រដូវធ្លាក់​ខ្យល់​ អ្នក​លក់​ខ្លែង​ញញឹម​បិទមាត់​លែងជិត​

  • 2017-12-08 09:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ក្រៅពី​រត់​កង់​បី ខ្ញុំ​លក់​ខ្លែង​ហ្នឹង​ឯង មួយ​ថ្ងៃ​ៗ​លក់​បាន​ប្រាក់​ជាង​១០​ម៉ឺន​រៀល​ដែរ»នេះជា​សម្តីរបស់​បុរស​វ័យ៣៥​ឆ្នាំ ម្នាក់​កំពុង​រៀប​ចំកន្លែង​ដាក់​តាំង​ខ្លែងលក់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ២​​ក្បែរ​រង្វង់​មួលកួរស្រូវ​ ក្នុងខណ្ឌដង្កោ​។

(លោក ជេត ភារ៉ែន កំពុង​រៀបចំខ្លែង​លក់​នៅតាម​បណ្តោយផ្លូវជាតិ​លេខ២​​ក្បែរង្វង់​មូលកួរស្រូវ)

លោក ជេត ភារ៉ែន រៀប​រាប់​ថា​ពីរ​ទៅ​បីថ្ងៃ​ម្តង​លោក​បញ្ជាទិញ​ខ្លែង​ដែល​ផលិត​នៅ​ប្រ​ទេស​វៀត​ណាម​ជាង​១០០​ខ្លែង​តាមរយៈ​ឈ្មួញ​វៀតណាម​នៅ​កម្ពុជា។ លោក​លើក​ពីគុណ​សម្បត្តិ​របស់​ខ្លែង​ដែល​ផលិត​នៅ​ប្រ​ទេស​វៀតណម​នេះ​ថា​ធ្វើ​ជាប់​បាន​ល្អ ធន់នឹង​ទឹក​មិន​ងាយ​ខូច និង​មាន​​ចាក់​ពណ៌​ជាប់​បាន​ល្អទៀត​ផង​។​

(ខ្លែងដែលចងព្យួរ​សម្រាប់​លក់​)

លោក​បន្ថែមថា៖ «បងមើល​គេដេរសុទ្ធតែម៉ាស៊ីន...ជាប់​ ចាក់​ពណ៌​បាន​ល្អ មិន​ចេញពណ៌​ទេ​»។

លោក​បន្តថា​ក្មេង​ៗចូលចិត្ត​ទិញ​ខ្លែង​ទាំងនេះដើម្បី​បង្ហោះលេង ដោយថា​ខ្លែង​មួយ​លោក​លក់​ក្នុង​តម្លៃ​ចន្លោះពី​៤ ០០០​រៀល ទៅ​២០ ០០០រៀល​ទៅ​តាម​ប្រ​ភេទ​នៃខ្លែងធំឬតូច។ យ៉ាងណាមិញលោក​ថា​ក្នុង​ខ្លែង​មួយ​លោក​ចំណេញបាន​ចន្លោះពី​៥០០រៀល ទៅ​២ ០០០រៀល។

លោក​បន្ថែមថាៈ «ទំនេរពីរត់​កង់​បី ក៏លក់​ខ្លែងនេះទៅ បើ​មាន​ម៉ូយ​ដឹកក៏ដឹកទៅ តែបើអត់ក៏​នៅលក់​ខ្លែង...​ព្រោះប្រពន្ធ​នៅលក់​ទឹក​សុទ្ធជិត​ហ្នឹង»។

របរ​លក់​ខ្លែង​នេះ​ លោ​ក ភារ៉ែន​ ថា​លោក​ចាប់​ផ្តើម​លក់​ពីខែ​កញ្ញា ទៅ​ដល់​ខែ​កុម្ភៈ ជា​រៀង​រាល់ឆ្នាំ​ ហើយ​របរនេះ​ទៀតសោត​លោកថា​លោក​លក់​តាម​ជន​ជាតិវៀតណាម​ដែល​ដើរ​លក់ខ្លែង​នៅតាម​ភូមិ​របស់​លោក​ និង​ក្រោយពីឃើញថា​ក្មេងៗ និងអ្នក​ដំណើរ​ចូលចិត្ត​ទិញ​ខ្លែង​ប្រភេទ​នេះ​ឲ្យកូន​របស់​ពួកគេ​៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម