​​ភ្ញៀវ​ទេសចរ​ជាង ៣០​ម៉ឺន​នាក់ នឹង​ចូល​រួម​កម្សាន្ត​​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៧ នេះ​

  • 2017-12-07 06:51:35
  • ចំនួនមតិ

ចន្លោះមិនឃើញ

ពិធីបុណ្យ​សមុទ្រ​ជុំទី​២ ​ដែល​នឹង​ត្រូវ​រៀបចំ​នៅ​ខេត្ត​កែប ​រយៈពេល​បី​ថ្ងៃ​ ចាប់​ពី​ថ្ងៃទី ២២​ ដល់​ ២៤ ខែ​ធ្នូ អាច​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ជាង ៣០ម៉ឺន​នាក់​ ទៅ​ទស្សនា​កម្សាន្ត​។ នេះ​បើ​​តាម​ប្រសាសន៍​​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។ ការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​មុន ​នៅ​ខេត្ត​ព្រះសីហនុ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​ ៦០​ម៉ឺន​នាក់​។

  ​លោក​បាន​បន្ថែម​ថា ​​បញ្ហា​រក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់ និង​បរិស្ថាន​​ត្រូវ​បាន​រៀបចំ​រួច​ជាស្រេច​ ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ទស្សនា​បុណ្យ​សមុទ្រ​។ ​​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​នេះ នឹង​មាន​ការ​សម្ដែង​​ទស្សនីយភាព​​សិល្បៈ​​ខ្មែរ និ​ង​​អន្តរជាតិ ​ការ​ប្រគំ​​តន្ត្រី ​និង​​ការ​បាញ់​​កាំជ្រួច​សាទរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ព្រមទាំង​ក្បួន​ព្យុហយាត្រា​ផងដែរ ។ ទន្ទឹម​គ្នា​នោះ​ក៏​មានដែរ មហោស្រព​អន្តរជាតិ​ម្ហូបអាហារ ស្រា និង​ភេសជ្ជៈ តាំង​ពិព័រណ៍​ផលិតផល​​ទេសចរណ៍ និង​ផលិត​ល​ក្នុងស្រុក  និង​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​តំបន់​ឆ្នេរ​សមុទ្រ និង​កម្មវិធី​កីឡា​ជាច្រើន​ទៀត​។

  លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រសួងទេសចរណ៍​បាន​ណែនាំ​រួចជាស្រេច​ ដល់​​គ្រប់​សេវាកម្ម​ទេសចរ​ទាំង​ខេត្ត​កែប​ និង​ខេត្ត​កំពត​​​ត្រូវ​បង្កើន​សេវាកម្ម​ល្អ​ដល់​អតិថិជន​របស់ខ្លួន។ ទន្ទឹម​​គ្នា​​នេះ​​ចំពោះ​​ទី​ក​ន្លែង​​ស្នាក់​​នៅ ​និង​តម្លៃ​​ម្ហូប​​អាហារ ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​នៅ​ឆ្នាំ​នេះ ​គឺ​អនុវត្ត​ដោយ​ការ​បិទ​តម្លៃ​មុខ​ម្ហូប​នៅ​កន្លែង​​លក់​ផ្ទាល់​តែ​ម្ដង។

  ​ការ​រៀបចំបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប ក៏​ត្រូវ​​យក​ជា​​​ខេត្ត​គំរូ​មួយ​ ដោយ​បញ្ឈប់​​នូវ​ការ​បោះចោល​សំរាម និង​ក្រដាស​​នៅ​ក្រោម​តុ​​​នៅ​តាម​ភោជនីយដ្ឋាន​នានា​។ នេះ​បើតាម​ប្រសាសន៍ ​លោក ថោង ខុន​។ លោក​បានបន្ថែមទៀត​ថា ការអនុវត្ត​នេះ​ត្រូវ​បាន​ធ្វើ​ក្នុង​គោលបំណង​រក្សា​នូវ​បរិស្ថាន​ស្អាត និង​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។ “យើង​សុំ​ថា ការរៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​ឆ្នាំ​នេះ​​ជា​ខេត្ត​គំរូ​ ដោយ​ឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​មាន​សរសេរ​​បម្រាម​មិន​ឱ្យ​បោះចោល​សំរាម​ផ្ដេសផ្ដាស ហើយ​បើ​យកល្អ​កុំ​ដាក់​ក្រដាស​តែម្តង​។ យើង​បាន​ស្ទាបស្ទង់​ដោយ​មូលដ្ឋាន​អាជីវកម្ម​ភាគច្រើន​​គាត់​បាន​​គាំទ្រ​​”។    

សូមចុចអាន៖


អត្ថបទ៖ សុផល

រូបថត៖ បុណ្យសមុទ្រឆ្នាំ២០១៣