Kris ទម្លាយ​អាថ៌កំំបាំង​ពិតនៃការ​ចាកចេញពីក្រុម និង​ស្ថានភាពបច្ចុប្បន្នជាមួយ EXO

  • 2017-12-07 02:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចាកចេញ​ពី​ក្រុម​ EXO និង​ផលិតកម្ម​ SM តារា​ចម្រៀង​ចិន​កាត់​កាណាដា​ Kris Wu ទើប​តែ​ដាច់​ចិត្ត​បក​ស្រាយ​ការពិត​ពី​មូលហេតុ​ពិត​ប្រាកដ​របស់​លោក​ដែល​ចាក​ចេញ​មក​ដោយ​គ្មាន​ស្រណោះ។

ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ប៉ុស្តិ៍​វិទ្យុ​ "Wild 94.9" ជាមួយ​ DJ Gabby Diaz កាល​ពី​ពេល​ថ្មីៗ​នេះ​ តារា​ចម្រៀង​ប្រុស​ស្រស់​សង្ហា​ Kris បាន​បង្ហើប​ការពិត​ ទាក់ទង​នឹង​ការ​សម្រេច​ចិត្ត​ចេញ​ពី​ក្រុម​ EXO ព្រមទាំង​អាថ៌កំបាំង​មួយ​ទៀត​នោះ​គឺ​ ថា​តើ​លោក​ និង​អតីត​មិត្ត​រួម​ក្រុម​ នៅ​ទាក់ទង​គ្នា​ទៀត​ ឫ​អត់?

តារា​ប្រុស​កើត​ឆ្នាំ​ ១៩៩០ រូប​នេះ​បាន​ប្រាប់​ថា៖ "មូលហេតុ​ដំបូង​ខ្ញុំ​គិត​ថា​ ខ្ញុំ​មិនមែន​ជា​ជនជាតិ​កូរ៉េ​ទេ ខ្ញុំ​ជា​ចិន។ ដូចនេះ​ ប្រទេស​កូរ៉េ​មិនមែន​ជា​ផ្ទះ​របស់​ខ្ញុំ​ទេ ហើយ​ក៏​មិនមែន​ជា​កន្លែង​កំណើត​របស់​ខ្ញុំ​ដែរ។ ធ្វើ​ការ​នៅ​ទី​នោះ​ (ប្រទេស​កូរ៉េ) ពេល​ខ្លះ​ ខ្ញុំ​មាន​អារម្មណ៍​ស្ត្រេស​ណាស់។ ចំណែក​មូល​ហេតុទី​ ២ ដោយសារ​ការងារ​ K-Pop គឺ​ជា​ការងារ​មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង​ ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ដាច់​ខាត។ គ្រប់​គ្នា​ក្នុង​វិស័យ​នេះ​ គ្មាន​សេរីភាព​ទេ​ ហើយ​សម្រាប់​ខ្ញុំ​ វា​ពិត​ជា​ស្ត្រេស​បំផុត ព្រោះ​ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ដោយ​ខ្លួនឯង”។

សំណួរ​ចាក់​ដោយ​មួយ​ទៀត​នោះ​គឺ​ ពេល​ពិធីការិនី​វិទ្យុ​សួរ​ថា​ តើ​លោក​នៅ​និយាយ​រក​សមាជិក​ EXO ដដែល​ ឫយ៉ាងណានោះ? Kris បាន​បញ្ជាក់​ថា​ ខ្លួន​ និង​អតីត​មិត្ត​រួម​ក្រុម​បាន​ផ្ដាច់​ការ​ទាក់ទង​គ្នា​ហើយ​ពេលនេះ ហើយ​លោក​ក៏​មិន​បាន​បក​ស្រាយ​វែកញែក​អ្វី​ច្រើន​ដែរ។

ចុងក្រោយ Kris ក៏​ងាក​ទៅ​និយាយ​ពី​ការងារ​ក្នុង​នាម​ជា​តារា​ចម្រៀង​ទោលនា​ពេល​បច្ចុប្បន្ន​វិញ​ម្ដង។ សព្វ​ថ្ងៃ​លោក​កំពុង​មមាញឹក​ ហើយ​អាជីព​មួយ​នេះ​ ក៏​កំពុង​រុញ​ច្រាន​លោក​ ទោ​រក​ភាព​ល្បីល្បាញ​ ជោគជ័យ​ខ្លាំង​ជាង​ពីមុន​ដែរ៕

ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម