ពេជ្រ​ ម្ទេសខ្មាំង​ ប្រកាន់​គោលជំហរ​មួយ​ពេល​ ឡើង​សង្វៀន​ប្រកួត

  • 2017-12-07 03:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ ឆ្នាំ​២០១៧​ ពេជ្រ ​ម្ទេសខ្មាំង​ ប្រកាន់​គោលជំហរ​មួយ​នៅ​ពេល​ឡើង​សង្វៀន​នោះ​គឺ​ មិន​អាណិត ​ឬ​វ៉ៃ​ឡំៗ នោះ​ទេ​ទោះ​កម្មវិធី​ប្រកួត​ធំ​ឬ​តូច​ក៏​ដោយ។​

ពេជ្រ ម្ទេសខ្មាំង

កីឡាករ​ ពេជ្រ ​ម្ទេសខ្មាំង​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ឡើង​ប្រកួត​តាម​សង្វៀន​នានា​ ឬ​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ក្ដី​ រូប​គេ​មិន​អាណិត​ដៃ​គូ​នោះ​ទេ​ ឡើង​ទៅ​គឺ​ដឹង​តែ​វ៉ៃ​តែ​​ម្ដង បើ​ទោះ​ជា​ដៃ​គូ​ខ្លាំង​ ឬ​ខ្សោយ​យ៉ាង​ណា​ក៏​ដោយ​បើ​អាច​វ៉ៃ​ឲ្យ​សន្លប់​គឺ​ផ្ដាច់​ហើយ។​

ពេជ្រ ម្ទេសខ្មាំង ឈ្នះមេដាយមាសជើងឯកជាតិ

ម្ចាស់​មេដាយ​មាស​ជើង​ឯក​ជាតិ​ឆ្នាំ​២០១៧ បន្ត​ថា​ មាន​ពេល​ខ្លះ​ដៃ​គូ​សុំ​ឲ្យ​រូប​គេ​វ៉ៃ​ល្មម​ៗ​ក៏​ដោយ​ តែ​ខ្លួន​មិន​អាណិត​នោះ​ទេ​ ហើយ​ជា​ពិសេស​ទៀត​នោះ​គឺ​ប៉ះ​បរទេស​ដូច​ជា​ថៃ​ជា​ដើម​ វា​ជំរុញ​ទឹកចិត្ត​ខ្លួន​ឲ្យ​រឹតតែ​ខំ​វ៉ៃ​ថែម​ទៀត។​ ម្ទេសខ្មាំង​ ប្រាប់​ទៀត​ថា​ មិន​ចង់​ទម្លាប់​ខ្លួន​វ៉ៃ​ត្រឹម​តែ​ឈ្នះ​ពិន្ទុហើយ​ឈប់​វ៉ៃ​នោះ​ទេ​ គឺ​អត់​ល្អ​ហើយ​ក៏​មិន​ចង់​ឲ្យ​អ្នក​ទស្សនា​មិន​ពេញ​ទៅ​និង​ការ​វ៉ៃ​មិន​អស់​របស់​ខ្លួន​ដែរ​ យ៉ាង​ច្រើន​ពេល​ចុះពី​សង្វៀន​វិញ​សុំ​ទោស​គ្នា​ទៅ​បាន​ហើយ។​«ខ្ញុំ​វ៉ៃ​គឺ​អត់​ចេះ​អាណិត​ដៃ​គូ​នោះ​ទេ​ វ៉ៃ​រហូត​ទល់តែ​ទស្សនិជន​និយាយ​ថា វ៉ៃច្រើន​ដូច​នេះ​បើ​ចាញ់​ក៏​អស់​ចិត្ត​ដែរ»​ សម្ដី​ ពេជ្រ ​ម្ទេសខ្មាំង។

ពេជ្រ ម្ទេសខ្មាំង ពេលឈ្នះនៅ Khmer-Thai Fight

ពេជ្រ ​ម្ទេសខ្មាំង​ ជា​កីឡាករ​ជើង​ខ្លាំង​មួយរូប​របស់​ប្រទេស​កម្ពុជា​ ហើយ​គេ​ក៏​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ឆ្នាំ​២០១៧​ នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​ទៀត​ផង។​ រាល់​ការ​ប្រកួត​របស់​គេ​តែងតែ​ជក់ចិត្ត​និង​ភាគ​ច្រើន​មិន​ដល់​ទឹក​ទី៥នោះ​ឡើយ​ ជាក់​ស្ដែង​២ប្រកួត​ចុង​ក្រោយ​នេះ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ទឹក​ទី១​ដូច​គ្នា​ មួយ​នៅ​កម្មវិធី​ Khmer-Thai Fight​ និង​ទី២​ កម្មវិធី​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រដាល់​សកល​ឆ្នាំ​២០១៧។ នៅ​ថ្ងៃ​សុក្រ​ ទី៨​ ស្អែក​នេះ​គេ​នឹង​ត្រូវ​ប៉ះ​ជា​មួយ​កីឡាករ​ថៃ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ចាប់​ពី​ម៉ោង​ ៧យប់​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម