កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​នៅ​​ World Cup

  • 2017-12-02 02:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាប់​ឆ្នោត​រើស​ពូល​សម្រាប់​ពានរង្វាន់​​ World Cup ឆ្នាំ​២០១៨​បាន​ធ្វើ​រួច​រាល់​អស់​ហើយ​កាល​ពី​យប់​មិញ​។ សម្រាប់​ក្រុម​ទាំង​៣២​នឹង​បែងចែក​ទៅ​ជា​៨​ពូល​ពី A ដល់​ H ហើយ​ក្នុង​មួយ​ពូល​មាន​៤​ក្រុម។​ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១៥​ មិថុនា​ ដល់​ថ្ងៃ​ទី​១៦​ ខែ​កក្កដា ឆ្នាំ​២០១៨​ នៅ​លើ​ទឹកដី​រុស្ស៊ី។

យ៉ាង​ណា​មុន​ការ​ប្រកួត​ចូល​មក​ដល់​នៅ​ឆ្នាំ​ក្រោយ​ Sabay សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​អាន​កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​នៅ World Cup៖

  • អាល្លឺម៉ង់​នឹង​ក្លាយ​ជា​ក្រុម​ដំបូង​ដែល​អាច​ការពារ​ជើង​ឯក​ World Cup បាន​គិត​ចាប់​ពី​ឆ្នាំ​១៩៦២​ បើ​សិន​ជា​ពួកគេ​អាច​ឈ្នះ​ World Cup នៅ​ប្រទេស​រុស្ស៊ី។ បើ​ឈ្នះ​លើក​នេះ​ទៀត​ពួកគេ​នឹង​លើក​ពាន​៥​ដង​ស្មើគ្នា​ជាមួយ​ប្រេស៊ីល។

  • ក្រុម​ការពារ​តំណែង​ជើង​ឯក ​World Cup ២​ក្រុម​ចុងក្រោយ​តែងតែ​ធ្លាក់​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូល​ (អ៊ីតាលី​ជើង​ឯក​២០០៦​ធ្លាក់​វគ្គ​ចែក​ពូល​ឆ្នាំ​២០១០ ហើយ​អេស្ប៉ាញ​ជើង​ឯក​២០១០​ធ្លាក់​វគ្គ​ចែក​ពូល​ឆ្នាំ​២០១៤)។

  • អ៊ីស្លង់​ និង​ប៉ាណាម៉ា​ គឺ​ជា​ប្រទេស​ដែល​បង្ហាញ​ខ្លួន​​ដំបូង​នៅ​ World Cup លើក​នេះ​។

  • ក្រុម​ម្ចាស់​ផ្ទះ​ World Cup ភាគច្រើន​តែងតែ​ឡើង​ផុត​វគ្គ​ជម្រុះ​តាម​ពូល​ លើក​លែង​តែ​អាហ្វ្រិកខាងត្បូង​មួយ​ប៉ុណ្ណោះ​ដែល​ធ្លាក់​កាល​ World Cup ២០១០។

  • ព្រឹត្តិការណ៍​ World Cup ទាំង​២០​លើ​ឈ្នះ​ដោយ​ក្រុម​មក​ពី​អឺរ៉ុប​ ១១​លើ និង​មក​ពី​អាមេរិក​ខាងត្បូង​ (ឡាទីន) ៩​លើក។

  • ​ប្រេស៊ីល​គឺ​ជា​ក្រុម​តែ​មួយ​គត់​ដែល​បង្ហាញ​ខ្លួន​គ្រប់​ព្រឹត្តិការណ៍​ចាប់​តាំង​ពី​ World Cup បង្កើត​មក។

  • បើ​ឈ្នះ​ World Cup ព័រទុយហ្គាល់​អាច​ក្លាយ​ជា​ក្រុម​ទី​៤​ដែល​ឈ្នះ​ពាន​ទ្វីប​អឺរ៉ុប​ និង​បន្ទាប់​មក​ឈ្នះ​ World Cup។​ អាល្លឺម៉ង់​, បារាំង​ និង​អេស្ប៉ាញ​សុទ្ធតែ​ធ្លាប់​ធ្វើ​បាន​កំណត់ត្រា​នេះ​។

  • ជើង​ឯក​ World Cup ទាំង​២០​លើក​សុទ្ធ​តែ​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​មក​ពី​ប្រទេស​របស់​ពួកគេ។ ឧទាហរណ៍​៖ World Cup ២០០៦ លោក Marcello Lippi ជនជាតិ​អ៊ីតាលី​ ដឹកនាំ​អ៊ីតាលី​ឈ្នះ​ពាន, World Cup ២០១០ លោក​ Vicente del Bosque ជនជាតិ​អេស្ប៉ាញ​ដឹកនាំ​អេស្ប៉ាញ​ឈ្នះ​ពាន និង​ World Cup ២០១៤ លោក Joachim Löw ជនជាតិ​អាល្លឺម៉ង់​ដឹកនាំ​អាល្លឺម៉ង់​ឈ្នះ​ពាន៕ ​

អត្ថបទ៖ វីរ៉ុត