បណ្ដាញចោរធំមួយដែលប្លន់ម៉ូតូជាង ៦០០គ្រឿង ត្រូវបានប៉ូលិសវៀតណាមបំបែកបាន

  • 2017-11-29 14:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីក្រុងហាណូយ ប្រទេសវៀតណាម ប៉ូលិស បានបំបែកបណ្ដាញចោរមួយដ៏ធំ ដែលមានជាប់ពាក់ព័ន្ធនឹងការប្លន់ម៉ូតូជាង ៦០០គ្រឿង នារយៈពេល ១ឆ្នាំចុងក្រោយ នៅក្នុងទីក្រុងមួយនេះ និងនៅតាមតំបន់ដទៃផ្សេងទៀតនៅទូទាំងប្រទេស។

បើតាមនាយកដ្ឋានប៉ូលិសនៅទីក្រុងហាណូយ បានឲ្យដឹងថា ម៉ូតូដែលចោរលួចបាន គឺត្រូវបានយកទៅលក់នៅតាមបណ្ដាខេត្តផ្សេងៗទៀតនៅវៀតណាម និងនៅប្រទេសជិតខាងខ្លួនដូចជា ចិន និងកម្ពុជា។ ប៉ូលិសបានបង្ក្រាបជនសង្ស័យសរុប ២៩រូប និងសួរចម្លើយមនុស្សមួយចំនួនទៀត ពីចន្លោះថ្ងៃទី ១៤ ដល់ ១៨ខែតុលាកន្លងទៅ។ បើតាមព័ត៌មានបឋម បណ្ដាញចោរដ៏ធំមួយនេះ ចែកចេញជា ៧ ក្រុមតូចៗទៀតដែលបានធ្វើសកម្មភាពប្លន់នៅក្នុងទីក្រុងហាណូយ និងតំបន់មួយចំនួនទៀតនៅវៀតណាម។

ក្រុមធំជាងគេ ក្រោមការដឹកនាំរបស់ជនឈ្មោះ Nguyen Quang Dinh មានដៃជើងចំនួន ២៧នាក់ដែលធ្វើសកម្មភាពប្លន់នៅសង្កាត់មួយចំនួននៅទីក្រុងហាណូយ ហើយភាគច្រើនម៉ូតូដែលក្រុមនេះប្លន់បាន ត្រូវបានយកទៅលក់ដល់ចិន។ ក្រុមចោរមួយមួយចំនួនទៀតក្រោមបញ្ជា Dinh Thi Hoa, Ha Van Dung, Nguyen Van Sy និងមនុស្សមួយចំនួនទៀត ចេញប្រតិបត្តិការប្លន់នៅខេត្ត Quang Ninh និងTay Ninh។ ដោយឡែកក្រុមតូចដទៃទៀត ក្រោមការដឹកនាំរបស់ Do Quang Ha ចេញប្លន់នៅ ទីក្រុងហូជីមិញ ខេត្ត Binh Phuoc និងភាគខាងត្បូងខេត្ត Tay Ninh។ Do Quang Ha ត្រូវបានជាប់ចោទពីបទលក់ម៉ូតូប្លន់បាននៅកម្ពុជា។

បើតាមលោក Duong Van Giap មន្ត្រីរបស់នាយកដ្ឋានប៉ូលិសទីក្រុងហាណូយ បានបញ្ជាក់ថា មេៗបណ្ដាញចោរ ភាគច្រើនត្រូវបានចាប់ខ្លួនអស់ហើយ នៅសល់តែមួយចំនួនទៀតប៉ុណ្ណោះ ដែលកំពុងរត់គេចខ្លួន៕

ប្រភព៖ Huffingtonpost   ប្រែសម្រួល៖ ហ៊ីម រស្មី