ចម្រៀង​១​បទ​ត្រឹម​៣​នាទី ដឹង កញ្ចនា​ ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​ផលិត​?(វីដេអូ)

  • 2017-11-29 04:20:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិត្ត​ កញ្ចនា ត្រូវ​បាន​អ្នក​និយម​ចូល​ចិត្ត​វិស័យ​សិល្បៈ​ស្គាល់​ថា ជា​សិល្បការិនី​លេច​ធ្លោ​ម្នាក់​ក្នុង​រង្វង់​អ្នក​ចម្រៀង​តែង​និពន្ធ​ថ្មី​ជា​ច្រើន​។ យុវតី​រូប​នេះ​​​មាន​ទឹក​ដៃ​ល្អក្នុង​ការ​និពន្ធ​បទ​ចម្រៀង​យ៉ាង​​ពីរោះ និង​ពោរពេញ​ដោយ​​អត្ថន័យ​ផ្សេងៗ ​ធ្វើ​ឲ្យ​អារម្មណ៍​​ និង​បេះ​ដូង​អ្នក​ស្ដាប់​ទោទន់ទៅតាមបទចម្រៀង​គ្រប់ៗ​គ្នា។

ជា​ទូទៅ ប្រិយមិត្ត​​​ចំណាយ​ពេល​ត្រឹម​​៣​នាទី​ ឬ​លើស​ពី​នេះ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ដើម្បី​ស្ដាប់​ចម្រៀង​១​បទ​​របស់​តារា​ស្រី​ខាង​លើ។ ដូច្នេះ​តើ​ចង់​ដឹង​ទេ​ថា មុន​​សម្រេច​ចេញ​ជា​ចម្រៀង​ដែល​មាន​គុណភាព​មួយបទ តើ​អ្នក​និពន្ធ​ និង​ចម្រៀង​រូប​នេះ​ ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ដើម្បី​សម្រិត​សម្រាំង​ឡើង?​​

ជំនួប​ជា​មួយ Sabay ម្ចាស់​បទ "អ្នក​ដទៃ" ប្រាប់​ថា ចម្រៀង​១​បទ​ គឺ​តម្រូវ​ឲ្យ​កញ្ញា​ចំណាយ​ពេល​វេលា និង​ចិត្ត​គំនិត​ច្រើន​ក្នុង​ការ​ផលិត​ ត្បិត​នាង​​ចង់​ឲ្យ​ស្នាដៃ​នីមួយ​ៗ​ចេញ​ទៅ​មាន​គុណភាព និង​​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​ខកបំណង​។ "បើ​យើង​ធ្វើ​លេងៗ វា​អត់​​ជា​បញ្ហា​ទេ តែ​បើ​យើង​ចង់​ឲ្យ​ចម្រៀង​យើង​ចេញ​មក​មាន​ទាំង​គុណភាព ហើយ​ពីរោះ​ វា​ត្រូវ​ឲ្យ​យើង​ចំណាយ​ពេល​ច្រើន​មែន​ទែន" កញ្ចនា រៀប​រាប់។

នាង​ លម្អិត​ថា មុន​​ចម្រៀង​១​បទ​លេច​ចេញ​ជា​រូប​រាង ជំហាន​ដំបូង​​គឺ​ត្រូវ​មាន​ប្រធាន​បទ ដោយ​​ត្រូវ​សម្រេច​ចិត្ត​ថា​គួរ​សរសេរ​ចម្រៀង​បែប​ណា​ដូចជា ស្នេហា​ កម្សត់​ ឬ​រីករាយ បន្ទាប់​មក​ទើប​ចាប់​ផ្ដើម​រៀបរៀង​ទំនុក​ច្រៀង និង​ទំនុក​ភ្លេង​ ដោយ​​ប្រើ​​ជា​មួយ​ឧបករណ៍​តន្រ្តី​ហ្គីតា។

