ចង់​ដឹង សុគន្ធ និសា ជួល​​សម្អាងការ​ថ្លៃប៉ុន្មាន​ទេ?

  • 2017-12-02 03:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មិន​និយាយ​ថ្លៃ​ចំណាយ​នៃ​មង្គល​ការ​ទាំង​អស់ Sabay លើក​តែ​ថ្លៃសម្អាងការ​ប៉ុណ្ណោះ​ដែល​តារា​ចម្រៀង សុគន្ធ និសា ជួល​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​នាង។ តារា​ចម្រៀង​ស្រី​រូប​នេះ បាន​ចំណាយ​ប្រាក់​អស់​ចំនួន​៤ ៨០០ ដុល្លារ នេះ​បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​​ថៅកែសម្អាងការ។

សម្អាងការ​ដែល សុគន្ធ និសា ជួល​នេះ​មាន​ឈ្មោះ​ថា “ណុបដាណេសម្អាងការ ” ដែល​ជា​សម្អាងការ​ល្បី​ឈ្មោះ​មួយ​ក្នុង​ចំណោម​សម្អាងការ​ល្បី​ក្នុង​​ប្រទេស​កម្ពុជា។ លោក ណុប ដាណេ ដែល​ជា​អ្នក​ផាត់​មុខ​ធ្វើ​សក់​ និង​ជា​ថៅកែ​សម្អាងការ បាន​ឲ្យ​ដឹង​ថា សម្អាងការ​របស់​​លោក​មាន​តម្លៃ​ចែក​ចេញ​​ជា​៤កញ្ចប់​ផ្សេង​គ្នា ដោយ​ក្នុង​មាន​តម្លៃ​ចាប់​ពី​ ១ ៨០០ ដុល្លារឡើងទៅ ហើយ​សុគន្ធ និសា បាន​ជួលក្នុង​​កញ្ចប់​ពិសេស​ជាង​គេ គឺ ៤ ៨០០ ដុល្លារ ។

​លោក​បាន​ប្រាប់​ថា សម្រាប់​កញ្ចប់​ដែល សុគន្ធ និសា​ជួល​នោះ គឺ​គ្រប់​​ម៉ូដ​សម្លៀកបំពាក់​ដែល​កូន​កំលោះ​កូន​ប្រមុំ​ស្លៀក​សុទ្ធតែ​កាត់​ថ្មី​ទាំង​អស់ និយាយ​រួមគ្រឿង​បរិក្ខារ​ទាក់​ទង​នឹង​សម្អាង ​ក៏​សុទ្ធតែ​កុម្ម៉ង់​ថ្មីទាំង​អស់​ដូច​គ្នា។ ជា​មួយ​គ្នា​នោះ​ក៏​មាន​​បម្រើអាចារ្យ និង ភ្លេង​ខ្មែរ ​ផង​ដែរ។

ម្ចាស់​សម្អាង​ការ​ខាង​លើ ពិត​ជា​មាន​មោនភាព​ខ្លាំង​ណាស់ ដែល​ក្នុង​ថ្ងៃ​ពិសេស​របស់​តារា​ចម្រៀង​ល្បី​​​លំដាប់​ប្រទេស បាន​​​ជ្រើស​រើស​សេវាកម្ម​សម្អាងការ​លោក​បែប​នេះ ហើយ​លោក​ក៏​មិន​នឹក​ស្មាន​ថា សុគន្ធ និសា ជ្រើស​រើស​យក​សម្អាងការ​លោក​នោះ​ដែរ។

តាម​ការ​លើក​ឡើង លោក ណុប ដាណេ បាន​ប្រលូក​ក្នុង​វិស័យ​សម្អាងការ​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ រយៈពេល​​ពេល​នេះ លោក​​ប្រាប់​ថា ខ្លួន​ធ្លាប់​ផាត់​មុខ​ធ្វើ​សក់​ឲ្យ​តារា​ល្បី​​ជា​ច្រើន​ផង​ដែរ ដែល​តារា​ទាំង​នោះ ភាគ​ច្រើន​កុម្ម៉ង់​ឲ្យ​លោក ជួយ​ដូច​ជា​ថត ឡើង​ក្រប​ទស្សនាវដ្ដី ក៍​ដូច​ជា ស្ប៉ត​​ពាណិជ្ជកម្ម​ជា​ដើម។

អត្ថបទៈ ស៊ុនហួត