ក្រុម​អង់គ្លេស​នឹង​ទទួល​បាន​រង្វាន់សរុប ៥​លាន​ផោន​ បើ​លើក​ពាន World Cup 2018

  • 2017-12-04 12:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិប​សាយ​ SunSport ​រាយ​ការណ៍​ថា​ ក្រុម​តោ​កំណាច​អង់គ្លេស​នឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្តសរុប ៥ ​លាន​ផោន​ បើ​សិន​បាន​លើក​ពាន​រង្វាន់ World Cup ​២០១៨ ​នៅ​ទឹកដី​រុស្ស៊ី​ឆ្នាំ​ក្រោយ​នេះ​ ហើយ​បើ​ចែក​ក្នុង​ចំណោម​កីឡាករ​ទាំង ២៣​នាក់ គឺ​អាច​បាន​ម្នាក់ ២១៥ ០០០ ផោន​។

រង្វាន់​លើក​ទឹក​ចិត្ត​ដែល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​អាច​ទទួល​បាន គឺ​រាប់​ចាប់​ពី​ឈាន​ជើងចូល​វគ្គ​ ១៦​ក្រុម ហើយ​បើ​ធ្លាក់​តាម​ពូល គឺ​មិន​បាន​សូម្បី​មួយ​សេន។ ពួក​គេ​នឹង​អាច​ទទួល​បាន​ ១ ​លាន​ផោន​បើ​ឡើង​ដល់​វគ្គ​ជម្រុះ​ ឬ​ច្រើន​ជាង​នេះ​បើ​ដល់​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​ និង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ។ ប្រសិន​បាន​លើក​ពាន​តែ​ម្ដង ពួក​គេ​អាច​នឹង​ទទួល​បាន​ក្នុង​ម្នាក់​ ២១៥ ០០០ ផោន​ ពោល​គឺ​ប្រហែល​ទៅ​នឹង​ប្រាក់​ឈ្នួល​ពីរ​សប្តាហ៍​របស់​ខ្សែ​ប្រយុទ្ធ​ក្លិប​មាន់​ខ្នាយ​មាស​ Tottenham Spur ​កីឡា​ករ​ Harry Kane ​ដែរ​ ។

ក្រុម​ជម្រើស​អង់គ្លេស​មិន​ទទួល​បាន​ប្រាក់​រង្វាន់​ទេ​ក្នុង​​ព្រឹត្តិការណ៍ World Cup ​ឆ្នាំ​ ២០១៤ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Roy Hudgson ។ ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា​ ក្រុម​អង់គ្លេស​នឹង​មិន​អាច​ឈ្នះ​ក្នុង​ព្រឹត្តិការ​ណ៍​ World Cup នៅ​រុស្ស៊ី​បាន​ឡើយ​ តែ​ពួកគេ​ប្រឹងប្រែង​ឱ្យ​អស់​ពី​លទ្ធភាព​ជាមួយ​នឹង​ការ​លើក​ទឹក​ចិត្ត​ជា​ប្រាក់​រង្វាន់​ ហើយ​បើ​សិន​ជា​ពួកគេ​អាច​នាំ​ជយជម្នះ​មក​ប្រទេស​វិញ​នោះ​ពួកគេ​នឹង​ទទួល​បាន​លើស​ពី​ ៥ ​លាន​ផោន​ទៅ​ទៀត​ ។

ពាក់ព័ន្ធ​នឹង​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​នេះ​លោក​ Gareth Southgate ​ទទួល​បាន​ ២៥ ​ម៉ឺន​ផោន​ រួច​ទៅ​ហើយ​ ក្នុង​គណនី​ធនាគារ​របស់​លោក​ ក្រោយ​ដឹក​នាំ​អង់គ្លេស​ឱ្យ​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​រុស្ស៊ី​នៅ​វគ្គ​ជម្រុះ​ហើយ​រូប​លោក​អាច​ទទួល​បាន​ ១លាន​ផោន​បន្ថែម​ទៀត​បើ​សិន​ជា​នាំ​ជយជម្នះ​មក​កាន់​ប្រទេស​វិញ​ ៕

ប្រភព៖ thesun   ប្រែ​សម្រួល៖ សិរីបុទ្រ