បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ម្នាក់​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់ ដោយ​សារ​ញ៉ាំ​អាហារ​សល់​ពី​ភ្ញៀវ

  • 2017-12-09 08:22:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​អូតេស​បម្រើ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន Urumqi Air ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​បន្ទាប់​ពី​​ឃើញ​វីដេអូ​នាង​ញ៉ាំ​អាហារ​សល់​ពី​​ភ្ញៀវ​ធ្វើ​ដំណើរ​លើ​យន្តហោះ ដែល​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​នេះ​ធ្វើ​ឲ្យ​មាន​​ប្រតិកម្ម​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ដោយ​ចោទ​ជា​សំនួរ​ថា​តើ នាង​បាន​ធ្វើ​អ្វី​ខុស ដោយ​គ្រាន់​តែ​ញ៉ាំ​អាហារ​សល់។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The South China Morinig Post នា​ពេល​ថ្មីៗ​នេះ។

តាម​រយៈ​វីដេអូ​​បាន​បង្ហាញ​ថា អាហារ​សល់​ពី​ភ្ញៀវ​មាន​ចំនួន​១៥​​ប្រអប់ ហើយ​នាង​ញ៉ាំ​១​ប្រអប់។ ក្រុមហ៊ុន​អាកាសចរណ៍​ខាង​លើ​បាន​ចេញ​សេចក្តី​​ថ្លែងការណ៍​ថា អ្នក​ញ៉ាំ​នោះ​គឺ​ជា​បុគ្គលិក​របស់​ខ្លួន ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ហើយ ដោយ​យោល​លើ​ហេតុផល​ថា​វា​ជា​ឥរិយាបទ​មិន​សមរម្យ និង ដើម្បី​កុំ​ឲ្យ​មាន​រឿង​ដូច្នេះ​កើត​ឡើង​ទៅ​ថ្ងៃ​មុខ​ទៀត។

"​អាហារ​សល់​នឹង​ត្រូវ​បោះ​ចោល វា​ខុស​ស្អី​ដែល​នាង​គ្រាន់​តែ​ញ៉ាំ​វា? អ្នក​លួច​ថត​វីដេអូ​ហ្នឹង​ទៀត​សោត បែប​មាន​បញ្ហា​សរសៃ​ប្រសាទ​ហើយ"។ អ្នក​ប្រើ​ប្រាស់​​បណ្តាញ​សង្គមម្នាក់​​បាន​សរ​សេរ​៕

ប្រភព៖ South China Morning Post   ប្រែ​សម្រួល៖ សុខ លាងហ៊ត