ពីអ្នក​ដាំកញ្ឆែត មក​ជា​អ្នក​ស៊ីឈ្នួល​កាត់​កញ្ឆែតវិញ​ ដោយ​ហេតុ​ផល​ទាំងនេះ​

  • 2017-12-12 08:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ជាយ​រាជធានី​ភ្នំពេញ​ភាគ​ខាងត្បូង​អមសងខាង​ផ្លូវ​៦០ម៉ែត្រ​ នៅលើ​ផ្ទៃបឹង​ដ៏ធំល្វឹង​ល្វើយ​ កសិករ​ជា​ច្រើន​គ្រួសារ​បាន​ជួល​ផ្ទៃ​បឹងនោះ​ដើម្បី​ដាំ​ត្រកួន ឬ​កញ្ឆែត​ដើម្បី​លក់​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក។​

ទោះ​យ៉ាង​ណា​ ការ​ជួល​ផ្ទៃបឹង​ពីក្រុម​ហ៊ុន​​ប្រហែល​មួយ​លាន​រៀល​ក្នុង​មួយ​ហិកតា​សម្រាប់​រយៈ​ពេល​មួយឆ្នាំ​​​ដើម្បី​ដាំ​បន្លែ​ទាំង​នេះ​មិន​ប្រាកដ​ថា​ទទួលបាន​ប្រាក់​ចំណេញ​គ្រប់​ពេល​នោះ​ទេ ​បើសិនជា​កសិករ​មិន​មាន​ដើមទុន​ក្រាស់​ក្រែល​ទុក​សម្រាប់​ទប់​​ពេល​តម្លៃ​បន្លែ​ចុះថ្លៃ​ ឬត្រូវ​សត្វ​ល្អិត​បំផ្លាញ​។

(ប្រពន្ធលោក សួង ផល បោះ​ដុំ​កញ្ឆែត​ឲ្យ​លោក សួស ផល ដើម្បី​កាត់ឫស)

ជាក់ស្តែង​លោក សួស ផល ជា​កសិករម្នាក់​ធ្លាប់​បាន​សាក​ល្បង​ដាំបន្លែកញ្ឆែត​នេះនៅ​លើ​ផ្ទៃ​បឹង​​ប្រហែល​ជា​ពីរ​ហិចតាកាលពីជាង​មួយ​ឆ្នាំ​មុន ប៉ុន្តែ​លោក​មិន​បាន​ទទួល​ផល​ជំនេញ​ទេ ផ្ទុយ​មក​វិញ​លោក​ខាត​ដើម​យ៉ាង​ធ្ងន់ធ្ងរ។ ខាតដើម​ត្រង់​ថា​ដំណាំ​កញ្ឆែត​នៅពេល​នោះធ្លាក់​ថ្លៃ​ទាបជាង​១ ០០០រៀល​ក្នុង​មួយ​គីឡូ​ក្រាម។

លោក​បន្ថែម​ថាៈ «កញ្ឆែតធ្លាក់ថ្លៃ លក់​ខាត...យើងបោះឲ្យ​ឈ្មួយ​កណ្តាល អត់មាន​កន្លែងលក់ដូចគេ​...​ម្យ៉ាង​ពេល​ហ្នឹង​កញ្ឆេត​នាំចូល​ក៏មាន​ច្រើន​ហើយ​ធូរថ្លៃជាង​កញ្ឆេត​ផលិត​ក្នុងស្រុក​ផង»។

(លោក សួស ផល កំពុង​កាត់​ឫស​កញ្ឆែត)

កំពុងតែញាប់​ដៃ​កាត់​ឫសកញ្ឆេត​ផង លោក សួង ផល ថ្លែង​បន្ត​ថា​លោក​បាន​បោះបង់​ការដាំ​កញ្ឆែត​នេះ ដោយថា​មិនមាន​ដើមទុន​គ្រប់គ្រាន់ និង​ម្យ៉ាង​លោក​ថា​ការខាត​កាលលើក​មុន​ធ្វើឲ្យ​លោក​ជំពាក់​គេជាង​មួយ​ម៉ឺន​ដុល្លារ​។

