មិន​ធម្មតា! អ្នក​ចូលរួម​ពិព័រណ៍​សៀវភៅ​ ៥ម៉ឺន​នាក់​ ទិញសៀវភៅគ្រប់ៗគ្នា

  • 2017-12-12 09:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី ៦ ក្នុង​ឆ្នាំ​២០១៧ បាន​បញ្ចប់​ទៅ​ដោយ​រលូន​នឹង​ទទួល​បាន​ជោគជ័យ​ដ៏​សម្បើម។ កាន់​តែ​ពិសេស​អ្នក​ចូលរួម​កើន​ឡើង​រហូត​ទៅ​ជិត ៤ម៉ឺន​នាក់​ឯណោះ ហើយ​ម្នាក់​ៗ​ត្រឡប់​ទៅវិញ​មាន​យួរ​សៀវភៅ​សំពីងសំពោង​សឹង​តែ​គ្រប់​ដៃ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រី ខ្លូត វិបុលឡា នាយិកា​បណ្ណាល័យ​ជាតិ។

អ្នកស្រី ខ្លូត វិបុលឡា

អ្នក​ស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា កំណើន​អ្នក​ចូលរួម​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ ជាក់​ស្ដែង​កាល​ពី​ឆ្នាំ ២០១៦ មាន​ចំនួន​ប្រមាណ​តែ​ជាង​ ២​ម៉ឺន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៧​នេះ​មាន​ការ​ចូលរួម​ច្រើន​លើស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត។ កំណើន​របស់​អ្នក​ចូលរួម​នេះ គឺ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា យុវជន​កម្ពុជា ប្រជាពលរដ្ឋ​ទាំង​អស់​ចាប់​ផ្ដើម​មាន​ទម្លាប់​ក្នុង​ការ​អាន​សៀវភៅ ហើយ​ក៏​ស្រប​ទៅ​នឹង​គោល​បំណង​នៃ​ការ​កម្មវិធី ដែល​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​មាន​ទម្លាប់​ក្នុង​ការ​អាន​សៀវភៅ ក្រៅ​ពី​ទម្លាប់​ចំណាយ​ពេល​លើ​ប្រព័ន្ធ​អេឡិច​ត្រូនិក។

អ្នក​ស្រី​នាយិកា​បណ្ណាល័យ​ជាតិ លើក​ឡើង​ថា បើ​កាល​ណា​ប្រជាជន​មាន​ទម្លាប់​អាន​សៀវភៅ នោះ​កម្ពុជា​នឹង​មាន​ធនធាន​មនុស្ស​កាន់​តែ​ច្រើន​ពោរពេញ​ដោយ​ចំណេះ​ដឹង ព្រោះ​គ្មាន​ចំណេះដឹង​ណា​បាន​មក​ដោយ​មិន​បាន​អាន​ទេ។ ជា​ពិសេស​នោះ ក៏​ជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​ដល់​ស្នាដៃ​របស់​អ្នក​និពន្ធ​អក្សរសិល្ប៍ ក៏​ដូច​ជា​អ្នក​រៀបរៀង​ទាំង​អស់​ឲ្យ​មាន​កម្លាំង​ចិត្ត​ធ្វើ​កិច្ចការ​ដ៏​មាន​ប្រយោជន៍​ជូន​ជាតិ​នេះ​បន្ត​ទៀត។

ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៦ បាន​ប្រព្រឹត្តទៅ​កាល​ពី​ថ្ងៃ​ទី ៨ រហូត​ដល់​ថ្ងៃ​ទី ១០ ខែ​ធ្នូ នៅ​បណ្ណាល័យ​ជាតិ និង​ទទួល​បាន​ជោគជ័យ​គួរ​ជា​ទីមោទន​បំផុត៕ ​​​

អត្ថបទ៖ វឌ្ឍនៈ