ទម្រង់​ល្ខោន​គែន​ សិល្បៈ​ដែល​ប្រជា​ពលរដ្ឋ​មិន​ធ្លាប់​ស្គាល់​

  • 2017-12-13 07:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បៈ​ល្ខោន​គែន​ ប្រិយមិត្ត​​មិនធ្លាប់​បានស្គាល់​ និង​មិន​សូវ​បាន​ទស្សនាឡើយ។ ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​ធ្លាប់​តែ​ឃើញ​របាំ​គែន​ តែ​ប្រហែល​មិន​ដែល​បាន​ឃើញ​​ល្ខោន​គែន​ទេ! ចង់​ដឹង​ថា​ល្ខោន​គែន​ខ្មែរ​មាន​លក្ខណៈ​ល្អ​ពិសេស​យ៉ាង​ណាខ្លះ?​​​​​

ល្ខោន​គែន​ជា​ទម្រង់​សិល្បៈ​បុរាណ​​មួយ​មាន​​វត្តមាន​ក្នុង​ព្រះ​បរម​រាជ​វាំង​ក្នុង​រាជ​ព្រះ​បាទ​នរោត្តម​សី​ហនុ (ព្រះ​បរម​រតន​កោដ្ឋ​) ក្នុង​ឆ្នាំ​ ១៩៤១ ដល់​១៩៥៥។ ​​ល្ខោន​គែន​ជា​ទម្រង់​ល្ខោន​ច្រៀង​រាំ​បែប​បុរាណ ដែល​រាំ​ដោយ​មនុស្ស​ស្រី​សុទ្ធ​​។ ចំណែក​​អ្នក​សម្តែង​ត្រូវ​ច្រៀង ​និង​និយាយ​ខ្លួនឯង​ ដោយ​យក​កាយ​វិការ​របស់​ល្ខោន​ព្រះរាជទ្រព្យ​ជា​ក្បាច់​បាត​របស់​ខ្លួន​។

ដោយ​ឡែក​​គែន​ជា​ឧបករណ៍​ផ្លុំ គេ​សង្កេត​ឃើញ​ថា​មាន​ប្រើ​ក្នុងអម្បូរ​មន​ខ្មែរ​ ដែល​នៅ​ប្រើ​ភាគច្រើន​មាន​តែ​អ្នក​ដែល​នៅ​តំបន់​​ភ្នំ​ប៉ុណ្ណោះ​។ គែន​ជា​ឧបករណ៍​ធ្វើ​ដោយឫស្សី​តូច​មក​​បិត​ផ្អឹប​​គ្នា​ មាន​រូប​រាង​វែង​ខ្លី​។ បច្ចុប្បន្ន​​​ឧបករណ៍​នេះ​បាន​ក្លាយ​ជាឧបករណ៍​តំណាង​របស់​ជន​ជាតិ​ឡាវ​ទៅ​ហើយ​។ ​​​ ប្រវត្តិ​ល្ខោន​គែន

​ តាម​ឯកសារ​បង្ហាញ​ថា​ វត្តមាន ល្ខោន​គែន​ក្នុង​ទឹក​ដី​កម្ពុជា​ មានតែ​ការ​និទាន​ត​គ្នា​ពី​រូ​ចាស់ៗ​នៃ​ក្រុម​របាំ​ព្រះ​រាជ​ទ្រព្យ​ដែល​ធ្លាប់​បាន​ហាត់​រៀន​​ប៉ុណ្ណោះ។ ដោយ​ចាស់​ទុំបាន​រៀប​រាប់​ថា​ មាន​គ្រូ​ល្ខោន​គែន​ជន​ជាតិ​ឡាវ​៤​​នាក់​ឈ្មោះ​ ឃុន​ សុំ​ជីង, ឃុន ប៊ួ, ឃុន អេន និងឃុន ផែន បាន​មក​បង្ហាត់​ល្ខោន​នេះ​ដល់​សិល្បការិនី​ខ្មែរ​ក្នុង​ព្រះ​បរមរាជ​វាំង​ក្នុង​អំឡុង​ឆ្នាំ​១៩៤៥​។

