កូនខ្មែរមួយរូបចាយលុយរាប់ពាន់ដុល្លារ បង្កើតសៀវភៅទ្រឹស្ដីអ្នកប្រាជ្ញល្បីៗលើលោក

  • 2017-11-29 05:18:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​គួរ​កោត​សរសើរ​ដែល​យុវជន​ខ្មែរ​ម្នាក់ បាន​សិក្សា​ស្រាវជ្រាវ​អំពី​ទ្រឹស្ដី​របស់​អ្នក​ប្រាជ្ញ​ល្បីៗ​នៅ​លើ​ពិភពលោក ដើម្បី​ចងក្រង​ធ្វើ​ជា​សៀវភៅ​ចែក​រំលែក​ចំណេះ​ដឹង​ដល់​ក្មេង​ជំនាន់​ក្រោយ។

រៀបរាប់​មក​កាន់​ Sabay យុវជន​ ឈុន សំណាង មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់ធំ ប្រាប់​ថា​ខ្លួន​បាន​បញ្ចប់​ការ​សិក្សា នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុរាជ​ ជំនាញ​ទស្សនៈ​វិទ្យា និង​ព្រះពុទ្ធ​សាសនា ព្រម​ទាំង​បញ្ចប់​ការ​សិក្សា នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ផ្នែក​ទំនាក់ទំនងអន្តរជាតិ និង​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​មក​ពី​ប្រទេស​ឥណ្ឌា ផ្នែក​ទស្សនវិទ្យា។

យុវជន ឈុន សំណាង

មូលហេតុ​ដែល​ជំរុញ​ឲ្យ​លោក​លះបង់​ពេល​វេលា និង​ប្រាក់​ផ្ទាល់​ខ្លួន ដើម្បី​ចងក្រង​សៀវភៅ​មួយ​ក្បាល​ឈ្មោះ​ថា ប្រជុំ​ទ្រឹស្ដី​ទស្សនវិទូល្បីៗ ​ដោយសារ​រូប​លោក​​ស្រឡាញ់​ផ្នែក​ទស្សនៈ​វិទ្យា និង​ចង់​ចែក​រំលែក​ចំណេះ​ដឹង​របស់​អ្នក​ប្រាជ្ញ​ល្បីៗ​នៅ​លើ​ពិភពលោក​ទៅ​កាន់​ក្មេង​ជំនាន់​ក្រោយ។ សំណាង​បន្ត​ទៀត​ថា ទស្សនៈ​វិទ្យា គឺ​សំខាន់​បំផុត​សម្រាប់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ម្នាក់ៗ ប្រសិន​បើ​ខ្វះ​មូលដ្ឋាន​គ្រឹះ​ផ្នែក​នេះ នោះ​មនុស្ស​ម្នាក់​ៗ​មិន​​អាច​គិត​ពិចារណា​បាន​ស៊ី​ជម្រៅ​នោះ​ទេ។

មូល​ហេតុ​ចម្បង​មួយ​ទៀត​នោះ ដោយសារ​លោក​ឃើញ​ថា សៀវភៅ​ទស្សនៈ​វិទ្យា​ដែល​មាន​បច្ចុប្បន្ន​គឺ​ សុទ្ធ​តែ​ជា​សៀវភៅ​ចាស់​ៗ​សល់​ពី​ជំនាន់​មុន​ៗ​ អក្សរ​ក៏​ពិបាក​មើល ពាក្យពេចន៍​ប្រើប្រាស់​សុទ្ធ​តែ​ពាក្យ​ពិបាក​យល់ ព្រោះ​ជា​ទស្សនៈ​សុទ្ធសាធ​មិន​មាន​ការ​សម្រាយ​អ្វី​ឡើយ។ ដូច្នេះ​ហើយ​បាន​ជា​សំណាង​ចង់​បង្កើត​សៀវភៅ​ថ្មី​ ដើម្បី​ងាយ​ស្រួល​សិក្សា​ ដោយ​ព្យាយាម​សម្រាយ​អត្ថន័យ​ងាយ​យល់ មាន​លម្អ​ដោយ​រូបភាព​ស្អាតៗ​ពណ៌​ធម្មជាតិ និង​ពាក្យ​ពេចន៍​ប្រើប្រាស់​តាម​បែប​សម័យ​កាល​បច្ចុប្បន្ន​មិន​ពិបាក​យល់​នោះ​ទេ។

ទម្រាំ​ចងក្រង​បាន​ជា​សៀវភៅ​មួយ​ក្បាល​យុវជន​វ័យ​ក្មេង​រួប​នេះ​ប្រាប់​ថា ត្រូវ​ទិញ​សៀវភៅ​ច្បាប់​ដើម​របស់​អ្នក​ប្រាជ្ញ​ល្បី​ៗ​ជា​ភាសា​អង់គ្លេស​ ដើម្បី​យក​មក​ប្រែ​សម្រួល​ដូចជា ទ្រឹស្ដី​ព្រះពុទ្ធ ខុងជឺ ស៊ុង ស្សឺ ហេរ៉ា​លីទូស សូក្រាត ផ្លាតូ អារីស្តូត ចាន់​ណាខ្យា​ជា​ដើម​។ បើ​សរុប​ជា​ចំនួន​វិញ​គឺ​រហូត​ជាង ៣០​ក្បាល​ឯណោះ ដោយ​ទិញ​នៅ​ប្រទេស​ឥណ្ឌា​ពេល​លោក​សិក្សា​នៅ​ទីនោះ។

ចំណែក​ការ​ចំណាយ​វិញ​ សំណាង​ប្រាប់​ថា អស់​ប្រមាណ​ជាង ៥ ០០០ ដុល្លារ​ក្នុង​នោះ​ត្រូវ​ចំណាយ​លើ​ថ្លៃ​អាហារ និង​កាហ្វេ​ឲ្យ​អ្នក​ឌីហ្សាញ​សៀវភៅ​ជា​ប្រចាំ​ថ្ងៃ ថ្លៃ​ទិញ​សៀវភៅ​ទស្សនៈ​វិទ្យា​ជា​ច្រើន​ក្បាល និង​ថ្លៃ​បោះពុម្ព​សៀវភៅ​ចំនួន ១ ០០០​ក្បាល និង​ត្រូវ​ចំណាយ​ពេល​វេលា​រហូត​ទៅ​ដល់ ៨​ខែ​ឯណោះ គិត​ចាប់​ពី​ខែ​មីនា​មក។ ​

យុវជន​រូប​នេះ​រំពឹង​ថា នៅ​ពេល​សៀវភៅ​នេះ​ចេញ​លក់​ជា​ផ្លូវ​ការ​នឹង​មាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​សិក្សា ទាំង​ឡាយ។ ដោយ​ហេតុ​ថា អ្នក​អាន​នឹង​ទទួល​បាន​ចំណេះ​ដឹង​ជា​ច្រើន​ដូចជា ទស្សនៈ​អ្នក​ប្រាជ្ញ​ល្បីៗ​ដើម្បី​ផ្ដល់​ជា​គំនិត​ពិចារណា ចំណេះ​ដឹង​ផ្នែក​សាសនា វិទ្យាសាស្ត្រ សេដ្ឋកិច្ច ជា​ដើម៕ ​​

អត្ថបទ៖ វឌ្ឍនៈ