ទស្សនីយភាព​សិល្បៈបុរាណ​៤ប្រភេទ​នឹងសម្ដែងជូនក្នុងពិធីបួងសួង​មុខប្រាសាទអង្គរ

  • 2017-12-01 11:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​វប្បធម៌​នឹង​បង្ហាញ​ទស្សនីយ​ភាព​សិល្បៈ​បុរាណ​ខ្មែរ​ចំនួន​៤​ប្រភេទ នៅ​ក្នុង​ពិធី​បួង​សួង​ចម្រើន​សេចក្ដី​​​សុខ​ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា និងរាប់បាតរព្រះសង្ឃ ៥០៥០អង្គ​ ដែលប្រារព្ធធ្វើនៅមុខ​ប្រាសាទ​អង្គរ នៅ​ថ្ងៃទី​០២ និងទី០៣ ខែធ្នូ ឆ្នាំ២០១៧។ នេះបើ​តាមការ​ឲ្យ​ដឹង​របស់​ឯកឧត្តម ម៉ៅ កេង ទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និងវិ​ចិត្រសិល្បៈ។

ឯកឧត្តម​បញ្ជាក់​ឲ្យ​ដឹង​ថា ទម្រង់​សិល្បៈ​ទាំង​៤នេះ​រួមមាន របាំក្បាច់​បុរាណ របាំ​ប្រពៃ​ណី ល្ខោន​យីកេ និង​ល្ខោន​បាសាក់​ ដែលត្រូវ​សម្ដែង​ដោយសិល្បៈករ សិល្បៈការិនី​របស់ក្រសួង​វប្បធម៌​សរុប​ប្រមាណ​១២០​នាក់។ ឯកឧត្តម​បញ្ជាក់​ថា ទឹកដី​អង្គរ​ជាទីក្រុង​បុរាណ​របស់​កម្ពុជា ដូច្នេះ​​ការ​បង្ហាញ​ទម្រង់​សិល្បៈ​បុរាណ​ក៏ជា​ផ្នែក​មួយ​បង្ហាញ​ពី​វប្បធម៌-អរិយធម៌​របស់​ខ្មែរ​ផង​ដែរ។

កន្លង​មក​កម្ពុជាមិនធ្លាប់រៀប​ចំពិធី​ក្រុង​ពាលី​បួងសួង​សុំសេចក្ដី​សុខ​ដ៏ធំ​សម្បើម​បែប​ដូច្នេះ​ឡើយ ហើយ​​ការចូលរួមសម្ដែង​ទស្សនីយភាព​សិល្បៈ​បុ​រាណខ្មែរក្នុងពិធី​បួងសួង​នេះ ក៏​ជា​បង្ហាញ​ពីភាព​អធិកអធម និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​បង្ហាញ​​ថា កម្ពុជា​មាន​ភាព​ថ្លៃថ្នូរ​ក្នុង​សុខ​សន្ដិ​ភាព ហើយ​ប្រទេស​​យើង​ក៏​កំពុង​អភិវឌ្ឍន៍ធ្វើ​ដំណើរ​ទៅ​មុខ​ដូច​​បណ្ដា​ប្រទេសដទៃទៀតផងដែរ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាមន្ដ្រីនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានថ្លែង​ឲ្យ​ដឹងថា បើគិត​តាម​ផែនការ ការរៀបចំ​ទីតាំង​សម្រាប់ប្រារព្ធពិធីបួងសួង​ចម្រើនសេចក្ដីសុខ​ជូនដល់​ព្រះរា​ជា​​​ណាចក្រ​កម្ពុជា​​ គឺ​​​សម្រេចបាន ៩០%ហើយ។ ដោយឡែកពាក់ព័ន្ធទៅនឹងការងារផ្សព្វផ្សាយវិញ​ក៏​សម្រេច​បាន​ប្រមាណ ៩០%ផងដែរ ដោយមាន​ការ​សហការជាមួយនឹង​ស្ថានីយ៍ទូរទស្សន៍ និង​វិទ្យុនា​នា​។

កឧត្តម​បញ្ជាក់​ថា មានអ្នកសារព័ត៌មានជាតិនិងអន្ដរជាតិប្រមាណ ១៤០នាក់​នឹងចូល​រួម​ក្នុងពិធីនេះ​ផង​ដែរ។ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងព័ត៌មានបានបញ្ជាក់ឲ្យដឹងថា កន្លងមក​កម្ពុជាធ្លាប់រៀប​ចំ​ពិធីបួងសួង​ច្រើន​លើក​មកហើយនៅបរិវេណប្រាសាទអង្គរវត្តជាក់ស្ដែងដូចជានៅពិធីបុណ្យមាឃបូជាជាដើម។ ប៉ុន្ដែសម្រាប់​ការបួង​សួង​ថ្នាក់រាជរដ្ឋាភិបាល​ដែលមានមន្ដ្រីគ្រប់ជាន់ថ្នាក់ចូលរួមបែបនេះ គឺជារៀបចំ​ជាលើកទី​១​ប៉ុណ្ណោះ​។​ ឯកឧត្តមបន្ថែមថា ការរៀបចំពិធីបួងសួងនេះក្រៅតែសុំសេចក្ដីសុខ និង​រំលឹកគុណ​ដល់វត្ថុសក្ដិសិទ្ធ ​ម្ចាស់​ទឹក​ម្ចាស់​ក្ដី ក៏​ជា​ការ​បង្ហាញ​ពី​ភាព​រឹង​មាំ​របស់​ប្រជាជាតិខ្មែរ​ផង​ដែរ។

អត្ថបទ៖ រស់ សុជាតិ

អត្ថបទពេញនិយម