ថ្ងៃ​នេះ​កាល​ពី ៧៦​ឆ្នាំមុន ជប៉ុន​បាន​ទាញ​អាមេរិក​ចូល​សង្គ្រាម​លោក​លើក​ទី ២

  • 2017-12-07 12:05:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ ៧៦​ឆ្នាំមុន ថ្ងៃ​នេះ យន្តហោះ​ចម្បាំង​ជប៉ុន​បាន​បើក​ប្រតិបត្តិ​ការ​ទម្លាក់​គ្រាប់​បែក​លើ កំពង់ផែ​យោធា Pearl Habour របស់​សហរដ្ឋ​អាមេរិក ដែល​ជា​កត្តា​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​រុញ​ច្រាន​អាមេរិក​ឲ្យ​ប្រឡូក​ចូល​ក្នុង​សង្គ្រាម​លោក​លើក​ទី ២ ដែល​បាន​ឆាប​ឆេះ​តាំង​ពី​ឆ្នាំ ១៩៣៩មក។

ក្នុង​ថ្ងៃ​អាទិត្យ ទី៧ ធ្នូ ឆ្នាំ ១៩៤១ វេលា​ពេល​ព្រឹក យន្ត​ហោះ​ចម្បាំង​ជប៉ុន​ចំនួន ៣៦០ គ្រឿង​បាន​ធ្វើ​ការ​ទម្លាក់​គ្រាប់​បែក​ផ្ទួន​ៗ​គ្នា ជា​ច្រើន​គ្រាប់ ទៅ​លើ​ផែ​យោធា​របស់​សហរដ្ឋ​អាមេរិក Pearl Habour ក្នុង​ទឹក​ដី​ហាវៃ។ ហេតុ​ការណ៍​នេះ បាន​ធ្វើ​ឲ្យ​ទាហាន​អាមេរិក​ចំនួន​ជាង ២៤០០ នាក់​បាន​ស្លាប់ និង​១២០០ នាក់​ទៀត​បាន​រង​របួស ខណៈ​យន្ត​ហោះ​ចម្បាំង​ចំនួន​ជាង​ ២០០ គ្រឿង និង​នាវា​ចម្បាំង​ធំៗ​អាមេរិក​ជិត ២០​គ្រឿង​ទៀត ត្រូវ​បាន​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ។ អាមេរិក​ក៏​បាន​តប​ត​ទៅ​នឹង​ការ​ប្រយុទ្ធ​ដែល​មិន​ប្រកាស​មុន​របស់​ភាគី​ជប៉ុន​នេះ​ដែរ ដោយ​បាន​បាញ់​ធ្លាក់​យន្ត​ហោះ​ជប៉ុន​ចំនួន ៣០ គ្រឿង ពន្លិច​នាវា​មុជ​ទឹក​ចំនួន ៥ គ្រឿង ដែល​នេះ​បាន​បណ្ដាល​ឲ្យ​ទ័ព​ជប៉ុន​ជិត​ ១០០​នាក់​បាន​ស្លាប់។

ការ​ទម្លាក់​គ្រាប់​បែក​នេះ កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ចរចា​ជា​ច្រើន​ដង​រវាង​ភាគី​ទាំង​ពីរ​ស្ដី​ពី​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សំណាក់​អាមេរិក​ទៅ​លើ​ជប៉ុន។ ក្នុង​កំឡុង​ឆ្នាំ ១៩៣០ អាមេរិក​បាន​ធ្វើ​ការ​ចាត់​វិធាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​ជប៉ុន ដោយ​ក្នុង​នោះ​មាន​ការ​បិទ​មិន​ឲ្យ​មាន​ការ​លក់​ប្រេង​ទៅ​កាន់​ប្រទេស​អាស៊ី​មួយ​នេះ ដែល​ពេល​នោះ​បាន​លើក​ទ័ព​ឈ្លាន​ពាន​ចិន។ ប្រេង​ជា​ធនធាន​សំខាន់​សម្រាប់​ជប៉ុន​ក្នុង​ការ​បន្ត​មហិច្ឆតា​យោធា​របស់​ខ្លួន។ ដូច្នេះ​ការ​បិទ​មិន​លក់​ប្រេង​ពី​ភាគី​អាមេរិក ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​នយោបាយ​វាតទី​របស់​ជប៉ុន។ ហេតុ​នេះ​ ដោយ​ចរចា​មិន​ត្រូវ​គ្នា​ជា​ច្រើន​សា​អំពី​រឿង​នេះ​ ជា​កត្តា​មួយ​ធ្វើ​ឲ្យ​ជប៉ុន​សម្រេច​ធ្វើ​សកម្មភាព​វាយ​ប្រហារ​បែប​នេះ​តែ​ម្ដង។

ការ​បើក​ប្រតិបត្តិការ​ប្រយុទ្ធ​ដ៏​ភ្ញាក់​ផ្អើល​មួយ​នេះ​ពី​សំណាក់​របប​យោធា​ជប៉ុន បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ សម្រេច​ប្រកាស​សង្គ្រាម​ជា​ផ្លូវ​ការ​ជាមួយ​ជប៉ុន នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​ហេតុ​ការណ៍​នេះ។ ក្រោយ​មក​ បន្ទាប់​ពី​អាល្លឺម៉ង់ និង​អ៊ីតាលី​ដែល​ជា​សម្ព័ន្ធ​មិត្ត​ជប៉ុន​បាន​ប្រកាស​សង្គ្រាម​ជាមួយ​ខ្លួន អាមេរិក​ក៏​តប​ត​វិញ​តាម​រយៈ​ការ​ប្រកាស​សង្គ្រាម​ទៅ​វិញ ដែល​នេះ​បាន​បើក​ផ្លូវ​ឲ្យ​អាមេរិក​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​លោក​លើក​ទី ២​ជា​ផ្លូវ​ការ៕

ប្រភព៖ History   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម