អតីត​កីឡាករ Paris ​និង Dijon ​ថា​មក​កម្ពុជា ​ដើម្បី​ឈ្នះ​បឹង​កេត

  • 2017-12-12 06:17:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chaher Zarour ​ខ្សែ​ការពារ​របស់​ក្លឹប​ Sanna Khánh Hòa BVN F.C ​បញ្ជាក់​ថា​ការ​មក​កម្ពុជា​លើក​នេះ​គឺ​ដើម្បី​ទទួល​ជ័យជម្នះ​ត្រលប់​ទៅ​វិញ ​ក្នុង​ការ​ប្រកួត​ជាមួយ​បឹង​កេត ​ពាន​រង្វាន់ Toyota Mekong Cup ​ស្អែក​នេះ។

Chaher Zarour កីឡាករចាប់ដៃជាមួយ ចាន់ វឌ្ឍនាកា

Zarour ​ជា​កីឡាករ​បារាំង​ដែល​ធ្លាប់​បាន​លេង​ឱ្យ​ក្លឹប Paris , Cannes ​និង Dijon ​ជា​ដើម។ ខ្សែ​ការពារ​មាឌ​ធំ​ម្នាក់​នេះ ​ទើប​តែ​ចូល​រួម​ជាមួយ​ក្លឹប​វៀតណាម​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ​ហើយ​រក​គ្រាប់​បាល់​បាន​៥​គ្រាប់​ដែរ ​ក្នុង​នាម​ជា​ខ្សែ​ការពារ។ ស្ថិត​ក្នុង​វ័យ​៣៤​ឆ្នាំ ​ប្រធាន​ក្រុម​របស់​ក្លឹប Sanna Khánh Hòa BVN F.C ​បាន​បញ្ជាក់​ថា​រូបគេ​មក​កម្ពុជា​លើក​នេះ គឺ​ដើម្បី​យក​ជ័យជម្នះ​ត្រលប់​ទៅ​វិញ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ដ។

ស្រ​ដៀង​គ្នា​នេះ​ដែរ ​លោក Võ Đình Tân ​គ្រូ​បង្វឹក​របស់​ក្លឹប​វៀតណាម​ក៏​រំពឹង​លទ្ធផល​ល្អ​ដូច​គ្នា​ក្នុង​ការ​ប្រកួត​ស្អែក​នេះ ​ត្បិត​អី​លេង​នៅ​ទឹក​ដី​កម្ពុជា​នឹង​កាន់​តែ​ពិបាក​សម្រាប់​ក្រុម​របស់​លោក​ក៏​ដោយ។ គ្រូ​បង្វឹក​រូប​នេះ​មើល​ឃើញ​ថា​បឹង​កេត​មាន​កីឡាករ​ល្អ​ៗ​ច្រើន ជា​ពិសេស​ការ​ប្រយុទ្ធ​របស់​ពួកគេ​ក៏​លឿន​ថែម​ទៀត ​ដូច​ដែល​បាន​ឃើញ​ស្រាប់​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ដែល​អាច​ស៊ុត​គ្នា​បាន​ដល់​ទៅ ៤-៤។

បឹង​កេត​នឹង​ស្វាគមន៍​ក្រុម​វៀតណាម​ខាង​លើ​នេះ ​វេលា​ម៉ោង​៧:០០​ល្ងាច​ស្អែក ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Toyota Mekong Cup ។ ដោយ​ក្លឹប​ណា​ឈ្នះ​នឹង​ឡើង​ទៅ​វគ្គ​បន្ដ ខណៈ​ដែល​ក្លឹប​ណា​ចាញ់​គឺ​ហាល​អាវ​ត្រឹម​នេះ តែ​បាន​រង្វាន់​១​ម៉ឺន​ដុល្លារ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម