គួរធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួន មុនចូលឆ្នាំ២០១៨ ឈានមកដល់ជិតមួយខែទៀតនេះ?
- 2017-12-06 03:35:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួន មុនចូលឆ្នាំ២០១៨ ឈានមកដល់ជិតមួយខែទៀតនេះ?
ចន្លោះមិនឃើញ
ពេលវេលាដើរកាន់តែលឿន ពេលមនុស្សកាន់តែមានអាយុច្រើន ហើយពេលខ្លះជិតដាច់មួយឆ្នាំទៅហើយ បែរជាមិនដឹងថាខ្លួនឯងបានធ្វើអ្វីខ្លះ។ ដើម្បីឲ្យជីវិតត្រូវតាមចិត្តចង់បាន គួររៀបចំគម្រោងឲ្យបានច្បាស់ រួចអនុវត្តជាប្រចាំ។ នៅសល់មិនដល់មួយខែទៀត ដាច់ឆ្នាំ២០១៧ ចូលឆ្នាំ២០១៨ ហើយ ដូចនេះគួរគិតលើរឿងរ៉ាវមួយចំនួនជាមុនសិន។
១. សើរើសមិទ្ធផលក្នុងឆ្នាំ២០១៧៖ គិតឡើងវិញថា ក្នុងឆ្នាំ២០១៧ តើអ្នកបានធ្វើអ្វីខ្លះ? ហើយវាសម្រេចតាមផែនការដែលអ្នកកំណត់ពីឆ្នាំ២០១៦ មកឬទេ? បើមិនបានសម្រេច តើមកពីមូលហេតុអ្វី? គិតចំណុចទាំងនេះ ដើម្បីវាយតម្លៃ និងកែលម្អទៅឆ្នាំក្រោយ។ ២. ជម្រុះចោល៖ ចាប់ផ្ដើមជម្រុះរឿងរ៉ាវមិនល្អក្នុងជីវិតចោល រួចត្រៀមឆ្លងចូលឆ្នាំថ្មី ដើម្បីដំណើរជីវិតប្រព្រឹត្តទៅដោយរលូន
៣. រៀបចំ៖ គួររៀបចំខ្លួន និងរៀបចំផែនការថ្មី ហើយគិតថាគួរធ្វើអ្វីខ្លះនៅឆ្នាំ២០១៨
៤. សម្អាត៖ ចាប់ផ្ដើមសម្អាតគ្រប់កន្លែងនៅជុំវិញខ្លួនអ្នក ដើម្បីទទួលបានអារម្មណ៍ល្អមុនពេលឈានចូលឆ្នាំថ្មី
៥. ផ្លាស់ប្ដូរ៖ ផ្លាស់ប្ដូរបរិយាកាសរស់នៅ មិនថាការផ្លាស់ប្ដូរតិចតួចប៉ុណ្ណាក៏ដោយ។ ទិញគ្រែថ្មី កូនឈើតូចៗសម្រាប់ដាំ ឬតាំងលម្អ ឬធ្វើអ្វីផ្សេងទៀតដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាផ្លាស់ប្ដូរខ្លះ។
៦. បរិច្ចាគ៖ ផ្ដល់សំលៀកបំពាក់ចាស់ៗទៅឲ្យក្មេងៗ ឬអង្គការសប្បុរសធម៌នានា ហើយកន្សែងចាស់ៗអាចយកទៅធ្វើជាជម្រកសត្វ។ មិនថាបរិច្ចាគតាមរូបភាពណាក៏ដោយ គួរបើកចិត្តឲ្យទូលាយជម្រុះរបស់ចាស់ចោលខ្លះ ព្រោះបើទុកក៏មិនចំណេញ មានតែគរចោល តែបើបរិច្ចាគគឺជាប្រយោជន៍ដល់អ្នកដទៃ។
៧. កែច្នៃ៖ របស់ចាស់ៗមួយចំនួន ដែលអ្នកបានទុកចោលព្រោះប្រើមិនកើត គួរសាកល្បងកែច្នៃមកប្រើឡើងវិញ។ តែបើច្បាស់ថាប្រើមិនកើតហើយ គួរជម្រុះចោលតែម្ដង កុំទុកនាំតែចង្អៀត ទើសភ្នែក។ ៨. ច្រៀកចោល៖ សំដៅទៅលើឯកសារ ឬក្រដាសកត់ចំណាំផ្សេងៗ ដែលអ្នកធ្លាប់ប្រើ គួររៀបចំច្រៀកចោល ឬដុតបំផ្លាញចោលខ្លះ កុំឲ្យចង្អៀតផ្ទះ។ ស្រង់យកឯកសារសំខាន់ ឬស្កេនទុក រួចយកឯកសារដែលលែងត្រូវការច្រៀកកម្ទេចចោល មុនចូលឆ្នាំថ្មី។
៩. ផ្ដើមជីវិតទាន់សម័យ៖ ពីមួយឆ្នាំទៅមួយឆ្នាំ បច្ចេកវិទ្យាកាន់តែទំនើប។ ដូចនេះហើយ កុំឃុំខ្លួនតាមបែបបុរាណក្នុងឆ្នាំចាស់ ហើយគួរចាប់ផ្ដើមជីវិតទាន់សម័យ។ ចាប់ផ្ដើមប្រើសេវាធនាគារ ឬទិញទូរសព្ទល្អប្រើបើមានលុយ និងរបស់ទំនើបផ្សេងទៀត ដែលអាចសម្រួលដល់ជីវិត៕