ក្រោយ​ចង​ក្រង ទំនុក​ច្រៀង និង​ទំនុក​ភ្លេង​រួច នាង​​ត្រូវ​បន្ត​ហាត់​​សម​បន្ថែម​​ជា​មួយ​ហ្គីតា ហើយ​​ថត​ទុក​ធ្វើ​ជា​សេចក្ដី​ព្រាង​ទី​១ ឬ 1st Draft។ ពេល​យល់​ថាសេចក្ដី​ព្រាង​​នោះ​ មាន​ភាព​ល្អ​គ្រប់​គ្រាន់​ ទើប​នាង​បន្ត​បញ្ជូន​សំឡេងដែល​ថត​រួច​​ទៅ​ឲ្យ​អ្នក​ផលិត និង​សម្រួល​តន្ត្រី​ក្នុង​ស្ទូឌីយោ​​ស្ដាប់ និង​ប្រាប់​​ពី​ទម្រង់​សាច់​ភ្លេង​ដែល​ខ្លួន​ចង់​បាន​។

ទោះ​សម្រេច​បាន​ទំនុក​ច្រៀង និង​សាច់​ភ្លេង​ក្ដី កវី​វ័យ​ក្មេង​រូប​នេះថា​ នៅ​តែ​មាន​ការ​លំបាក​ ព្រោះ​ជា​ទូទៅ ​​ភ្លេង​ដែល​​លេង​ជា​មួយ​តែ​ហ្គីតា​១​មុខ និង​ភ្លេង​ពេញ​ដែល​បូក​ផ្សំ​ពី​ឧបករណ៍​តន្ត្រី​ជា​ច្រើន​មាន​ភាព​​ខុស​គ្នា​​ ដូច្នេះ​ទើប​តម្រូវ​ឲ្យ​នាង​ព្យាយាម​ហាត់​សម​ម្ដង​ទៀត​ឲ្យ​ស្ទាត់​សិន​ មុន​ទៅ​ថត​សំឡេងជា​ផ្លូវ​ការ។ ដំណើរ​ការ​ដែល​បាន​រៀប​រាប់​នេះ ​អាច​ចំណាយ​ពេល​២​ ទៅ​៣​សប្ដាហ៍​​ទើប​រួច​រាល់។

"បើ​ប្រញាប់​​ខ្លាំង​អាច​ប្រើ​ពេល​​១០​ថ្ងៃ​​ ដើម្បី​ឲ្យ​​យើង​ចេះ​ស្ទាត់​ មុន​យក​ទៅ​ថត ហើយ​ទម្រាំ​គេ​បញ្ចូល​​សំឡេងយើង​(Mastering)​ ជា​មួយ​ភ្លេង​ គឺ​ត្រូវ​ចំណាយ​ពេល​ខ្លះ​ទៀត​។ និយាយ​ទៅ​ សរុប​ជិត​១​ខែ​ដែរ ដើម្បី​បាន​ចម្រៀង​១​បទ ត្រឹម​៣​ទៅ៤​នាទី​ហ្នឹង"។ ម្ចាស់​បទ "Forgive Me" បញ្ជាក់។

កញ្ចនា ងាក​មក​បន្ថែម​​​ទៀត​ថា សម្រាប់​ 1st Draft ដែល​បាន​រៀប​រាប់​ខាង​លើ ​អាច​ចំណាយ​ពេល​ខ្លី​ជាង​នេះ​ បើ​រូប​នាង​មាន​អារម្មណ៍​សរសេរ​ស្រាប់ ពោល​គឺ​ធ្វើ​ត្រឹម​១​ ឬ​២​ថ្ងៃ​​គឺ​រួច​រាល់​។ ជា​មួយ​គ្នា​នេះ នាង​សង្កត់​ន័យ​ទៀត​ថា ​ដំណើរ​ការ​ផលិត​ក្នុង​ស្ទូឌីយោ ​គឺ​នៅ​តែ​យូរ​ ព្រោះ​​ត្រូវ​គិត​ឲ្យ​លម្អិត​​មែន​ទែន​ថា​គួរ​ដាក់​ស្គរ​បែប​ណា ភ្លេង​បែប​ណា​ ឲ្យ​ត្រូវ​តាម​អារម្មណ៍​នៃ​បទ​​ចម្រៀង ​មិន​អាច​ចេះ​តែ​ចេញ​ទៅ​ដោយ​មិន​បាន​ព្រាង​ទុក​នោះ​ទេ៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម