​កសិករ​ដង្ហោយ​សុំប្រមុខ​រាជរដ្ឋាភិបាល​ ជួយ​អន្តរាគមន៍​ឲ្យ​តម្លៃ​ជ្រូក​រស់​ ងើប​ឡើង​វិញ

  • 2017-12-04 06:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រយៈ​ពេល​ជាង​មួយឆ្នាំមក​នេះ​ តម្លៃ​ជ្រូករស់​បន្ត​ធ្លាក់​ថ្លៃមកជាង ៥ពាន់រៀល​​ក្នុង​មួយគីឡូក្រាម​ ដែល​បណ្ដាល​ឲ្យម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំ​នួន​ទ្រាំ​ទ្រលែង​រួច ​និង​បាន​ប្រមូល​ផ្ដុំគ្នា​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​​ឲ្យ​តម្លៃ​ប្រសើរ​ឡើង​វិញ​ ដោយ​ស្នើរ​ត្រឹមតម្លៃ​៨ ០០០​រៀល​ក្នុងមួយ​គីឡូ​ក្រាម ​ក៏ថាសម​ល្មម​សម្រាបកសិករ​អាច​បន្តរបរ​ទៅ​មុខដែរ​។ ​

​លោក ដេត ភិរម្យ ​អនុប្រធានៃ​សមាគម​អ្នកចិញ្ចឹម​សត្វ​កម្ពុជា​ ថ្លែងក្នុង​សន្និសីទ​សារព័ត៌​មាន​នា​ព្រឹកនេះថា​ ​វិបត្តិ​តម្លៃជ្រូក​រស់ដែល​ធ្លាក់ចុះ​ជាងមួយ​ឆ្នាំមក​នេះ ​ដោយសារ​ការនាំជ្រូក​ដោយអនា​ធិបតេយ្យ​ពីប្រទេស​ជិតខាង​ ដោយ​​ពុំមានការ​ត្រួតពិនិត្យ​បាន​ត្រឹេម​ត្រូវ​ ។ ​លោកថាៈ«​យ៉ាង​ហោច​ណាស់​មានជ្រូក​ប្រមាណ​ ៣ពាន់​ក្បាល​ត្រូវបាន​នាំចូល​ជារៀងរាល់​ថ្ងៃ ​​ខណៈ​រដ្ឋាភិបាល​បាន​កំណត់​កន្លងមក​ឲ្យនាំ​ចូល​ត្រឹមតែ​ ១២៥០​ក្បាល​ប៉ុណ្ណោះ​ ខណៈ​ជ្រូក​(ក្នុង​ស្រុក)មួយ​ក្បាល​លក់​ខាត​ ប្រមាណពី ​១០ទៅ ១៥ម៉ឺនរៀល​»។

លោក​បន្តថា ​ ​ប្រការនេះ​ បានធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់វិស័យ​ចិញ្ចឹមជ្រូក​នៅកម្ពុជា​ នាំឲ្យ​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូកខ្លះ​ប្រឈមនឹងការ​ដួល​រលំ​បិទ​កសិដ្ឋាន​ ហើយ​ប្រសិន​បើពុំ​មានវិធាន​ការ​មាន​ប្រសិទ្ធភាព​ និង​ទាន់ពេល​វេលាទេ​នោះ​ កសិដ្ឋាន​ចិញ្ចឹម​ជ្រូកជា​ច្រើន​ទៀត​ ទាំង​លក្ខណៈ​គ្រួសារ ​និង ​លក្ខណៈ​ស្សាហកម្ម​ នឹងត្រូវ​បិទទ្វារ​ជាបន្តបន្ទាប់​ទៀត​ជាមិនខាន​ ។

ទន្ទឹម​គ្នា​នេះ​ លោក​ ប៊ុន ហៀង​ សមាជិក​​នៃសមាគម​ និងជាម្ចាស់​កសិកដ្ឋាន​មួយ​រូប​ លើក​ឡើង​ថាៈ«ខ្ញុំគិតថា​តម្លៃ​ប្រហាក់​ប្រហែល​ ៨ពាន់រៀល​ កសិករ​អាចរ​ស់បាន​ហើយ ​បើទោះ​បីជា​ចំណេញ​តិចក៏ដោយ​ តែគាត់​អាចលៃ​លកចំណី​ជ្រូក​បាន​ច្រើន​យ៉ាង ​...ប៉ុន្តែ​សម្រាប់​កសិដ្ឋានធំៗ​គាត់ត្រូវ​ចំណាយ​​ចំណីសត្វ​ច្រើន ​ការចិញ្ចឹម​បាន​ផល​ច្រើន​ ហើយ​ចំណេញ​ក៏ច្រើន​ជាង​»។

លោក​បញ្ជាក់​ថា ឈ្មួញបានទិញជ្រូកពីកសិករក្នុងតម្លៃ ៥៥០០រៀល ហើយយក​ទៅលក់​លើទីផ្សារ​សព្វថ្ងៃ​បាន​តម្លៃ​ ១ម៉ឺន ​២ពាន់រៀល​មួយគីឡូ​ឡើង​ទៅ​សម្រាប់​សាច់កាប់​រួចហើយ​។

(​​លោកស្រី​ មន ណារី កសិករចិញ្ចឹមជ្រូកនៅ​ស្រុកកៀន​ស្វាយ​)

​​លោកស្រី​ មន ណារី ​ជាសមាជិក​នៃសមាគម​ និង​ជាកសិករ​ខ្នាត​មធ្យម​នៅ​ស្រុកកៀន​ស្វាយ​ សង្ឃឹមថារដ្ឋាភិបាល​នឹង​ជួយឲ្យ​តម្លៃជ្រូករស់ បាន​ខ្ពស់​ត្រឹម​តម្លៃ ៨ពាន់រៀល​។ ​រយៈពេល​ជាង​មួយឆ្នាំ​មក​នេះ​ លោកស្រី​តស៊ូ​​ចិញ្ចឹមជ្រូក​ចំនួន ​១០០ក្បាល និង​ខាតបង់​មិនស្ទើរ​នោះ​ទេ ដោយសារថា​តម្លៃជ្រូករស់​លក់​ឲ្យឈ្មួញ​ទាបជាង​ថ្លៃដើម ​ ប៉ុន្តែយ៉ាងណា​លោកស្រី​នៅតែ​សង្ឃឹម​ថាសម្ដេចនាយករដ្ឋមន្ត្រីនឹង​អាច​ជួយ​ដោះស្រាយ​បញ្ហាកសិករបាន៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី