ដី និង​វិមាន​មហាសេដ្ឋី​ដាក់​លក់ ២៥០​លាន​ដុល្លារ ប៉ុន្តែ​មាន​លក្ខខណ្ឌ​ពិសេស១

  • 2017-12-04 02:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដី​ជាង ២​ម៉ឺន​ហិកតារ និង​វិមាន​នានា​របស់​មហាសេដ្ឋី​ប្រេង T. Boone Pickens បាន​​ប្រកាស​ដាក់​លក់​ក្នុង​តម្លៃ​កប់​ពពក ២៥០​លាន​ដុល្លារ ប៉ុន្តែ​អ្នក​ចង់​ទិញ​​កម្មសិទ្ធិ​អចលនទ្រព្យ​​ដ៏​មហាសាល​នោះ ត្រូវ​អភិរក្ស​ធនធាន​ធម្មជាតិ និង​ការពារ​ជីវិត​សត្វ។

កម្មសិទ្ធិ​របស់​មហាសេដ្ឋី​ប្រេង​នេះ​មាន​ឈ្មោះ Mesa Vista Ranch មាន​ទំហំ​សរុប ៦៥០០០​រ៉ៃ(ស្មើនឹង ២៦៣០៥​ហិកតារ)ស្ថិត​នៅ​រដ្ឋ Texas សហរដ្ឋអាមេរិក។ នៅ​លើ​ផ្ទៃ​ដី​ដ៏​ធំ​នោះ មាន​វិមាន​ស្កឹមស្កៃ​ជាច្រើន បឹង​សិប្បនិម្មិត ទន្លេ ជម្រក​សត្វ​ព្រៃ ព្រម​ទាំង​ព្រលាន​យន្តហោះ ដែល​មាន​ផ្លូវ​រត់​យ៉ាង​វែង​ផង​ដែរ។

ទោះ​បី​ដាក់​លក់​មែន​ពិត ប៉ុន្តែ​ទាល់​តែ​ត្រូវ​តាម​លក្ខខណ្ឌ ទើប​មហាសេដ្ឋី​វ័យ ៨៩​ឆ្នាំ ព្រមព្រៀង​លក់​ឲ្យ។ លក្ខខណ្ឌ​នោះ​គឺ អ្នក​ទិញ ត្រូវ​ធានា​ការពារ​ធនធាន​ធម្មជាតិ ព្រម​ទាំង​រក្សា​ជីវិត​សត្វ​ព្រៃ ដូច​ដែល​លោក​បាន​ធ្វើ​ពី​មុន​មក។ មហាសេដ្ឋី T. Boone Pickens ជា​មនុស្ស​ស្រលាញ់​ធម្មជាតិ​ណាស់ ដូច​នេះ​ហើយ​ទើប​លោក​ព្យាយាម​កែច្នៃ​ដី​នេះ​ឲ្យ​មាន​សម្រស់ រួម​ទាំង​ដាំ​ដើម​ឈើ​ប្រមាណ ២​ម៉ឺន​ដើម​ផង​ដែរ។

ក្រៅ​ពី​សម្រស់​ធម្មជាតិ នៅ​លើ​កម្មសិទ្ធិ​អចលនទ្រព្យ​ដ៏​មហាសាល​នេះ មាន​ទី​លាន​វាយ​កូន​ហ្គោល ទីលាន​វាយ​តេនីស ព្រម​ទាំង​វិមាន​ស្នាក់​នៅ​ដ៏​ធំ ដែល​មាន​ទាំង​រោងភាពយន្ត​អាច​ឲ្យ​មនុស្ស ៣០​នាក់​អង្គុយ​ទស្សនា​ផង​ដែរ។ ចំណែក​ព្រលាន​យន្តហោះ​ឯកជន​នោះ មាន​ផ្លូវ​រត់​ជិត ២​គីឡូម៉ែត្រ។

តាម​របាយការណ៍​បាន​បង្ហាញ​ថា ដំបូង​ឡើយ​មហាសេដ្ឋី T. Boone Pickens មាន​ទ្រព្យ​សរុប​ប្រមាណ ១​ប៊ីលាន​ដុល្លារ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ ជួប​វិបត្តិ​ខ្លះ ហើយ​ធ្លាក់​ទ្រព្យ​សម្បត្តិ​មក​នៅ​ត្រឹម ៥០០​លាន​ដុល្លារ​ប៉ុណ្ណោះ៕ ​

ចុចអានអត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី