តារា​ជើង​ចាស់ ​សាក់ ​ស៊ី​ស្បោង​ សន្យា​មក​កម្ពុជា​រៀង​រាល់ឆ្នាំ​ដើម្បី​ធ្វើ​រឿង​ពិសេស​មួយ

  • 2017-12-07 05:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ស្រី​សិច​ស៊ី​ម្នាក់​ក្នុង​អំឡុង​ទសវត្ស​រ៍ឆ្នាំ​៦០-៧០ លោក​ស្រី​ សាក់​ ស៊ី​ស្បោង​ សន្យា​ថា​លោក​ស្រី​នឹង​អញ្ជើញ​មក​ប្រទេស​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ​ ក្នុង​អំឡុង​ខែ​តុលា​ បើ​សិន​ជា​មាន​សុខ​ភាព​ល្អ​ ដើម្បី​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ​រាជ​កុសល​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម​សី​ហនុ។

​ល្ងាច​ថ្ងៃទី ៦ ធ្នូ នេះ ​លោក​ស្រី ​សាក់​ ស៊ី​ស្បោង​ បាន​វិល​ត្រលប់​ទៅ​កាន់​ប្រទេស​អេ​ស្ប៉ាញ​វិញ ដែល​ជា​ប្រទេស​លោក​ស្រី​កំពុង​ស្នាក់​នៅ។ ​​មុន​ការ​ចេញ​ដំណើរ ​​តារា​ជើងចាស់​រូប​នេះ​បាន​ប្រាប់​ Sabay ថា​ លោក​ស្រី​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​ការ​បាន​មកប្រទេស​កំណើត​ជា​លើក​ទី​៣នេះ​ ព្រោះ​លោក​ស្រី​បាន​ឃើញ​យុវជន​ចេះ​ស្រលាញ់​ ថែ​រក្សា​ភាព​យន្ត​ខ្មែរ ពី​សម័យ​មុន​​បែបនេះ​។

លោក​ស្រី ​សាក់​ ស៊ី​ស្បោង​ មុនចាកចេញពីប្រទេសកម្ពុជាទៅអេស្ប៉ាញ

កំពូល​តារា​​ស៊ី​វី​ល័យ​ បន្ថែម​ថា ក្នុង​រយៈ​ពេល​ដែល​លោក​ស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​លោក​ស្រី​បាន​ជួប​មិត្ត​ចាស់​របស់​លោក​ស្រី​ និង​បាន​ដើរ​កម្សាន្ត​ក្នុង​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ដូចជា​រតនគីរី​ មណ្ឌលគីរី​ជាដើម។ លោក​ស្រី​សាក់ ​ស៊ី​ស្បោង៖ «បើ​ខ្ញុំ​មាន​សុខភាព​ល្អ​ ខ្ញុំ​នឹង​មក​ប្រទេស​កម្ពុជា​រាល់​ឆ្នាំ ​ក្នុង​ខែតុលា​ ខ្ញុំ​មក​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ​ករុណា​សី​ហនុ​(ព្រះ​បរមកោដ្ឋ) លោក​ជា​ចៅ​ហ្វាយខ្ញុំ​ លោក​មាន​ព្រះ​គុណ​ណាស់​សម្រាប់​ខ្ញុំ​ណាស់​ ហើយ​សុគត​ក្នុង​ខែ​១០​ ខ្ញុំ​ត្រូវ​មក​ធ្វើ​បុណ្យ​ថ្វាយ​លោក។»

សកម្មភាពលោកស្រី សាក់ ស៊ីស្បោង នៅកម្ពុជា (រូបភាព ហ្វេសប៊ុក មួយម៉ឺនអាល័យ)

ការ​វិល​ត្រលប់​របស់​តារា​កាច​ឆ្នាស​ឆ្នើម​រូប​នេះ​ ក៏​មាន​ក្រុម​ព្រះ​សុរិយា ដែល​ស្រលាញ់​សិល្បៈ​ភាពយន្ត​ និង​ជា​អ្នក​ស្រាវជ្រាវ​ភាព​យន្ត​ក្នុង​សត​វត្សរ៍​ឆ្នាំ​៦០-៧០ ចូល​រួម​ជូន​ដំណើរ​ផង​ដែរ។

​​ តារា​​វ័យ៧៨​ឆ្នាំ​​ លោក​ស្រី​ សាក់​ស៊ី​ស្បោង​ ធ្លាប់​សម្ដែង​រឿងថ្វាយ​ព្រះករុណា​ ​ព្រះ​បរម​រតន​កោដ្ឋជា​ច្រើន​រឿង​មាន​ដូច​ជា​រឿង​ "អប្សរា" "រស់​ដោយ​សប្បាយ​ចិត្ត​" "ព្រះ​ប្រជា​កុមារ" និង "វាសនា​អកុសល" ជាដើម៕ ​​​​

រូបភាព លោក​ស្រី​ សាក់​ ស៊ី​ស្បោង​ សម្តែងក្នុងរឿងអំឡុង​ទសវត្ស​រ៍ឆ្នាំ​៦០-៧០៖

អត្ថបទៈ ស្រីអូន