ល្ខោន​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​អំពី​ល្ខោន​ឡាំ​របស់​ឡាវ​ ដែល​ការ​សម្ដែង​នៅ​​ក្រុង​វៀង​ច័ន្ទ និង​ទី​ដទៃ​ទៀត​ក្នុង​ប្រទេស​ឡាវ​សព្វ​ថ្ងៃ​ ដែល​អ្នក​សម្តែង​មាន​ស្រី​មាន​ប្រុស​ ហើយ​យក​ឧបករណ៍​គែន​ទៅ​ប្រគំ​ជា​មួយ​​វង់​តន្រ្តី​សម័យ​។ ចំ​ណែក​កម្ពុជា​សម្ដែង​តែ​ស្រី​សុទ្ធ​ ហើយ​ប្រើ​គែន​ជា​មួយ​ឧបករណ៍តន្រ្តី​​បុរាណ​ខ្មែរ។

​​​ ឧបករណ៍​តន្ត្រី​

-គែន​ចំនួន៤ (គែន​ពី​សំឡេង​ធំ​គ្រ​ល ​ទៅ​សំឡេង​តូច​ស្រួយ)

-រនាតធុង

-រនាតឯក

តាខេ(ក្រពើ) ទ្រអ៊ូ ទ្រសោ ទ្រឆេ ក្រាប់ ឈឹង ស្គរ​ថូន​រមនា សម្ភោរ ដែល​ភាគ​ច្រើន​ប្រគុំ​ជា​ភ្លេង​មហោរី​ ដោយ​ខ្ចី​បទ​នោះ​មក​សម្ដែង​។​​

សម្លៀក​បំពាក់​

​​គេ​ស្លៀក​ពាក់​បែប​បុរាណ​ ដូច​ល្ខោន​បុរាណ​ដែរ​ ប៉ុន្តែ​ប្រើ​គ្រឿង​តូច​ៗ គឺ​ស្លៀក​​សំពត់​ក្បិន​ ឬសំពត់​សម្លុយ​ ឯ​អាវ​វិញ​ពាក់​អាវ​ដៃ​វែង​ឬ​ខ្លី​រឹប​រាង​ និង​បង់​ក្រមា​។ ចំណែក​សក់​ជួន​កាល​គេ​ក៏​បួង​សក់​ រួច​ដាក់​ផួង​ផ្កា​។

​ក្នុង​ឯកសារ​បាន​បញ្ជាក់​ថា​ល្ខោន​គែន​នេះ​គេ​សម្ដែង​តែ​​ព្រះបរមរាជវាំង​សម្ដែង​ ដើម្បី​កែ​កម្សាន្ត​ ឬ​ពិធីបុណ្យ​នៃ​ព្រះរាជវាំង​តែ​ប៉ុណ្ណោះ​ ដូច្នេះ​ហើយ​ទើប​មាន​អ្នក​ស្គាល់​ ឬ​ចេះ​ចាំ​ទម្រង់​នេះ​តិច​តួច​ណាស់​។

រហូត​មក​ដល់​ឆ្នាំ​២០០០​ ទើបគណៈ​កម្មការ​ស្រាវជ្រាវ​រប្ប​ធម៌​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​​ដែល​មាន​លោក ​ពេជ្យ​ ទុំ​ក្រវិល ​ជា​ប្រធាន​ ​​និង​ដោយ​មាន​ជំនួយ​ពី​អង្គ​ការ​ UNESCO​ បាន​រៀប​ចំកម្ម​វិធី​ នេះ​ឡើង។ កម្មវិធីនោះបាន​អញ្ជើញ​គ្រូ​ដែល​ធ្លាប់​បាន​ហាត់​ល្ខោន​គែន​នេះ​នៅ​ព្រះ​បរមរាជ​វាំង​ពី​ជំនាន់​មុន​មាន​អ្នក​គ្រូ​ធាយ​ និង​អ្នកគ្រូ​ អ៊ុន​ បូ ឲ្យមក​បង្ហាត់​បង្រៀន​សិល្ប​ការិ​នី​ផ្នែក​របាំ​បុរាណ​នៃ​នាយ​កដ្ឋាន​សិល្បៈ​ហើយ​បាន​លើក​យក​អន្លើ​មួយ​នៃ​រឿង​ក្រៃ​ថោង​មក​សម្តែង​ជួន​ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ​ទស្សនា​ក្នុង​ទិវា​វប្ប​ធម៌​នោះ​នៅ​រោង​មហោ​ស្រ​ព​ចតុមុខ។ ​​​ ដកស្រង់​ពី​សៀវភៅ​​តន្រ្តី​របាំ​និង​ល្ខោន​ខ្មែរ របស់​ លោក​ឆេង ​ផុង​ និង​ លោក​ពេជ្យ​ទុំ ក្រវិល បោះពុម្ព​ឆ្នាំ​២០០៦៕​​​ ​​

អត្ថបទៈ ស្រីអូន

អត្ថបទពេញនិយម