លោកបន្តថាៈ «យើងខ្ចីគេ​ធ្វើដើម ដ៏លក់​ខាតជំពាក់គេ បូកទាំងការ​ទាំងដើម ជាងមួយ​ម៉ឺន​ដុល្លារ»។ លោក​អះអាងថា​អ្នកដែល​មាន​លទ្ធភាព​នៅ​បន្ត​ការ​ដាំដុះនេះ​បាន​ដោយ​សារអ្នកទាំង​នោះ​មាន​ទុន​ច្រើន និង​ម្យ៉ាងទៀត​មាន​កន្លែង​សម្រាប់​លក់​ដោយ​ខ្លួន​ឯង​ផង។

(លោក សួស ផល និង​កូនប្រុស​កំពុង​លើក​ញ្ឆែតចងជាដុំថ្លឹង​គីឡូដើម្បី​គិត​ជាសាច់ប្រាក់ ដោយ​មួួ​យ​គីឡូក្រាម​បាន​ថ្លៃឈ្នួល​៤០០​រៀល)

ម្យ៉ាងទៀត​ដំណាំកញ្ឆែត​នេះ​ក៏ប្រ​ឈមខ្លាំង​ដែរ​ពី​ការ​ទន្រាន​ពីសំណាក់​សត្វខ្យង បើ​ទោះបីជា​កសិករ​បាន​យក​សំណាញ់ព័ន្ធ​កសិដ្ឋាន​បន្លែរបស់​ខ្លួន​ក៏ដោយ​ក៏​នៅតែ​សត្វខ្យងទាំងនេះ​អាចចូល​ស៊ី​បំផ្លាញ​បាន​ដែរ។ នេះបើតាម​ការ​រៀបរាប់របស់​លោក សួស​ ផល។​​

បច្ចុប្បន្ន​លោក សួស ផល និង​ភរិយា រួមទាំងកូន​​ប្រុស​ម្នាក់​ផង​បាន​ងាក​មក​ស៊ីឈ្មួល​កាត់​កញ្ឆេត​ឲ្យ​គេ​វិញ​ម្តង​ដោយ​ក្នុង​មួយ​គីឡូក្រាម​លោក​បាន​ទទួល​កម្រៃ​៤០០​រៀល។ លោក​បញ្ចាក់ថា​កាត់​ម្តង​អាច​បាន​ជាង​១០០គីឡូក្រាម ឬលើសពីនេះ​អាស្រ័យលើ​ម្ចាស់​ដំណាំកញ្ឆែត​ឲ្យ​កាត់​តិច​ឬ​ច្រើន​។

(កសិករម្នាក់កំពុងជិះទូកកាត់​កញ្ឆែត​ដែលលូតលាស់​មិន​សូវល្អ ដោយ​ទំនងជាត្រូវសត្វខ្យង​បំផ្លាញ)

ក្រៅពី​របរ​នេះ ប្រពន្ធលោក សួស ផល បាន​ឆ្លៀត​ប្រ​កប​របរ​លក់​ត្រី​មួយ​មុខ​ទៀត​ដើម្បី​បាន​ចំណូល​ផ្គត់​ផ្គង់​គ្រួសារ​ និង​សង់​បំណុល​ដែល​នៅ​ជំពាក់គេ​កាលពី​ដាំកញ្ឆែត​ដោយ​ខ្លួន​ឯង​កាល​ពី​លើក​មុន​។

និយាយ​ដល់​រឿង​ដាំ​កញ្ឆែត​នេះ ពេល​សួរថា​តើ​លោក​ចង់​ដាំឡើង​វិញ​ទេ លោក​បាន​សើច​ហើយ​និយាយ​ថា​លោកសុខចិត្ត​នៅស៊ីឈ្នួល​គេវិញ​ល្អជាង​ព្រោះថាបានកម្រៃគ្រាន់​បើ និងម្យ៉ាង​មិន​ទាន់​ចង់​ប្រ​ថុយទៀតនោះទេ ដោយថា​បំណុល​ចាស់​នៅ​មិន​សង​រួច​នៅ​ឡើយ​។

បើ​តាម​​លោក សួស​ ផល តម្លៃ​កញ្ឆែត​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​ប្រហែលជា​​២ ០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ឬ​អាច​ប្រែ​ប្រួល​ខុស​នេះ​បន្តិចបន្តួច៕

អត្ថបទ៖ ទូច សុខា