សុំ​សរសើរ! សុខ​ចិត្ត​ចាយ​ជាង ១០ ម៉ឺន​ដុល្លារ​ជួយ​សាលា​បច្ចេកទេស​បង្រៀន​សិស្ស​ក្រីក្រ

  • 2017-12-07 08:14:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​មួយ បាន​ផ្ដល់​ជំនួយ​ប្រមាណ​ជាង ១០ ម៉ឺន​ដុល្លារ​ដល់​សាលា​បច្ចេកទេស Don Bosco ដែល​បង្រៀន​ជំនាញ​បច្ចេកទេស​ដល់​សិស្ស​ក្រីក្រ​ដោយ​ឥត​គិត​ថ្លៃ ចំ​ពេល​ដែល​សាលា​មិន​ស្វែង​រក​ប្រាក់​ចំណូល​មួយ​នេះ កំពុង​ខ្វះខាត។

ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ Phnom Penh City Center (PPCC) បាន​ជួសជុល​បន្ទប់​កុំព្យូទ័រ​អស់​ជាង ៣០ ០០០ ដុល្លារ និង​បំពាក់​កុំព្យូទ័រ​ល្បឿន​លឿន ៣៣ គ្រឿង​សម្រាប់​ដំណើរ​ការ​កម្មវិធី​ធំៗ ប្រមាណ​ជា ២០ ០០០ ដុល្លារ និង​ផ្ដល់​អាហារូបករណ៍​សិស្ស​ក្រី​ក្រ ២០ នាក់​រយៈ​ពេល ២ ឆ្នាំ​​ប្រមាណ​ជា ៥០ ០០០ ដុល្លារ។ សរុប​ទាំង​អស់ ជាង ១០ ម៉ឺន​ដុល្លារ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក Bernard Lim ប្រធាន​ផ្នែក​ទំនាក់ទំនង និង​សហ​ប្រតិបត្តិការ​របស់ PPCC។

កុំព្យូទ័រ Specs ធំៗ​ទាំង​នេះ បាន​ជួយ​សម្រួល​ដល់​សិស្ស​ជា​ច្រើន ពេល​រៀន​គូរ​ប្លង់​តាម​កម្មវិធី AutoCAD និង​កម្មវិធី​ឌីហ្សាញ​ធំៗ​ផ្សេងៗ​ទៀត ខណៈ​ដែល​កុំព្យូទ័រ​មុនៗ ចាស់​ខ្លាំង ស្ទើរ​តែ​បើក​កម្មវិធី​ធំៗ​លែង​ចេញ​តែ​ម្ដង ព្រោះ​សាលា​ពឹង​លើ​ជំនួយ​មួយ​នេះ​ដំណើរ​ការ​ជិត ៣០ ឆ្នាំ​មក​ហើយ។

លោក​ឪ Charles Arun Michael sdb ព្រឹទ្ធបុរស និង​ជា​បុគ្គលិក​រដ្ឋបាល​របស់​សាលា​បច្ចេកទេស​ដែល​នរណាៗ​ក៏​ទទួល​ស្គាល់​ថា​បាន​រួម​ចំណែក​ជួយ​ដល់​អ្នក​ក្រីក្រ​បាន​រៀន​សូត្រ​ជំនាញ​បច្ចេកទេស​មែន​នោះ បាន​ប្រាប់​តាម​អ៊ីមែល​ថា៖ "Don Bosco តម្រូវ​ឲ្យ​សិស្ស​បង់​ថ្លៃ​វិភាគ​ទាន​តែ ១៥% នៃ​ថ្លៃ​ឈ្នួល​សាលា​ប៉ុណ្ណោះ ខណៈ​តម្លៃ​ឈ្នួល​ប្រចាំ​ឆ្នាំ​សម្រាប់​សិស្ស​ម្នាក់ គឺ ១ ២៥០ ដុល្លារ។ ប៉ុន្តែ បើ​សិស្ស​នោះ ក្រ​រហូត​ដល់​គ្មាន​ប្រាក់​បង់ យើង​នឹង​ផ្ដល់​អាហារូបករណ៍ ១០០% ទាំង​ថ្លៃ​សិក្សា ទាំង​ប្រាក់​ខែ​ប្រចាំ​ខែ ទាំង​ថ្លៃ​សម្ភារៈ​សិក្សា បន្ទាប់​ពី​ស៊ើបអង្កេត​ថា​ពិត​ជា​ក្រ​មែន"។

Don Bosco ដំណើរ​ការ​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩១ មក​ម្ល៉េះ ជា​ស្ថាប័ន​មិន​ស្វែង​រក​ប្រាក់​ចំណូល និង​បណ្ដុះ​បណ្ដាល​សិស្ស​ក្រីក្រ​ឲ្យ​មាន​ជំនាញ​បច្ចេកទេស ដូចជា យានយន្ត អេឡិចត្រូនិក កុំព្យូទ័រ អគ្គិសនី មេកានិច បោះពុម្ព៕

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម