច្រើន​រោង មាន​ខ្លះ​រត់​ដល់​ បួន ប្រាំ រោង​ឯណោះ។ អ៊ីចឹង ការ​រៀបចំ​សម្រាប់​ភ្ញៀវ ប្រាកដ​ជា​វល់​ដូច​ខ្ទឹម​លីង​ជា​មិន​ខាន បើ​សម្អាង​ការ​នោះ មិន​ចេះ​វិធី​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ និង​គិត​តែ​ចង់​បាន​ភ្ញៀវ​ច្រើន​ហួស​ប្រមាណ។ អ្នក​ត្រូវ​សួរ​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត និង​បញ្ជាក់​រហូត​ដល់​ជិត​ដល់​ថ្ងៃ​ការ​មែន​ទែន និង​ដល់​ថ្ងៃ​ការ​តែ​ម្ដង ដើម្បី​ចៀសវាង​បញ្ហា​ទាំង​នេះ៕

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម