ធាត់​ពេក Human Ken Doll ចង់​​កាត់​ឆ្អឹង​ជំនីរ​៦​កង់​ចេញ​ដើម្បី​ឲ្យ​ស្គម

  • 2017-12-08 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ជប់​លៀង​បុណ្យ​ណូអែល​​ក្នុង​ផ្ទះ​របស់​តារា​កម្មវិធី​ទូរទស្សន៍ Human Ken Doll ត្រូវ​បាន​លុប​ចោល​ដោយ​សារ​តែ​​លោក​​ចង់​​ចំណាយ​​លុយ​ទាំង​ប៉ុន្មាន​លើ​ការ​វះ​កាត់​រូប​រាង​ឲ្យ​បាន​ស្គម​ឡើង​វិញ។

តារា​កម្មវិធី​ទូរទស្សន៍​បាន​ប្រាប់ ​វិប​សាយ​ Mirror ថា៖ "ខ្ញុំ​ត្រូវ​លុប​ការ​អញ្ជើញ​ទាំង​ប៉ុន្មាន​ចោល​ព្រោះ​​ខ្ញុំ​ដូចជា​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ចំពោះ​រូបរាង​ខ្ញុំ​ឥឡូវ​នេះ​ទេ។ ខ្ញុំ​បាន​លុប​ចោល​កម្មវិធី​ជប់​លៀង​បុណ្យ​ណូអែល​​ចោល ​ព្រោះ​តែ​ឈុត​សំលៀក​បំពាក់​​​ទាំង​ប៉ុន្មាន​ ខ្ញុំ​ពាក់​លែង​ត្រូវ​ហើយ ហើយ​ខ្ញុំ​​មិន​ចង់​ទទួល​យក​ការ​ពិត​ថា​ខ្ញុំ​នឹង​ធាត់​ជាង​នេះ​ទៀត​ទេ"។

តារា​វ័យ​៣៤​ឆ្នាំ​រូប​នេះ ទើប​តែ​យក​ជាតិ​ពុល​ក្នុង​ខ្លួន​ចេញ​នៅ​ឯ​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្មី​ៗ​នេះ​​ព្រោះ​លោក​ជឿ​ថា​វា​អាច​ជួយ​សម្រក​គីឡូ​បាន។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​​នៅ​តែ​​គិត​ខ្លាច​ថា​រូប​រាង​របស់​លោក​នឹង​ត្រឡប់​ទៅ​ដូច​​ពេល​ដែល​មិន​ទាន់​វះ​កាត់​វិញ អាច​និយាយ​បាន​ថា​ធាត់​​ខ្លាំង​ និង​គ្មាន​រាងរៅ។

ដូចនេះ​ ដើម្បី​កុំ​ឲ្យ​បាន​បញ្ហា​នេះ​កើត​ឡើង តារា​រូប​នេះ​មាន​គម្រោង​កាត់​ឆ្អឹង​ជំនីរ​៦​កង់​ចោល​ក្នុង​ឆ្នាំ​ថ្មី​នេះ ទោះ​ជា​លោក​រក​បាន​គ្រូពេទ្យ​ដែល​​ទទួល​​ព្រម​វះ​កាត់​ឲ្យ​លោក​តែ​៤​កង់​ក៏​ដោយ។

"ឆ្អឹងជំនីរ​របស់​ខ្ញុំ​ចាប់​ផ្ដើម​រីក​ធំ ហើយ​ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​កាត់​វា​៦​កង់​ចោល​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ខែ​មករា​ក្នុង​ទី​ក្រុង Beverly Hills។ ឆ្អឹង​ជំនីរ​ខ្ញុំ​៤​កង់​ជា​ឆ្អឹង​អណ្ដែត វា​គ្មាន​អី​សំខាន់​ត្រូវ​ប្រើប្រាស់​នោះ​ទេ ដូច្នេះ​​វា​ស្រួល​ក្នុង​ការ​កាត់​ចេញ។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ គឺ​​​ត្រូវ​តែ​មាន​រូប​រាង​អស្ចារ្យ​ក្នុង​ឆ្នាំ​២០១៨ ហើយ​និង​មាន​​ចង្កេះ​ដ៏​តូច​ដែល​ស័ក្ដិសម​ជាមួយ​​ម៉ូដ​សម្លៀកបំពាក់​ថ្មី​របស់​ខ្ញុំ"។ តារា​កម្មវិធី​ទូរទស្សន៍​រូប​នេះ​បន្ថែម។

បើ​គិត​មក​ដល់​ពេល​ឥឡូវ​នេះ Rodrigo Alves ​បាន​ឆ្លង​កាត់​ការ​វះកាត់​ចំនួន​ ៥១​ដង​ហើយ​ រួម​មាន​ ការ​វះ​កាត់​ច្រមុះ​ចំនួន​១០​ដង ការ​វះ​លើក​ត្រគាក វះ​កាត់​ចាក់​ស៊ីលីកូន​យក​សាច់​ដុំ​៨​កង់​ និង​​ការ​បណ្ដុះ​សក់​ដែល​សរុប​ការ​ចំណាយ​ទាំងអស់​ គឺ​ច្រើន​ជាង​៤៣៨ ៩១២ ដុល្លារ ទៅ​ទៀត៕ ​​

ចុចអាន៖ មក​មើល​មុខ​តារា​ទូរទស្សន៍ Human Ken Doll មុន​វះ​កាត់​​​យ៉ាង​ម៉េច​ទៅ?

ប្រភព៖ Mirror   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម