កម្លាំងប្រយុទ្ធដូចព្យុះរបស់ Liverpool បំបាក់ Spartak ៧គ្រាប់ឡើងទៅវគ្គ១៦ក្រុម

  • 2017-12-06 23:24:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Spartak Moskva បានក្លាយជាជនរងគ្រោះលើកទី២នៅ Champions League រដូវកាលនេះក្រោយ ត្រូវ Liverpool យកឈ្នះ ៧ទល់នឹង០នៅការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល E។

ក្រុមរហស្សនាមថាហង្សក្រហមធ្លាប់បំបាក់ Maribor ៧ - ០ ក្រៅដីម្ដងរួចមកហើយ បន្ទាប់មកយប់មិញពួកគេបន្តយកឈ្នះ Spartak ៧គ្រាប់ទៀតដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយជាមួយ Sevilla។

ការប្រកួតក្នុងទឹកដី Anfield លេងបានតែ៤នាទី Coutinho បានទាត់ប៉េណាល់ទីឲ្យម្ចាស់ផ្ទះនាំមុខ១គ្រាប់មុន។ រំលង១១នាទី Firmino បានបញ្ជូនឲ្យ Coutinho ស៊ុតរកឃើញគ្រាប់ទីពីរបស់ខ្លួន មុនពេលដែល Firmino ខ្លួនឯងស៊ុតចូលបាន១គ្រាប់ដែរ។

ចូលវគ្គទីពីរ នាទី៤៧ Mane បានលោតទាត់ផ្កាប់ចានស៊ុតសម្រេច១គ្រាប់ទៀតធ្វើឲ្យក្រុម Spartak កាន់តែបែកទម្រង់លេងខ្លាំងទៅៗ។ រំលងបាន៣នាទី តារាឆ្នើម Coutinho ធ្វើបាន Hat-trick ក្រោយស៊ុតជើងឆ្វេងរកឃើញគ្រាប់ទី៣របស់ខ្លួន។

ប៉ុណ្ណឹងនៅមិនទាន់ឆ្អែតឆ្អន់សម្រាប់លោក Jurgen Klopp នៅឡើយទេ ពោលនាទី ៧៦ ខ្សែប្រយុទ្ធ Sturridge ដែលទើបប្ដូរចូលបានបញ្ជូនឲ្យ Mane ទាត់មួយស្មើជាមួយអ្នកចាំទីទម្លុះសំណាញ់ស្រួលៗ ហើយនៅចុងម៉ោង Salah បានក្លាយជាឃាតករចុងក្រោយស៊ុតគ្រាប់ទី៧។ ចប់ការប្រកួត Liverpool បានក្លាយជាក្រុមអង់គ្លេសទី៥ឡើងទៅវគ្គ១៦ក្រុម៕

អត្ថបទ៖ វីរ៉ុត